ក្រុមហ៊ុនទូរសព្ទចល័តដំបូងគេនៅកម្ពុជា នាំយកបច្ចេកវិទ្យា5G ពីក្រុមហ៊ុនដ៏ធំមួយរបស់ចិន

ដោយ៖ លក្ខិណា
ភ្នំពេញ ៖ ក្រុមហ៊ុនទូរសព្ទដៃចល័ត សែលកាតរបស់កម្ពុជា បានចុះកិច្ចព្រមព្រៀងក្នុងការនាំយកបច្ចេកវិទ្យា 5G ពីក្រុមហ៊ុន ZTE របស់ប្រទេសចិនមកកាន់កម្ពុជា ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យានៅកម្ពុជាបន្ថែមទៀតតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការដំណើរការបដិវត្តន៍ឧស្សាហកម្ម៤.០។

នៅក្នុងសេចក្តីប្រកាសរបស់ក្រុមហ៊ុនទូរសព្ទចល័តសែលកាត ក្នុងពិធីចុះហត្ថលេខាព្រឹកថ្ងៃទី ១១ វិច្ឆិកា ២០២០នេះបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងស្របគ្នានឹងកាលៈទេសៈដ៏សំខាន់សម្រាប់ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលកំពុងដាក់ចេញនូវផែនការជាផ្លូវការក្នុងការនាំយកនូវបច្ចេកវិទ្យា 5G ក៏ដូចជាការបង្កើននូវសេវាគ្របដណ្ដប់ និងគុណភាពរបស់បច្ចេកវិទ្យា 4G LTE ។

កិច្ចព្រមព្រៀងនេះដែរ នឹងនាំមកនូវការវិនិយោគហិរញ្ញវត្ថុដ៏សំខាន់មួយ ដែលនឹងជួយឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់ ទៅលើការប្រើប្រាស់បច្ចេកវិទ្យា 5G។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងសេចក្តីប្រកាសដដែល ក្រុមហ៊ុនសែលកាតគាំទ្រផ្ទាល់ទៅលើគម្រោងរបស់រាជរដ្ឋាភិបាលសម្រាប់ឧស្សាហកម្ម ៤.០ ពោលគឺគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ និងផលិតផលក្នុងស្រុកសរុប ហើយក្នុងនោះក៏ជួយជម្រុញឱ្យពលរដ្ឋកម្ពុជា ទទួលបាននូវអត្ថប្រយោជន៍ពីការរស់នៅក្នុងសម័យឌីជីថលផងដែរ។

ក្រុមហ៊ុន Cellcard, Wing Money, Ezecom, CBS និង Digital Sky ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែក ICT របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កំពុងសហការគ្នាយ៉ាងជិតស្និទ្ធ ទៅលើការអនុវត្តនូវយុទ្ធសាស្ត្រឌីជីថលរួមគ្នាសម្រាប់ប្រទេសកម្ពុជា។

យុទ្ធសាស្រ្តនេះ នឹងនាំឱ្យមានការផ្លាស់ប្តូរទាំងស្រុងនៃវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រោះថាតួនាទីនៃការតភ្ជាប់ ទិន្នន័យ មាតិកា និងសន្តិសុខ នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សយើង នឹងត្រូវបានផ្លាស់ប្តូរ ស្របនឹងវត្តមានមកដល់នៃបច្ចេកវិទ្យា 5G និងការគាំទ្រយ៉ាងទូលំទូលាយនៃបច្ចេកវិទ្យាដូចជា IoT, Big Data, AI និង VR / AR ជាដើម ។

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា ក្រុមហ៊ុនសែលកាត រួមជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកICT របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដទៃទៀត នឹងធានាឱ្យបានថា វត្តមាននៃបច្ចេកវិទ្យា 5G នៅក្នុងប្រទេសកម្ពុជា នឹងនាំមកគុណប្រយោជន៍យ៉ាងធំធេងដល់ផ្នែកមនុស្សធម៌ ដើម្បីលើកកម្ពស់ផ្នែកសេវាសុខភាព ការអប់រំ និងសន្តិសុខសម្រាប់ពលរដ្ឋគ្រប់រូប ក៏ដូចជាជួយជម្រុញឱ្យវិស័យសេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំនាពេលអនាគតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here