កម្ពុជាបង្ហាញជំហរគាំទ្រនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ស្ថាប័នអន្តរជាតិធំៗ

ដោយៈ ម៉ាលីនណា

        អន្តរជាតិៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមក្នុងមហាសន្និបាតពេញអង្គប្រចាំឆ្នាំ២០២៣ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) ដែលត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី៩-១៥ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងម៉ារ៉ាកិច ប្រទេសម៉ារ៉ុក។

ការចូលរួមនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងកិច្ចសហការរវាងកម្ពុជា IMF និង WB ឱ្យកាន់តែរឹងមាំ សម្រាប់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូចជា ផ្តល់ឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាមួយប្រទេសជាសមាជិកដទៃថែមទៀតផងដែរ។

មហាសន្និបាតឆ្នាំនេះ មានការចូលរួមជាចម្បងពីសំណាក់ទេសា​ភិបាលធនាគារកណ្តាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ ដែលជាតំណាងប្រទេ​សសមាជិក នៅក្រុមប្រឹក្សាទេសាភិបាលនៃស្ថាប័នអន្តរជាតិទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងចម្បងមហាសន្និបាទនេះ គឺដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពការងារ និងទស្សនវិស័យរបស់ IMF និង WB ដែលបង្ហាញពីលទ្ធភាពនៃការជួយពង្រឹងបន្ថែមទៀត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាសមាជិក។

ទន្ទឹមនេះ វេទិកាពាក់ព័ន្ធនានាក៏ត្រូវបានរៀបចំផងដែរ ដើម្បីផ្តល់ជាវេទិកាពិភាក្សាពីស្ថានភាព និងបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោកនិងតំបន់។ ប្រធានបទចម្បងៗ ដែលបាននិងកំពុងយកចិត្តទុកដាក់ពី IMF និង WB រួមមាន ការលុបបំបាត់ភាពក្រីក្របំផុតនៅលើពិភពលោក វិសមភាពចំណូល ការអភិវឌ្ឍនិងហិរញ្ញប្បទានបៃតង បញ្ហាអាកាសធាតុ ការអនុវត្តនយោបាយរូបិយវត្ថុវិត្ថារកម្ម ឌីជីថលូបនីយកម្ម ជាដើម។

កន្លងមក IMF និង WB បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេស ហិរញ្ញប្បទាន អាហារូបករណ៍ក្នុងការអភិវឌ្ឍធនធានមនុស្ស តាមដាននិងការវាយតម្លៃសេដ្ឋកិច្ច និងការផ្តល់អនុសាសន៍លើគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាដើម។

ទន្ទឹមនេះ កម្ពុជាជាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលទទួ​ល​បានអត្ថប្រយោជន៍ ក្នុងរូបភាពជាជំនួយបច្ចេកទេសច្រើនជាងគេពី IMF ផងដែរ។

លោកជំទាវបណ្ឌិត ទេសាភិបាល បានជួបពិភាក្សាការងារទ្វេរភាគីជាមួយភាគីពាក់ព័ន្ធនានា ជាពិសេស កិច្ចប្រជុំទ្វេភាគីជាមួយធនាគារកណ្តាលម៉ារ៉ុក ដែលលោកជំទាវនិង លោកAbdellatif Jouahri ទេសាភិបាល ធនាគារកណ្តាលម៉ារ៉ុក បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលក្នុងនោះមានប្រព័ន្ធទូទាត់ និងរូបិយប័ណ្ណឌីជីថល ជាដើម។

ស្របពេលជាមួយគ្នានេះ លោកជំទាវបណ្ឌិតក៏បានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម Perry Warjiyo ទេសាភិបាលធនាគារកណ្តាលឥណ្ឌូណេស៊ី ដើម្បីពិភាក្សាពីចុះអនុស្សរណៈយោគយល់ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត ជាពិសេសលើការតភ្ជាប់ប្រព័ន្ធទូទាត់អេឡិចត្រូនិកឆ្លងដែន ដែលនឹងសម្រួលដល់ទេស​ចរណ៍ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងប្រទេសទាំងពីរ។

ភាគីទាំងពីរក៏យល់ព្រម លើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍លើការអនុវត្តនយោបាយរូបិយវត្ថុ ការងារស្ថិតិ និងប្រតិបត្តិការរបស់សាខាធនាគារកណ្តាលតាមបណ្តារាជធានី-ខេត្ត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here