ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រសួងពាណិជ្ជកម្មថៃអះអាងថា អតិផរណានៅប្រទេសនេះបានធ្លាក់ចុះមកត្រឹម០,៣០% នៅក្នុងខែកញ្ញា បើធៀបនឹង០,៨៨% ក្នុងខែសីហា ដោយសារការធ្លាក់ចុះនៃតម្លៃថាមពល និងការធ្លាក់ចុះនៃតម្លៃអាហារ។
លោក Poonpong
Naiyanapakorn អគ្គនាយកនៃការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ក្រសួងបានលើកឡើងថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានកើនឡើងដល់១០៨,២ពិន្ទុ នៅក្នុងខែកញ្ញាបើធៀបនឹង១០៧,៧០ពិន្ទុ ក្នុងខែដូចគ្នាកាលពីឆ្នាំមុន។
លោកបានបន្តថា អត្រាអតិផរណារបស់ប្រទេសថៃគឺមានកម្រិតទាបបំផុត ក្នុងចំណោមប្រទេសចំនួន៧នៅក្នុងតំបន់អាស៊ាន ដូចជាប្រទេសឡាវ ហ្វីលីពីន សិង្ហបុរី ឥណ្ឌូនេស៊ី វៀតណាម និងម៉ាឡេស៊ី។
លោកបានកត់សម្គាល់ថា អត្រាអតិផរណាមាននិន្នាការធ្លាក់ចុះនៅក្នុងបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក ជាពិសេសនៅតំបន់អឺរ៉ុប រួមទាំងចក្រភពអង់គ្លេស អុីតាលី និងអាល្លឺម៉ង់ផងដែរ។
យោងតាមក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងទៀតថា អតិផរណាបានធ្លាក់ចុះក្នុងខែកញ្ញា ដោយសារការធ្លាក់ចុះនៃតម្លៃម្ហូបអាហារ និងតម្លៃថាមពលទាប ដែលបណ្តាលមកពីវិធានការគាំទ្រឧបត្ថម្ភធនរបស់រដ្ឋាភិបាលលើប្រេងម៉ាស៊ូត និងឧស្ម័ន។
សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៃផលិតផលម្ហូបអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុលបានធ្លាក់ចុះក្នុងអត្រា០,១០%ជាលើកដំបូងក្នុងរយៈពេល២៣ខែ ដោយសារតម្លៃសាច់ បន្លែ និងប្រេងចម្អិនអាហារកំពុងធ្លាក់ចុះជាបន្តបន្ទាប់។
ក្រសួងពាណិជ្ជកម្មថៃបានព្យាករពីការធ្លាក់ចុះនៃអតិផរណាបន្ថែមទៀតនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ ដោយសារតម្លៃអាហារ ថាមពល និងទំនិញប្រចាំថ្ងៃផ្សេងទៀតបានធ្លាក់ចុះ។
ទន្ទឹមនឹងនេះដែរ សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ (CCI) នៅក្នុងខែកញ្ញាបានប្រសើរឡើងដល់៥៥,៧ពិន្ទុ ពី៥៣,៤ពិន្ទុនៅក្នុងខែសីហា ដែលនេះជាការកើនឡើង១០ខែជាប់ៗគ្នា គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២២៕