ប្រមុខរដ្ឋាភិបាលបញ្ជាឲ្យរដ្ឋមន្រ្តីដែនដីរៀបចំចុះបញ្ជីរដីជុំវិញបឹងទន្លេរសាបឲ្យបានរួចរាល់ និងប្រសិទ្ឋភាព

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ បន្តសកម្មភាពរៀបចំចុះបញ្ជីដីធ្លីនៅជុំវិញបឹងទន្លេសាប ឱ្យបានរួចរាល់ ប្រកបដោយប្រសិទ្ធភាព និងសុក្រិតភាព។

ដីជុំវិញបឹងទន្លេសាប ត្រូវបានរាជរដ្ឋាភិបាលអាណត្តិ៦ ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ធ្វើការកែសម្រួល ដោយកាត់ឆ្វៀលជូនប្រជាពលរដ្ឋ ដែលតាំងទីលំនៅពិតប្រាកដ និងរស់នៅរយៈពេលយូរមកហើយ។ ប៉ុន្តែការងារចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋទាំងនោះ មិនទាន់ចប់នៅឡើយទេ ដែលទាមទារបន្តសកម្មភាពក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មីនេះទៀត។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានបញ្ជាក់ថាកិច្ចការនេះមិនទាន់ចប់ទេ គឺយើងបានធ្វើមួយជំហានហើយ នៅក្នុងការកំណត់ទីតាំង មាននិយាមការផ្សេងៗ កំណត់តំបន់មួយតំបន់ពីរតំបន់បី អញ្ចឹងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺនឹងបន្តកិច្ចការងារនេះ គឺត្រូវធ្វើឱ្យចប់ដោយប្រសិទ្ធភាព និងសុក្រិតភាព តាមគោលការណ៍ដែលបានដាក់ចេញនៅអាណត្តិទី៦ ដោយសម្តេចតេជោ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការងារដែលត្រូវធ្វើបន្ត ត្រូវបែងចែកជាពីរ គឺការងារចំពោះមុខ និងការងាររយៈពេលវែង។ ការងារចំពោះមុខ ត្រូវបញ្ចប់ការងារនេះដោយប្រសិទ្ធភាព និងសុក្រិតភាព តាមរយៈការចុះបញ្ជីដីឱ្យបានត្រឹមត្រូវ ហើយត្រូវចុះបញ្ជីជាប្រព័ន្ធតែម្តង។

សម្តេចបានប្រគល់ភារកិច្ចជូន ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដឹកនាំសម្របសម្រួល ហើយក្រសួងស្ថាប័នពាក់ព័ន្ធក៏ត្រូវចូលរួមដើម្បីធ្វើការងារនេះឱ្យបានល្អ។

សម្រាប់ជំហានទីពីរ គឺធ្វើឡើងក្រោយពេលដែលចុះបញ្ជីរួចរាល់ គឺអាជ្ញាធរបឹងទន្លេសាប ត្រូវរៀបចំផែនទី និងបោះបង្គោលឡើងវិញ ហើយដាក់បញ្ចូលក្នុងប្រព័ន្ធ។

សម្តេចធិបតីបានសម្តែងសុទិដ្ឋិនិយមថា កិច្ចការងារនេះ នឹងត្រូវបញ្ចប់ក្រោមការដឹកនាំរបស់ លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ហើយកិច្ចការងារបន្តទៀត គឺរាជរដ្ឋាភិបាលកម្ពុជាំ ត្រូវតែគ្រប់គ្រង និងថែរក្សាបឹងទន្លេរសាបឱ្យបានល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here