ការដាក់លក់ផលិតផលតាមរយៈថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នឹងធ្វើឲ្យកម្ពុជារឹតតែល្អប្រសើរ

        ដោយៈ និស្ស័យ

        ភ្នំពេញៈ ការដាក់លក់ផលិតផលរបស់កម្ពុជា តាមរយៈថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក ដូចជា អង្ករ និងផ្លែមាន ដោយត្រង់លើទីផ្សារចិន និងបណ្តាប្រទេសអាស៊ាន គឺធ្វើឲ្យកម្ពុជារឹតតែល្អប្រសើរ ដើម្បីជំរុញការនាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិកាន់តែច្រើនឡើងបន្ថែមទៀត។ នេះបើផ្អែកតាមការឲ្យដឹងពីអគ្គលេ​ខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៣ តុលានេះថា ការចុះ Platform នៅលើទីផ្សារនេះ វាធ្វើឲ្យរឹតតែប្រសើរឡើងដែលយើងអាចលក់ផលិតផលផ្សេងៗទៀត មិនថាតែ អង្ករ នោះទេ។ ម្យ៉ាងវិញទៀត Alibaba វាមិនមែនសម្រាប់លក់ តែនៅក្នុងស្រុកចិននោះទេ ប៉ុន្តែវាអាចពង្រីកនៅតំបន់អាស៊ី និងបណ្តាប្រទេសមួយចំនួននៅលើពិភពលោកផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបញ្ជាក់ថា ឥឡូវនេះការវាយតម្លៃនាំចេញអង្ករ ទៅក្រៅរបស់សហព័ន្ធស្រូវអង្ករកម្ពុជា គឺប្រហែលមិនអាចដូចការរំពឹងទុកនោះទេ ដោយសារតែមានការប្រែប្រួល នៃបរិបទពិភពលោកលឿនពេក មួយរយៈពេលចុងក្រោយនេះ ជាពិសេសតម្លៃស្រូវឡើងថ្លៃ ពោលគឺឡើងថ្លៃជ្រុលពេក។ ដោយឡែក ក្រោយការទិញមកស្តុកទុកក៏នៅមានការស្ទាក់ស្ទើរ ដូច្នេះយើងនៅមិនទាន់ហ៊ានសន្និដ្ឋានបាននៅឡើយទេ ដោយយើងនៅចាំមើលចុងខែតុលានេះ និងអាចខែវិច្ឆិកាសិន។

យោងតាមរបាយការណ៍ ស្តីពីស្ថានភាពនៃការនាំចេញកសិផល ក្នុងរយៈពេល៩ខែឆ្នាំ២០២៣ របស់ក្រសួងកសិកម្មបានឲ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញកសិផលប្រមាណ ៥,៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ប្រមាណ៧១ប្រទេស ដោយទទួលបានចំណូលជាង៣.២១៣លានដុល្លារ។

ក្នុងចំណោមកសិផល ដែលបាននាំចេញទាំងជាង៥លានតោននេះ ក្នុងនោះការនាំចេញអង្ករមានចំនួនជាង៤៥ម៉ឺនតោន, ស្រូវចំនួនជាង១,៨លានតោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួនជាង៣,៣លានតោន ដោយបាននាំចេញទៅកាន់៧១ប្រទេស ថយចុះចំនួនជាង ១៣%។

ចំណែក តម្លៃដែលទទួលបានពីការនាំចេញ កសិផលសរុបមានចំនួនជាង៣.២១៣លានដុល្លារអាមេរិក ក្នុងនោះនាំចេញអង្ករទទួលបានថវិកាជិត៣៩៥លានដុល្លារអាមេរិក ការនាំចេញស្រូវទទួលបានជាង ៦៥៨លានដុល្លារអាមេរិក និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានជិត២.១៦០លានដុល្លារអាមេរិក។

លោកប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ឲ្យដឹងថា បើយើងចូលទៅមើលនៅក្នុង platform ការដាក់លក់ផលិតផលខ្មែរ យើងនៅទីផ្សារនេះ គេមិនតម្រូវឲ្យមានលក្ខខណ្ឌអ្វីច្រើនពេកនោះទេ ពីព្រោះដោយ​សារ យើងបានពិនិត្យលទ្ធភាពរបស់យើង និងរីឯគេក៏បានពិនិត្យលទ្ធភាពរបស់គេរួចរាល់ហើយ មុននឹងគេអនុញ្ញាតឲ្យអាចដាក់លក់ផលិតផលខ្មែរបាន ដូច្នេះវាមិនមានលក្ខខណ្ឌអ្វីច្រើនពេកនោះទេ។

លោកបានបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញពាណិ​ជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដូច្នេះហើយនៅពេលណាកម្ពុជាដាក់លក់ផលិតផលខ្មែរកាន់តែច្រើន នៅលើទីផ្សារអនឡាញនេះ វានឹងជួយផ្សព្វផ្សាយទៅដល់អតិថិជន ដែលជាអ្នកប្រើប្រាស់នៅលើពិភពលោកបានដឹង បានស្គាល់ពីគុណភាព និងម៉ាក់ផលិតផលខ្មែរ ដែលបានផលិតនៅកម្ពុជា”។

ចំណែក ការធ្វើពាណិជ្ជកម្មប្រព័ន្ធអនឡាញនេះ វានឹងជួយសម្រួលការធ្វើពាណិជ្ជកម្ម កាន់តែងាយស្រួលបានច្រើនជាងមុន និងបង្កើនចំណូលបានឆាប់រហួស ដើម្បីលុបបំបាត់នូវរបាំងផ្សេងៗទៀត ដែលពាក់ព័ន្ធទៅនឹងពាណិជ្ជកម្មនេះ។

កន្លងទៅថ្មីៗនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយនឹងក្រុមហ៊ុន Alibaba របស់ប្រទេសចិន ដើម្បីដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជា លើទីផ្សារចិន ក៏ដូចជាបណ្តាប្រទេសអាស៊ាន តាមរយៈ “ថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក-Platform eWTP)” និងជំរុញការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកAlibaba ដើម្បីទាញយកប្រយោ​ជន៍ពីទីផ្សារអន្តរជាតិ ឱ្យបានជាអតិបរមា៕

LEAVE A REPLY

Please enter your comment!
Please enter your name here