អចលនទ្រព្យនៅប្រទេសថៃបន្តធ្លាក់ចុះ ធ្វើឱ្យធនាគារបដិសេធប្រាក់កម្ចី ទោះមានទ្រព្យបញ្ចាំ

ដោយ៖ លក្ខណា
បាងកក៖ ធនាគារកណ្តាលប្រទេសថៃ បានរកឃើញថា វិស័យអចលនទ្រព្យ កំពុងធ្លាក់ចុះ ដែលធ្វើឱ្យធនាគារពាណិជ្ជក្នុងប្រទេសថៃ បដិសេធប្រាក់កម្ចី ទោះបីជាមានទ្រព្យបញ្ចាំពីអ្នកទិញអចលនទ្រព្យ ដែលកំពុងមានសក្ដានុពលក្ដី។

ធនាគារកណ្ដាលថៃ បានឱ្យដឹងថា ខ្លួនជឿជាក់ថា នៅពេលដែលសេដ្ឋកិច្ចមិនល្អ បណ្ដាលមកពីការឆ្លងរាលដាលនៃនៃជំងឺរាតត្បាត COVID-១៩ ធនាគារពាណិជ្ជកម្មបារម្ភថា អ្នកទិញ ដែលមានសក្តានុពលនោះ មិនអាចមានលទ្ធភាពបង់រំលោះប្រាក់ប្រចាំខែ។

ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាត COVID-១៩នៅតែបន្ត របាយការណ៍ ឱ្យដឹងថា និន្នាការពាណិជ្ជកម្មរបស់ធនាគារកណ្តាលសម្រាប់ត្រីមាសទី៣ និងទី៤ បានរកឃើញថា វិស័យអចលនទ្រព្យកំពុងធ្លាក់ចុះ។
ធនាគារថៃ (Bank of Thailand) បានបញ្ជាក់ថា អត្រានៃការបដិសេធនៃប្រាក់កម្ចីមានទ្រព្យបញ្ចាំ បានកើនឡើងយ៉ាងច្រើនក្នុងពេលថ្មីៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍បាន អះអាងថា តម្លៃនៅលើទីផ្សារមើលទៅមានភាពប្រសើរ ដោយសារតម្រូវការទីផ្សារក្នុងស្រុក។ ទោះយ៉ាងណាផ្នែកទីផ្សារតម្លៃទាប ទាំងផ្នែកលំនៅដ្ឋាន ខុនដូនិងផ្ទះ ដែលមានតម្លៃ ទាប ចាំបាច់ត្រូវមានការតាមដានយ៉ាងដិតដល់បំផុត។

អត្រានៃការបដិសេធនៅតំបន់ ភាគកណ្តាលនៃប្រទេស បានកើនឡើង ៣០ភាគរយ ខណៈនៅភាគខាងជើងប្រទេសនេះ បានកើនឡើងចន្លោះពី៤០ ទៅ៥០ភាគរយ។ នៅភាគខាងត្បូង ប្រាក់កម្ចីរបស់ធនាគារ មានតម្លៃក្នុង កម្រិតមិនប្រក្រតី ឬពាក្យសុំប្រាក់កំចីត្រូវបានបដិសេធទាំងស្រុង។

លោក Payong Srivanich ប្រធានធនាគារពាណិជ្ជកម្មថៃ Krungthai បាននិយាយថា ធនាគាររបស់លោក ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការផ្តល់ប្រាក់កម្ចីព្រោះបំណុលគ្រួសារ ដែលកំពុងកើនឡើង ហើយធនាគារ មិនចង់ឱ្យអ្នកខ្ចីជំពាក់បំណុលច្រើនពេកនោះទេ។

យោងតាមធនាគារកណ្តាល បានឱ្យដឹងថា បំណុលគ្រួសារក្នុងត្រីមាសទី១ ឆ្នាំនេះ មានចំនួន ៨០,២ ភាគរយនៃផលិតផលក្នុងស្រុកសរុប និងបានកើនឡើងដល់ ៨៣,៨ ភាគរយ នៅក្នុងត្រីមាសទី២។ ធនាគារពាណិជ្ជកម្មថៃ មួយផ្សេង ទៀត ដែលជាមជ្ឈមណ្ឌល សម្របសម្រួលសេដ្ឋកិច្ចរបស់ធនាគារពាណិជ្ជ Siam Commercial Bank បានព្យាករថា សមាមាត្របំណុលគ្រួសារ និងផលិតផលក្នុងស្រុកសរុបអាចកើនឡើងដល់ ៨៨ភាគរយ នៅចុងឆ្នាំនេះ និងកើនឡើងដល់ ៩០ភាគរយ នៅត្រីមាសទី១ ឆ្នាំក្រោយ៕ Bangkok Post

LEAVE A REPLY

Please enter your comment!
Please enter your name here