តម្លៃប្រេងកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈអ្នកវិនិយោគបានបន្ទាបការរំពឹងទុកនៃការបញ្ចុះអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក(Fed)។

តួយ៉ាង សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៣ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,៣ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៤ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,២ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៥២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៧ភាគរយ។

ធនាគារកណ្តាលអាមេរិកបានរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែល ក្នុងខែមករា ប៉ុន្តែលោក Powell បានជំទាស់នឹងគំនិត ដែលថាធនាគារ Fed អាចកាត់បន្ថយអត្រាការប្រាក់នៅនិទាឃរដូវ។

ស្របពេលដែលសហរដ្ឋអាមេរិកសម្រេចបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងការឆ្លើយតបអវិជ្ជមានពីក្រុមមន្ត្រីធនាគារកណ្តាល កំពុងជំរុញឱ្យអ្នកវិនិយោគមួយចំនួនគិតពិចារណាឡើងវិញថា តើធនាគារ Fed នឹងកាត់បន្ថយអត្រាការប្រាក់លឿនប៉ុណ្ណានៅឆ្នាំ២០២៤នេះ។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៣៨ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនាខាងមុខ បើធៀបនឹងឱកាស៨៩ភាគរយកាលពី១ខែមុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះ០,០៧ភាគរយ មកនៅត្រឹម១០៣,៥៤ពិន្ទុនៅថ្ងៃព្រហស្បតិ៍នេះ។

ចំណែកឯ តម្លៃប្រេងឆៅសកលបានកើនឡើងដល់ជាង៨០ដុល្លារក្នុងមួយបារ៉ែល នៅក្នុងការជួញដូរដំបូងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង៤៦សេន ឬ០,៦ភាគរយដល់៨១,០៣ដុល្លារក្នុងមួយបារ៉ែល ហើយតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង៤៧សេន ដល់៧៦,៣៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល0140 GMT៕

LEAVE A REPLY

Please enter your comment!
Please enter your name here