ដោយ: គង់ ម៉ាលីន
ភ្នំពេញ: ផលិតផលកសិកម្មកម្ពុជា គឺម្រេចកំពតនៅតែរក្សាបាននូវគុណតម្លៃរបស់ខ្លួន ដោយតម្លៃម្រេចដែលជាម៉ាកទំនិញ សម្គាល់ភូមិសាស្រ្តដ៏កម្ររបស់កម្ពុជា នៅតែរក្សាថ្លៃដដែល។
ប្រធានសមាគមម្រេចកំពត លោក ងួន ឡាយបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី១០ វិច្ឆិកានេះថា បើគិតចាប់ពីឆ្នាំ២០០៨ រហូតមកដល់ឆ្នាំ២០១៩ ការនាំចេញម្រេចកំពត មានការកើនឡើងរហូតក្នុងរង្វង់៧០តោន បើសិនជាយើងមានភ្ញៀវទេសចរណ៍ច្រើនដូចរៀងរាល់ឆ្នាំប៉ុន្តែឆ្នាំនេះដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ធ្វើឱ្យថយចុះទៅវិញ។
លោកបញ្ជាក់ថា “បើរាល់ឆ្នាំខែនឹងវាចូលជុំវិញ៧០តោន៦៨–៦៩តោន ប៉ុន្តែឥឡូវឆ្នាំនេះយើងអត់មានទីផ្សារទេសចរណ៍ បើយើងមានទីផ្សារទេសចររាល់ឆ្នាំវាមាន៣០ភាគរយបាត់ហើយ”។ លោកបន្តថា “បច្ចុប្បន្នយើងមានក្រុមហ៊ុនថ្មីមួយទៀត មកពីប្រទេសឆែក ដែលគាត់ទើបជាសមាជិក២ឆ្នាំ គាត់បានទិញលើកដំបូងទិញ២០០ទៅ៥០០គីឡូ និងកើនឡើងជាបន្តបន្ទាប់ ដែលការបញ្ជាទិញបានកើនដល់២តោននាពេលនេះ”។
លោកងួន ឡាយបានឲ្យដឹងទៀតថា ម្រេចកំពតដែលនាំចេញទៅទីផ្សារក្រៅស្រុក ពិសេសខាងប៉ែកអឺរ៉ុបមានតម្លៃខ្ពស់ដដែល ដូចជា សម្រាប់ម្រេចខ្មៅថ្លៃ១៥ដុល្លារក្នុងមួយគីឡូក្រាម ខណៈម្រេចក្រហមលក់តម្លៃ២៥ដុល្លារ និង២៨ដុល្លារសម្រាប់ម្រេចស ក្នុងមួយគីឡូក្រាម៕