ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងស្ថាបនាស្ថានីយ៍បូមទឹកនៅប្រឡាយព្រែកប្រា និងស្ថាបនាជាអាងប្រព្រឹត្តិកម្មទឹកស្អាត។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង កាលពីថ្ងៃទី៣១ មករា ម្សិលម៉ិញនេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញពិនិត្យមើលស្ថានភាព ប្រឡាយព្រែកប្រា ដើម្បីឈានទៅធ្វើការស្ដារក៏ដូចជាស្ថាបនា និងចាក់ស៊ីផាយនៅអមសងខាងប្រឡាយ ខណៈដែលនៅអមសងខាងប្រឡាយនេះ មានផ្លូវបេតុងស្អាតរួចរាល់ហើយ។
បើតាមលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានឱ្យដឹងថា ប្រឡាយព្រែកប្រា គឺជាប្រឡាយរំដោះទឹក ដ៏មានសារៈសំខាន់មួយនៅក្នុងខណ្ឌច្បារអំពៅ តែប្រឡាយនេះ ត្រូវបានប្រជាពលរដ្ឋបំពាន និងរស់នៅលើប្រឡាយនេះតែម្តង ដែលបានបង្កឱ្យស្ទះចរន្តផ្លូវទឹកហូរ។
លោកឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌធ្វើការដោះស្រាយ ដើម្បីឱ្យប្រជាពលរដ្ឋរុះរើចេញ ពីលើប្រឡាយព្រែកប្រា ដោយស្ម័គ្រចិត្ត ដែលមានចំនួន២២៩គ្រួសារ តែមកដល់ពេលនេះប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើចេញ មានចំនួនជាង២០០គ្រួសារហើយ នៅសល់តែចំនួន២៤គ្រួសារប៉ុណ្ណោះ ដែលមិនទាន់បានរុះរើចេញពីលើប្រឡាយ។
ទោះបីយ៉ាងណាក្តីអាជ្ញាធរ និងជំរុញការដោះស្រាយជាមួយប្រជាពលរដ្ឋទាំង២៤គ្រួសារនេះឱ្យបានលឿន ដើម្បីឱ្យដំណើរការនៃការស្ដារប្រឡាយដំណើរការ ទៅដោយរលូននៅមុនរដូវវស្សាមកដល់។
លោក ចេង មុនីរ៉ា បន្ថែមថា ប្រជាពលរដ្ឋដែលព្រមស្ម័គ្រចិត្តរុះរើលំនៅឋាន ចេញពីទីតាំងប្រឡាយខាងលើនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ រៀបចំទីតាំងដោះដូរឱ្យមួយកន្លែង នៅក្នុងភូមិចំពុះក្អែក១ ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ដែលមានទីតាំងមិនឆ្ងាយពីទីតាំងដើមឡើយ ហើយនៅទីតាំងថ្មីនេះ ប្រជាពលរដ្ឋនឹងទទួលបានប្លង់រឹងដីកម្មសិទ្ធិស្របច្បាប់ ទំហំ៤ម៉ែត្រកន្លះគុណ និង១៥ម៉ែត្រក្នុងមួយគ្រួសារ ជាមួយ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អប្រសើរផងដែរ ដែលមានទាំងធ្វើផ្លូវបេតុងជូន បំពាក់ភ្លើងអគ្គិសនី ទឹកស្អាត ជាមួយនឹងប្រព័ន្ធបណ្តាញលូផងដែរ។
ជាគម្រោងសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ក្រោយស្ថាបនាចាក់ស៊ីផាយប្រឡាយនេះ រួចរាល់នឹងស្ថាបនាស្ថានីយ៍បូមទឹក នៅប្រឡាយព្រែកប្រានេះមួយកន្លែង ជាមួយនឹងការស្ថាបនា ជាអាងប្រព្រឹត្តិកម្មទឹកស្អាតផងដែរ។
ប្រឡាយព្រែកប្រា មានទទឹងចន្លោះពី៣០ម៉ែត្រ ទៅ៥០ម៉ែត្រដោយកន្លែង ហើយប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត រុះរើចេញពីប្រឡាយមានប្រវែងជាង១គីឡូម៉ែត្រ។ ប្រឡាយព្រែកប្រានេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីសង្កាត់ចំនួន៤ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ មានសង្កាត់ព្រែកប្រា សង្កាត់ព្រែកថ្មី សង្កាត់ព្រែកឯង និងសង្កាត់វាលស្បូវ៕