សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនដែលមានសមាជិកជាង១លាននាក់គ្រោងពង្រីកការវិនិយោគលើវិស័យវាយនភណ្ឌនៅកម្ពុជា

        ដោយៈ ហ្វីអូណា

        ភ្នំពេញៈ សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលមានសមាជិកជាង១លាននាក់ បាន​បង្ហាញ​បំណងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា លើវិស័យវាយនភណ្ឌ។

បំណងនេះត្រូវបានបង្ហាញដោយ លោក Yoshihisa Suzuki ប្រធានគណៈកម្មាធិការ កិច្ចសហ​ប្រតិ​បត្តិ​ការ​ធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ក្នុងពេលអញ្ជើញចូលជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងជំនួបនោះ លោក Yoshihisa Suzuki បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលា ​ដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូចូលជួបសម្តែងការគួរសម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Yoshihisa Suzuki ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានយកចិត្ត​ទុកដាក់ក្នុងការគាំទ្រ ជានិច្ចចំពោះការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា។

លោកប្រធានគណៈកម្មាធិការ បានជម្រាបសម្តេចធិបតី ហ៊ុន ម៉ាណែត អំពីសកម្មភាពសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលជាស្ថាប័​នសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំក្នុងប្រទេសជប៉ុន ដែលបច្ចុ​ប្បន្ន​មាន​ការិ​យាល័យចំនួន៥១៥ និងមានសមាជិកសរុបជាង១,២៥លាននាក់ ដែលផ្តោតសំខាន់លើវិស័យ​វាយ​នភណ្ឌ គ្រឿងម៉ាស៊ីន និងលោហៈធាតុ ថាមពល សារធាតុគីមី អាហារ លំនៅឋាន បច្ចេកវិទ្យាព័ត៌មាន និងហិរញ្ញវត្ថុ។

លោកYoshihisa Suzuki ក៏បានជម្រាបសម្តេចអំពីសកម្ម​ភាព​វិនិយោគ​ ដែលមានស្រាប់នៅ​កម្ពុជា ​លើវិស័យ​វាយនភណ្ឌ​ ការផ្គត់ផ្គង់ឧស្ម័ន និងលើវិស័យកសិកម្ម​ ដែលផ្តោតសំខាន់លើ​ដំណាំល្ង​។

លោក Yoshihisa Suzuki បានបង្ហាញគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជាផងដែរ។ បើតាមលោក Yoshihisa Suzuki ដំណើរទស្សនកិច្ចនៅពេលនេះ មានបំណងស្វែងយល់ពីការអភិវឌ្ឃសេដ្ឋកិច្ច និងកាលានុវត្តភាព ​សម្រាប់ការវិនិយោគនៅកម្ពុជា ជាពិសេសការពង្រីក ការវិនិយោគលើវិស័យវាយនភណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារៈវាយនភណ្ឌ ដែលបង្ហាញថាផលិតផលផលិតនៅកម្ពុជា (Made In Cambodia)។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះលោក Yoshihisa Suzuki និងគណៈប្រតិភូ ដែល​បាន​អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអាជីវកម្មរបស់​សភា​ពា​ណិជ្ជ​កម្ម និងឧស្សាហកម្មជប៉ុននៅកម្ពុជា នាពេលកន្លងមក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុននៃសភាពាណិជ្ជកម្ម និងឧស្សាហ​កម្មជប៉ុន ដែលចង់ពង្រីកសកម្មភាពវិនិយោគរបស់ខ្លួនបន្ថែមទៀត។

សម្តេចធិបតី បានគូសបញ្ជាក់អំ​ពី​ភាពទាក់ទាញ នៃច្បាប់ស្តីពីវិនិយោគរបស់កម្ពុជា និងគោលនយោបាយលើកទឹកចិត្ត សម្រាប់វិនិយោគិន និងធុរជន ដែលធានាបានភាពប្រាកដនិយម ចំពោះបរិយា​កាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងភាពបត់បែន។

សម្ដេចធិបតី សង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់លោក Yoshihisa Suzuki និងគណៈប្រតិ​ភូ​នាឱកាសនេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នឹងបង្កើនលទ្ធភាព និងពង្រីកសក្តានុពល​វិនិ​យោគ​​បន្ថែមទៀតនៅកម្ពុជា ជាមួយភាពជឿជាក់ និងប្រាកដនិយម ហើយរាជរដ្ឋាភិបាលត្រៀមខ្លួន​ជានិច្ច ​ក្នុងការសម្របសម្រួល និងសហការជាមួយវិនិយោគិនជប៉ុន ក្នុងបំណងប្រែក្លាយកម្ពុជា ជាទិសដៅវិនិ​យោគ​ចម្បង និងជាមជ្ឈមណ្ឌលតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here