ស្ថាប័នរដ្ឋាភិបាល និងអង្គការអន្តរជាតិមកពី១៥ប្រទេស ជួបប្រជុំគ្នាក្នុង “វេទិកាធុរកិច្ចអាស៊ីបូព៌ាឆ្នាំ២០២៣”នៅប្រទេសចិន

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ “វេទិកាធុរកិច្ចអាស៊ីបូព៌ាឆ្នាំ២០២៣” ដែលរៀបចំឡើងនៅទីក្រុងហៃគូ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញថ្នាក់ដឹកនាំពីបណ្ដាអង្គការអន្ដរជាតិ ស្ថាប័នរាជរដ្ឋាភិបាលចំនួន១៥ប្រទេស ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។

វេទិកានេះ ធ្វើឡើងដើម្បីបើកអង្គប្រជុំរួមគ្នាមួយ ក្រោមប្រធានបទ “ការប្រមូលផ្ដុំ និងការជម្រុញការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងតំបន់”។

ក្រសួងពាណិជ្ជកម្ម ក្នុងបណ្តាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា វេទិកានេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដែលត្រូវបានផ្ដួចផ្ដើមឡើង ដោយក្រុមប្រឹក្សាចិនសម្រាប់ការជម្រុញពាណិជ្ជកម្មអន្ដរជាតិ (China Council for the Promotion of International Trade ឬ CCPIT) និងគាំទ្រដោយក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន គឺជាវេទិកានៃយន្ដការកិច្ចសហប្រតិបត្តិការ សម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងចំណោមសហគមន៍ធុរកិច្ចក្នុងប្រទេសអាស៊ីបូព៌ា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភពដដែលបានឲ្យដឹងទៀតថា វេទិកានេះ ផ្ដល់នូវការអនុវត្ដកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរទម្រង់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងបទពិសោធន៍ ការពិភាក្សាអំពីនិន្នាការ នៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ការសម្របសម្រួលកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការវិនិ​យោគ ការជំរុញសមាហរណកម្មសេដ្ឋកិច្ចរវាងរដ្ឋាភិបាល និងសមាគ​មអាជីវកម្មរបស់ប្រទេសក្នុងតំបន់ ដែលរួមមានប្រទេសក្នុងតំបន់អាស៊ាន ប្រទេសចិន សាធារណរដ្ឋកូរ៉េ ប្រទេសជប៉ុន ប្រទេសឥណ្ឌា ប្រទេសអូស្ដ្រាលី និង ប្រទេសនូវែលហ្សែឡង់។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ធ្វើឡើងក្រោមប្រធានបទ “ការប្រមូលផ្ដុំ និងការជម្រុញការងើបឡើងវិញ នៃសេដ្ឋកិច្ចក្នុងតំបន់” ដោយបានអញ្ជើញ ថ្នាក់ដឹកនាំពីបណ្ដាអង្គការអន្ដរជាតិ ស្ថាប័នរាជរដ្ឋាភិបាលចំនួន១៥ប្រទេស សមាគមអាជីវកម្ម ស្ថានទូត និង អគ្គកុងស៊ុលនៅប្រទេសចិន ប្រធានសហគ្រាសបរទេស ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រុមប្រឹក្សាចិន សម្រាប់ការជម្រុញពាណិជ្ជកម្មអន្ដរជាតិ (CCPIT) អភិបាលខេត្ដហៃណាន អ្នកជំនាញក្នុងស្រុក អ្នកប្រាជ្ញក្នុងវិស័យពាក់ព័ន្ធ និងសហគ្រិនល្បីឈ្មោះ ដើម្បីចូលរួមផងដែរ។

វេទិកានេះ ពិភាក្សាទៅលើប្រធានបទចំនួន៣ ដែលប្រធានបទទី១ ស្ដីពី “ការកែទម្រង់ការបែងចែកខ្សែសង្វាក់ផ្គត់ផ្គង់ ឧស្សាហកម្មនៃប្រព័ន្ធការងារ កិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មតំបន់ និងសេដ្ឋកិច្ចអោយកាន់តែស៊ីជម្រៅ”។

ប្រធានបទទី២ស្ដីពី “ការរួមគ្នាពង្រឹងនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ក្រោយការរាតត្បាត និងការធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់ មានភាពរស់រវើកឡើងវិញ” និងប្រធានបទទី៣ ស្ដីពី “កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងកំពង់ផែ ពាណិជ្ជកម្មសេរីហៃណាន និង ប្រទេសក្នុងតំបន់អាស៊ាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here