អ្នកជំនាញ៖ តម្រូវការការិយាល័យជួលមានត្រឹមប្រមាណ ៧០ភាគរយ នៃការផ្គត់ផ្គង់បច្ចុប្បន្ន

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ អ្នកជំនាញ បានលើកឡើងថា តម្រូវការជួលជាក់ស្ដែងសរុបមានត្រឹមប្រមាណ៧០ភាគរយ នៃការផ្គត់ផ្គង់តែប៉ុណ្ណោះ ខណៈការផ្គត់ផ្គង់អគារការិយាល័យនៅលើទីផ្សាររួម នឹងបន្តការកើនឡើងរហូតដល់ប្រមាណជាង៤៥ម៉ឺនម៉ែត្រនៅត្រឹមដំណាច់ឆ្នាំ២០២០ខាងមុខនេះ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា តម្រូវការជួលអគារការិយាល័យជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅគឺមានភាពថមថយបន្តិច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបានបន្តថា “ដោយសារឆ្នាំនេះការដាក់បញ្ចូលថ្មីនៃការផ្គត់ផ្គង់ប្រមាណ៦ម៉ឺនម៉ែត្រការ៉េ ដែលធ្វើឱ្យមានការកើនឡើងនូវចំនួនសរុបរហូតដល់ប្រមាណ៤៥ម៉ឺនម៉ែត្រការ៉េនៅលើទីផ្សារ ខណៈដែលតម្រូវការនៃការប្រើប្រាស់មានការកើនឡើងតិចតួចបំផុត។ នៅពេលបច្ចុប្បន្ននេះ អ្វីដែលយើងមើលឃើញ គឺភាគច្រើននៅក្នុងអគារមួយអត្រានៃការជួលគឺមានប្រមាណជាង៨៦ភាគរយ ហើយនៅពេលដែលការផ្គត់ផ្គង់បន្តកើនឡើង វានឹងធ្វើឱ្យផ្ទៃទំនេរមានច្រើនបន្ថែមទៀត ជាពិសេសនៅដើមឆ្នាំក្រោយនេះតែម្ដង”។

លោកស្រី អាន សុធីតា បានមានប្រសាសន៍បន្តទៀតថា “សម្រាប់អគារមួយដែលបានបញ្ចប់ការសាងសង់ និងដាក់បញ្ចូលនៅក្នុងទីផ្សារជួល យ៉ាងហោចណាស់ប្រើពេលមិនតិចជាង១ឆ្នាំនោះទេ ដូច្នេះនៅពេលដែលតម្រូវការជួលស្ថិតនៅកម្រិតថេរ”។

លោកស្រី បានឱ្យដឹងទៀតថា “ហើយការផ្គត់ផ្គង់ដាក់បន្ថែមថ្មីនៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ វានឹងធ្វើឱ្យអត្រាប្រើប្រាស់ពិតធ្លាក់មកនៅត្រឹមប្រមាណ៧០ភាគរយ បើធៀបទៅនឹងចំនួននៃការផ្គត់ផ្គង់សរុប ហើយអាចអូសបន្លាយពេលវេលារហូតដល់ឆ្នាំ២០២២ ខណៈដែលមានភាពធូស្រាលពីវិបត្តិ ដែលនឹងមានកំណើនក្រុមហ៊ុនហ៊ុនអន្តរជាតិចូលមកកាន់ទីផ្សារកម្ពុជា ក៏ដូចជាតម្រូវការបង្កើនបុគ្គលិកពីសំណាក់ក្រុមហ៊ុនក្នុងស្រុក ទើបជំរុញឱ្យការប្រើប្រាស់មានការកើនឡើងវិញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here