ក្រុមហ៊ុនហិរញ្ញវត្ថុ និងអចលនទ្រព្យគ្រោងនឹងចុះបញ្ជីថ្មីនៅផ្សារមូលបត្រកម្ពុជា

ដោយៈម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា(SECC)បានឲ្យដឹងថា ផ្សារហ៊ុនកម្ពុជានឹងមានក្រុមហ៊ុនមួយចំនួន មកពីវិស័យហិរញ្ញវត្ថុ ជួញដូរ (trading) និងអចលនទ្រព្យគ្រោងនឹងចុះបញ្ជីបោះផ្សាយមូលបត្ររបស់ពួកគេ នៅផ្សារមូលបត្រកម្ពុជា បន្ទាប់ពីផ្សារហ៊ុនមានការកក្រើកឡើងក្នុងរយៈពេលចុងក្រោយនេះ។

អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លោកហុង សុហួរ បានប្រាប់គេទំព័រ Cambodia Bank News តាមទូរស័ព្ទនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំនេះថា  ចាប់តាំងពីចុងឆ្នាំ ២០១៨ មកផ្សារមូលបត្រកកម្ពុជាមានកម្រើកបន្តិចម្តងៗ ហើយថ្លៃភាគហ៊ុនមានកើនឡើងខ្លាំងចាប់ចុងឆ្នាំ២០១៨ រហូតដល់២០១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងថា“យើងរំពឹងថា នឹងអាចមានក្រុមហ៊ុនមកចុះបញ្ជីរ ដែលមានទាំងជាភាគហ៊ុន និងសញ្ញាបណ្ណនៅចុងឆ្នាំនេះ ហើយយើងអាចរំពឹងថា អាចទទួលបានភាគហ៊ុនមួយឬពីរទៀត និងអាចទទួលនសញ្ញាបណ្ណមួយឬពីរទៀត”។ លោកបន្តថា “ធម្មតា មានផលិតផលថ្មីមកដល់ យើងរំពឹងទុកថា នឹងមានសកម្មភាពទីផ្សារកក្រើកថែមមួយកម្រិតទៀត ដូច្នេះវិនិយោគិននឹងកាន់តែមានជម្រើសបន្ថែមទៀត ក្នុងការប្រើប្រាស់លុយរបស់គាត់”។

លោកហុង សុហួរបានឱ្យដឹងទៀតថា ក្រុមហ៊ុន ដែលគ្រោងនឹងចុះបញ្ជីនៅក្នុងផ្សារ

មូលបត្រកម្ពុជាចុងឆ្នាំនេះ មកពីវិស័យហរិញ្ញវត្ថុ វិស័យជួញដូរ(trading) និងអាចមកពីវិស័យអចលនទ្រព្យ។ យើងអាចនឹងទទួលបានការចុះបញ្ជីមួយ ឬពីរទៀតនៅចុងឆ្នាំនេះ។

លោករំពឹងថា សកម្មភាពជួញដូររបស់យើងក្នុងទីផ្សារក្នុងឆ្នាំនេះ និងឆ្នាំក្រោយនឹងមានភាពប្រសើរជាងឆ្នាំមុន ដែលយើងគិតថាវាប្រសើរឡើងរួចហើយ នៅពេលដែលមានក្រុមហ៊ុនមកចុះបញ្ជីថែមទៀត។

ទំហំជួញដូរមានកើនឡើងច្រើន ស្តិតក្នុងស្តង់ដារកម្ពុជា ហើយបើធៀបនឹងប្រទេសថៃ និងវៀតណាម ការទំហំជួញដូរនៅកម្ពុជានៅកម្រិតទាបជាងគេ តែវាបង្ហាញថា ការជួញដូរនៅកម្ពុជា ការជឿនលឿនជាងមុន។ គិតស្ថានភាពជួញដូរបស់យើង កាលពីមុន ការជួញដូរក្នុងមួយថ្ងៃមានចាប់១ម៉ឺន ទៅ២ម៉ឺនដុល្លារជាមធ្យម ហើយរហូតឆ្នាំ២០១៩ ការជួញដូរមានកើនឡើងជាង១៥ម៉ឺនដុល្លារក្នុងមួយថ្ងៃ។

លោកហុង សុហួរបានបញ្ជាក់ថា “វាកំពុងបង្ហាញថា យើងមានការជឿនលឿនជាងមុន ហើយពេលចុងក្រោយ ធនាគារអេស៊ីលីដា បានចុះបញ្ចីនៅផ្សាមូលបត្រកម្ពុជា យើងឃើញថា ការចាប់អារម្មណ៍ក៏កាន់តែកក្រើកឡើងថែមទៀត ហើយមានអ្នកទៅបើកគណ​នី​ជួញដូរច្រើនពាន់នាក់”។

លោកបានឱ្យដឹងថា ទំហំជួញដូរនៅពេលធនាគារអេស៊ីលីដាចុះបញ្ជីរ ក្នុងរយៈពេលពីរអាទិត្យដំបូង មានទំហំធំ ក្នុងមួយថ្ងៃមានជួញដូរដល់រាប់លានដុល្លារ។ ការចាប់អារម្មណ៍លើផ្សារហ៊ុនទាំងមូលនៅតែបន្តមាន។

លោកអ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ” តាមរយៈការចូលរួម ក្នុងដំណាក់កាលបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី វិនិយោគិនរូបវន្តបុគ្គល និងនីតិបុគ្គល មានឱកាសវិនិយោគជាលើកដំបូង នៅក្នុងធនាគារពាណិជ្ជដែលបានចុះបញ្ជីរ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកបានបន្តថា “ភាគហ៊ុនិកសាធារណៈថ្មីរបស់ធនាគារ នឹងទទួលបានអត្ថប្រ​យោជន៍ពីការរីកចម្រើនរបស់ធនាគារ តាមរយៈភាគលាភនិងចំណេញមូលធន”។

លោកបានឱ្យដឹងទៀត “ការបោះផ្សាយលក់មូលបត្រកម្មសិទ្ឋ ជាសាធារណៈរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ីបានទាក់ទាញវិនិយោគិនរូបវន្តបុគ្គល សញ្ជាតិខ្មែរជាច្រើនចូលរួមវិនិយោគ នៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នឹងបន្តរួមចំណែកអភិវឌ្ឍផ្សារមូលធនកម្ពុជា”។

ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានចាប់ផ្ដើមដំណើរការជាផ្លូវការ ចាប់ពីខែមេសា ឆ្នាំ ២០១២។ គិតត្រឹមថ្ងៃអង្គារនេះ CSX មានក្រុមហ៊ុនចុះបញ្ជី១២ ក្នុងចំណោមនោះ ៦ ជាក្រុមហ៊ុនសញ្ញាបណ្ណសាជីវកម្ម និង៦ផ្សេងទៀតចុះបញ្ជីមូលបត្រ។ ក្រុមហ៊ុនចុះបញ្ជីរួមគ្នាប្រមូលមូលនិធិបានប្រហែល២២៣ លានដុល្លារ។

មូលនិធិនេះបានកើនពី ៤៤២ លានដុល្លារកាលពីឆ្នាំ ២០១៨ ដល់៧០១លានដុល្លារ នៅក្នុងឆ្នាំ២០១៩ គឺកើន៥៨ភាគរយ ខណៈទំហំជួញដូរកើន៦ដង ពី២៦, ០០០ ដុល្លារ ក្នុងឆ្នាំ ២០១៨ ដល់ប្រហែល១៥០, ០០០ ដុល្លារ ក្នុងឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here