ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េ សម្រេចបានជាង ៦៦០លានដុល្លារក្នុងរយៈពេល៩ខែ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងមានទំហំទឹកប្រាក់ ៦៦១,១៥ លានដុល្លារក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ ធ្លាក់ចុះ ១៥ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យ ដែលបានចងក្រងដោយសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Kita)កាលពីថ្មីៗនេះ។
របាយការណ៍បានបង្ហាញថា ក្នុងរយៈពេល ៩ខែនេះ ប្រទេសកម្ពុជាបាននាំចេញទំនិញមានតម្លៃជាង ២៤៦,២០ លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងត្បូង ធ្លាក់ចុះ ៤,៩ ភាគរយ និងបាននាំចូល ៤១៤,៩៥ លានដុល្លារធ្លាក់ចុះ ២០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។
ការនាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូងភាគច្រើន រួមមានសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ ភេសជ្ជៈ គ្រឿងបន្លាស់សម្រាប់ឧបករណ៍អេឡិកត្រូនិច កៅស៊ូ ឱសថ និងផលិតផលកសិកម្ម។
ជាមួយគ្នានេះដែរ ប្រទេសកម្ពុជាបាននាំចូលយានយន្ត គ្រឿងអេឡិកត្រូនិច ឧបករណ៍ផ្ទះបាយ ភេសជ្ជៈ ឱសថ និងផលិតផលប្លាស្ទិក។
កូរ៉េខាងត្បូង បានបើកការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ជុំទី៣ កាលពីដើមខែតុលា ឆ្នាំ២០២០ ដើម្បីរៀបចំផែនការលម្អិតបន្ថែម ស្របតាមការខិតខំរបស់ក្រុងសេអ៊ូក្នុងការធ្វើពិពិធកម្មផលប័ត្រនាំចេញទៅកាន់តំបន់អាស៊ីអាគ្នេយ៍។
កិច្ចប្រជុំនឹងប្រព្រឹត្តឡើងរយៈពេល ៣ថ្ងៃ តាមប្រព័ន្ធវីដេអូ ចាប់ផ្តើមនៅថ្ងៃអង្គារ ទី ០៦ ខែតុលា ឆ្នាំ ២០២០ ជាមួយនឹងគោលដៅពិនិត្យលើសេចក្តីព្រៀងចុងក្រោយនៃកិច្ចព្រមព្រៀងសម្រាប់ចុងឆ្នាំ ២០២០នេះ។
ប្រទេសកម្ពុជា និងកូរ៉េខាងត្បូង បានបើកកិច្ចចរចាលើកទី១ របស់ខ្លួនកាលពីខែកក្កដា កន្លងទៅ បន្ទាប់មកមានការចរចាជុំទី ២ នៅថ្ងៃទី៣១ ខែសីហា រហូតដល់ថ្ងៃទី២ ខែកញ្ញា។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង និងកូរ៉េខាងត្បូង-អាស៊ាន នឹងបង្កើតភាពអំណោយផលបរិយាកាសពាណិជ្ជកម្ម និងបង្កើនការប្រកួតប្រជែងរវាងក្រុមហ៊ុនកូរ៉េខាងត្បូង។
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េបានកើនឡើងដល់ជាង ១ ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើង ៦ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៣៣៦លានដុល្លារ និងនាំចូល ៦៩៧ លានដុល្លារ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here