កម្ពុជានាំចេញគ្រាប់ចន្ទីឆៅជាង៦០ម៉ឺនតោននិងទទួលបានប្រាក់ជាង៨៣១លានដុល្លារ

ដោយ: ម៉ាលីនណា

ភ្នំពេញ៖ក្នុងរយៈពេល១០ខែឆ្នាំ២០២៣កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ៦១៥០០ តោន ដែលមានទំហំទឹកប្រាក់ស្មើនឹង ៨៣១ លានដុល្លារ។

ថ្លែងក្នុងពិធីបើកដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន និងទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសភាពអឺរ៉ុប អំពី ខ្សែសង្វាក់ ផលិតកម្ម ស្វាយចន្ទី នៅកម្ពុជាចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២៣ក្នុងខេត្តចំនួន៣ កំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង នាក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ លោក រាជ រ៉ា រដ្ឋលេខាធិការ ក្រសួង ពាណិជ្ជកម្ម បានឱ្យដឹងថា៖ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៣កន្លងមកកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីជាង ៣៨ ម៉ឺនតោន ដែលក្នុងនេះ នាំចេញទៅកាន់ប្រទេសចិន ជប៉ុន បង់ក្លាដេស វៀតណាម និងថៃ ។ក្រៅពីនេះសម្រាប់គ្រាប់ផ្លែស្វាយចន្ទី កែច្នៃ រួចនាំចេញ៥៦តោន ដោយក្នុងនេះនាំចេញ ទៅកាន់ប្រទេសចិន សាធារណឆែក ជប៉ុន កូរ៉េ ហូឡង់ វៀតណាម ថៃ កោះតៃវាន់ និងសហរដ្ឋអាមេរិក។

ដោយឡែកបើតាមរបាយការណ៍នៃសហគមន៍ផ្លែចន្ទីកម្ពុជាក្នុងរយៈពេល១០ខែកន្លងមកនេះក៏បានបង្ហាញដែរថា៖កម្ពុជាបាននាំចេញគ្រាន់ចន្ទីឆៅជាង៦០ម៉ឺនតោន។សម្រាប់តម្លៃផ្លែស្វាយចន្ទីស្ងួតជាមធ្យមស្ថិតនៅក្នុងបន្លោះ១២០០-១៩០០ដុល្លារក្នុងមួយតោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖”កម្ពុជាមានសក្តានុពលខ្លាំងទៅលើដំណាំស្វាយចន្ទីដែលជាមធ្យមយើងប្រមូលផលបានចន្លោះពី៦០ម៉ឺនតោនទៅ៨០ម៉ឺនតោនក្នុងមួយឆ្នាំ។សម្រាប់ឆ្នាំ ២០២១កន្លងមកទៅផលស្វាយចន្ទីយើងប្រមូលបានជាង១លានតោន ប៉ុន្តែយ៉ាងណាការកៃច្នៃនៅក្នុងស្រុករបស់យើងនៅមានកម្រិតនៅឡើយ។

លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ៖បច្ចុប្បន្នកម្ពុជាមានសក្តានុពលខ្លាំង ទៅលើទៅ លើដំណាំ កសិកម្ម ក្នុងនេះ មានដូចជា ស្រូវ និងស្វាយចន្ទី។ដំណាំស្វាយចន្ទីកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីទាំងគុណភាព រសជាតិ។ក្រៅពីនេះដំណាំស្វាយចន្ទីងាយដាំដុះព្រោះថាវាធន់នឹងភាពរាំងស្ងួត ដែលសមស្របទៅតាមស្ថានភាពធាតុអាកាសនៅកម្ពុជាផងដែរ។

លោកបានលើកឡើងដោយបញ្ជាក់បន្ថែមថា៖ចំពោះខេត្តដែលសម្បូរទៅដោយដំណាំស្វាយចន្ទីមានដូចជាខេត្តកំពង់ចាម កំពង់ធំ ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគីរី ព្រះវិហារ ស្ទឹងត្រែង ឧត្តរមានជ័យ សៀមរាប និងខេត្តកំពង់ឆ្នាំង។

លោកតូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានថ្លែងដោយបញ្ជាក់ថា៖សម្រាប់ផ្ទៃដីដែលសមស្របក្នុងការដាំដំណាំស្វាយចន្ទី នៅកម្ពុជាមានប្រមាណ២,៣៨លាន ហិកតាក្នុងខណៈផ្ទៃដីសមស្របជាមួយការដាំដំណាំកសិកម្មជាង៣លាន២សែនហិកតាក្រៅពីនេះដំណាំផ្លែចន្ទីមានជិត៧០ម៉ឺនហិកតាត្រូវបានដាំដុះនៅក្នុងចំណោមផ្ទៃដីកសិកម្មជាង៣លាន២សែនហិកតានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here