កម្ពុជាកំពុងធ្វើការសិក្សាទិញដ្រូនស៊ើបការណ៍ពីចិន ខណៈឧបករណ៍នេះហោះបានក្នុងល្បឿនដ៏លឿន

ដោយៈ គង់ ហ្វីអូណា

កំពង់ឆ្នាំងៈ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះបានថ្លែងថា ក្រសួងការពារជាតិកម្ពុជាកំពុងធ្វើការសិក្សាបន្ថែមទៀត ក្នុងការទិញដ្រូនស៊ើបការសម្ងាត់រយៈពេលវែងពីក្រុមហ៊ុនចិនមួយ ក្រោយមើលឃើញពីសារសំខាន់របស់ដ្រូននេះ ក្នុងកិច្ចការពារជាតិនាពេលអនាគត។

ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ ពីទស្សនាការបង្ហាញ និងការបង្ហោះដ្រូន ធុនCW-15 and CW-40 (ប្រភេទអាកាសយាន្តគ្មានមនុស្សបើក)ពីសំណាក់របស់ ក្រុមហ៊ុនចិន China National Aero-Technology Import & Export Corporation (CATIC) នៅព្រលានយន្តហោះ ខេត្តកំពង់ឆ្នាំងនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ការវិវត្តន៍រីកចម្រើន នៃបច្ចេកវិទ្យាមានសន្ទុះយ៉ាងលឿន មិនអាចប៉ាន់ស្មានបាន ជាពិសេសបច្ចេកវិទ្យាដ្រូន បានបម្រើឲ្យសេចក្តីត្រូវការរបស់មនុស្សជាច្រើន ក្នុងគោលដៅស៊ីវិល និងយោធា ក្នុងនោះការបម្រើការងារជាយោធា។

ការងារយោធាមានដូចជា ការស៊ើបការណ៍ ការវាយកម្ទេច ការទប់ទល់គ្រប់ស្ថានភាព និងគ្រប់អាកាសធាតុជាដើម ហើយការរីកចម្រើននៃបច្ចេកវិទ្យាមួយនេះ បានវិវត្តឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ កត្តានេះហើយបានធ្វើឲ្យបណ្តាប្រទេសជាច្រើន បានខិតខំពង្រឹងពង្រីកគ្រឿងបំពាក់ដ្រូន តាមសេចក្តីត្រូវការជាក់ស្តែងរបស់ខ្លួន ហើ​យក្រៅពីនោះ ក៏បានដាក់ចេញនូវវិធាន ការគ្រប់គ្រងដោយច្បាប់ ទាំងការផលិត ការនាំចូល និងការប្រើប្រាស់ ព្រមទាំងរៀបចំគ្រឿងបំពាក់ក្នុងការទប់ស្កាត់ដ្រូនគ្រប់ប្រភេទទៀតផង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា បញ្ហាដ្រូននេះវាគឺជាទុនមួយ ដើម្បីឲ្យកងយោធពលខេមរភូមិន្ទរបស់យើង ធ្វើការសិក្សាអំពីបច្ចេកទេសដ្រូននេះ។ បញ្ហាបច្ចេកទេសដ្រូននេះ គឺដើរតួយ៉ាងសំខាន់ណាស់។ អញ្ចឹងហើយ ក្នុងបញ្ហាសង្រ្គាមបច្ចុប្បន្នការប្រើប្រាស់ដ្រូននេះ គឺយើងឃើញថាគ្រប់ទាំងយុទ្ធសាស្រ្ត យុទ្ធវិធីទាំងពេលយប់ពេលថ្ងៃ គឺដ្រូនបានដើរតួយ៉ាងសំខាន់ណាស់។

លោកបន្តដោយបញ្ជាក់ថា ដូច្នេះហើយការធ្វើបទបង្ហាញ នាថ្ងៃនេះ គឺបានធ្វើឲ្យយើងចាប់អារម្មណ៍មួយ ​អំពីបញ្ហាដ្រូននេះ។ យើងនឹងធ្វើការសិក្សាបន្តទៀតថាតើក្នុង កងយោធពលខេមរភូមិន្ទ យើងគួរបណ្តុះបណ្តាល កងទ័ពជំនាញដ្រូននេះរបៀបណា យើងកំពុងរៀបចំជាផែន​ការ និងទិសដៅរបស់យើ ហើយយើងនឹងខិតខំកសាងនាទៅអនាគត។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានលើកឡើងផងដែរថា ដើម្បីបង្ហាញអំពីបច្ចេកវិទ្យារបស់ សាធារណរដ្ឋប្រជាមានិតចិន ជាពិសេសបច្ចេកវិទ្យាដ្រូន ដែលមានការរីកចម្រើនយ៉ាងលឿន ហើយដ្រូនក៏ មានច្រើនប្រភេទផងដែរ ដែលអាចប្រើប្រាស់គ្រប់ស្ថានភាពទាំងយុទ្ធាសាស្រ្ត និងយុទ្ធវិធី និងដើម្បីកសាង សមត្ថភាពកងទ័ពកម្ពុជាទាំងមូល អំពីបច្ចេកវិទ្យាដ្រូនក្នុងការបំពេញភារកិច្ច ការពារជាតិ មាតុភូមិ និងសន្តិ សុខជាតិ ទទួលបានជោគជ័យថែមទៀតនោះ នាយឧត្តមសេនីយ៍នាយសេនាធិការចម្រុះ ក៏បានសំណូម ពរអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ បន្តទំនាក់ទំនងជាមួយភាគីចិនបន្ថែមទៀត ដើម្បីសិក្សាអំពីសេចក្តីត្រូវការដ្រូន សម្រាប់បម្រើឲ្យកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារបូរណភាពទឹកដី ការ​ពារសន្តិសុខជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។

ដ្រូនដែលបានធ្វើការបង្ហាញនាថ្ងៃនេះ គឺជាប្រភេទដ្រូនស៊ើបការណ៍សម្ងាត់បំផុត ដោយវាអាចហោះពីលើផ្ទៃដី បានចម្ងាយបីរយគីឡូម៉ែត្រ និងហោះបានចំនួន១០០គីឡូម៉ែត្រ ក្នុង១ម៉ោង និង២០នាទី ហើយពិសេសថែមទៀតនេះ ដ្រូនប្រភេទនេះអាចចាប់បានគោលដៅ និងទីតាំងច្បាស់លាស់ ស្របទៅតាមសភាពការណ៍ជាក់ស្តែងជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here