ដោយ៖ វុទ្ធី និង ឆយតូច
ភ្នំពេញ៖ ខណ្ឌជ្រោយចង្វារ បាននិងកំពុងមានសក្កានុពល ក្នុងទាក់ទាញអ្នកវិនិយោគិនទាំងក្នុង និងក្រៅប្រទេស មកដាក់ទុនវិនិយោគតំបន់នេះ បើទោះបីជាមានវិបត្តិសេដ្ឋកិច្ចសកល។
លោក ប៉ូ អ៊ាវគង់ អគ្គនាយក និងស្ថាបនិកក្រុមហ៊ុនអ៊ែតវ៉ាន់ស៍ រៀលអ៊ីស្ទេតបានប្រាប់កាលពីចុងសប្តាហ៍កន្លងមកនេះថា ខណ្ឌជ្រោយចង្វារ ជាតំបន់មួយ ដែលមានសក្កដានុពល និងងមានគម្រោងធំៗជាច្រើនទាំងរដ្ឋ និងឯកជន។
លោក បានបន្តថា នៅជ្រោយចង្វារមានគម្រោងអភវិឌ្ឍន៍ជាច្រើន ដែលកំពុងតែសាងសង់ ហើយមានគម្រងលំនៅដ្ឋានធំៗដូចជា OCIC ប៉េង ហ៊ួត និង អរគីដេជាដើម។
លោក បានឱ្យដឹងទៀតថា រយៈពេល២ឆ្នាំទៅមុខទៀតទីក្រុងជ្រោយចង្វារ នឹងមានប្រជាជានរស់នៅច្រើន ដោយសារប្រជាជនមានការកើនឡើង អ្នក ដែលមានលទ្ធភាពចាប់ផ្ដើមរកផ្ទះ ដើម្បីលំហែកាយ ឬដើម្បីរស់នៅ ហើយតំបន់ជាយក្រុងចាប់ផ្ដើមស្រូបទាញប្រជាជនពីទីក្រុង និងតាមបណ្តាលខេត្ត។
តាមការមើលឃើញរបស់លោក ប៉ូ អ៊ាវគង់ ទៅថ្ងៃអនាគត ទីក្រុងរណបជ្រោយចង្វារ នឹងមានការអភិវឌ្ឍខ្លាំង លើវិស័យសំណង់ធំៗ ក្នុងនោះដែរ វាបានបែងចែកជាពីរគឺ ទីមួយ តំបន់បីគីឡូម៉ែត្ររាប់ពីគល់ស្ពានជ្រោយចង្វារ នឹងមានការអភិវឌ្ឍទៅជា អាគារខ្ពស់ៗ ខុនដូ ការិយាល័យជាដើម ចំណែកឯប្រាំគីឡូម៉ែត្រពីគល់ស្ពានជ្រោយចង្វារ នឹងសម្បូរទៅដោយ លំនៅឋានកម្រិតខ្ពស់។
ក្នុងខណ្ឌជ្រោយចង្វារ គេសង្កេតឃើញថា លំនៅឋានតម្លៃកន្លះលានដុល្លារជាច្រើន បានចាប់ផ្ដើមបើកគម្រោងលក់ទៅកាន់អតិថិជន ហើយគម្រោងលំនៅឋានខ្លះទៀតក៏បាន និងកំពុងសាងសង់ជាបន្តបន្ទាប់ផងដែរ។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ធ្លាប់បានលើកឡើងថា អ្នកអភិវឌ្ឍន៍ មុននឹងចាប់ផ្ដើមគម្រោងអ្វីមួយ គេមើលទៅគម្រោងអភិវឌ្ឍន៍របស់រដ្ឋផងដែរ បើសិនជាតំបន់នោះ មានការសាងសង់គម្រោងរបស់រដ្ឋ ដូចជាស្ពាន ផ្លូវ និងគម្រោងផ្សេងទៀត នោះអ្នកវិនិយោគនឹងទៅរកតំបន់ដើម្បីធ្វើការវិនិយោគដែរ។
ងាកទៅតំបន់ផ្លូវជាង៦អា ដែលក្នុងនៅខណ្ឌជ្រោយចង្វារ វាមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មានទេ ហើយវាមានផ្លូវស្អាតៗ មានស្ពានឆ្លងកាត់ទន្លេក៏ច្រើន និងកំពុងសាងសង់បន្ថែមទៀត ដូច្នេះការធ្វើដំណើរទៅកាន់តំបន់នោះ នឹងលែងកកស្ទះ ក្រោយពេលសំណង់ស្ពានទាំងនោះរួចរាល់៕