សហភាពអឺរ៉ុប និងអាជ្ញាធរកម្ពុជា ពិនិត្យមើលសមិទ្ធិផលកម្មវិធី CAPFISH នៅតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ គណៈប្រតិភូជាន់ខ្ពស់ពីរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងគណកម្មការតម្រង់ទិស កម្មវិធីជំរុញកំណើនវិស័យជលផល ប្រកប​ដោយចីរភាព និងបរិយាបន្ន បានធ្វើទស្សនកិច្ចនៅតំបន់បឹងទន្លេរ​សា​បកាលពីថ្ងៃទី ២០-២២ ខែកញ្ញា។

ទស្សនកិច្ចនេះ បានបង្ហាញអំពីការរីកចម្រើន របស់គម្រោងនាពេលថ្មីៗទាក់ទិននឹងផ្នែកអប់រំ ការអភិរក្ស និងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍តាមដងទន្លសាប តាមរយៈកម្មវិធីCAPFISHដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប និងអនុវត្តដោយអង្គការអុកស្វាម អង្គការ Save the Children និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)។

ក្នុងពេលទស្សនកិច្ចនោះ គណៈប្រតិភូ បានជួបពិភាក្សាជាមួយសហគមន៍ សិស្សានុសិស្សថ្នាក់មត្តេយ្យ បឋម និងមធ្យមសិក្សានិងរដ្ឋបាលថ្នាក់តំបន់​នៅភូមិថ្នល់ឈើទាល និងតំបន់រ៉ាមសារព្រែកទាល់ ដែលជារមណីយដ្ឋាន ដ៏ មានសារៈសំខាន់នៅតំបន់ឋបនីយជីវមណ្ឌ លបឹងទន្លេសាប ដើម្បីស្វែងយល់អំពីកម្មវិធី និងអត្ថប្រយោជន៍របស់កម្មវិធីដល់សហគមន៍មូលដ្ឋាន។ គណៈប្រតិភូបានឃើញពីផលជាវិជ្ជមាននៃកម្មវិធីទៅលើ ការអភិរក្សធនធានធម្មជាតិ និងការចិញ្ចឹមជីវិតរបស់សហគមន៍ និងបានកោតសរសើរចំពោះកិច្ចសហការរួមគ្នានៃអង្គការពាក់ព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធី CAPFISH បានជួយពង្រឹងសហគមន៍នេសាទ ក្នុងខេត្តចំនួន ១០ ក្នុងនោះខេត្តចំនួន៦ ស្ថិតនៅតាមដងទន្លេសាប និងចំនួន ៤ ទៀតស្ថិតនៅបណ្តោយឆ្នេរ ដោយកម្មវិធីនេះផ្តោតលើការនេសាទប្រកបដោយចីរភាព ការអប់រំ ការទទួលបានទឹកស្អាត និងអនាម័យ។ កម្មវិធី CAPFISH ផ្តោតលើការអភិវឌ្ឍប្រកបដោយភាពធន និងបរិយាបន្នក្នុងវិស័យជលផលនៅកម្ពុជា។

លោកឃុន សាវឿន រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមា​ញ់ និងនេសាទបានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយ ដែលបានឃើញពីលទ្ធផលវិជ្ជមាន របស់គម្រោងផ្តល់មូលនិធិដោយសហភាពអឺរ៉ុប នៅបឹងទន្លេសាប ដែលអនុវត្តន៍ដោយ អង្គការOxfam អង្គការ Save the Children និង អង្គការ WCS។ វាគឺជាដំណើរទស្សនកិច្ចដ៏ល្អមួយ ដើម្បីបានមើលឃើញពីភាពរីកចម្រើននៃគម្រោងទាំងនេះ ដល់សហគមន៍មូលដ្ឋាន និងការគ្រប់គ្រងធនធានធម្មជាតិ។

លោកបញ្ជាក់ថា “យើងសូមកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អ្នកពាក់ព័ន្ធ ហើយសូមរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហានៅតំបន់បឹងទន្លេរសាប”។

ជាមួយគ្នានេះ លោក Koen EVERAERT អនុប្រធានកិច្ចសហប្រតិបត្តិការនៅសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា “កម្មវិធី EU CAPFISH នៅតែប្តេជ្ញាធ្វើការ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូអង្គការសង្គមស៊ីវិល ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងវិស័យជលផល និងការអភិរក្សបរិស្ថាននៅកម្ពុជា។

គម្រោងដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប នៅបឹងទន្លេសា​ប ធ្វើជាគំរូដល់ចក្ខុវិស័យរួមរបស់យើង ក្នុងការលើកកម្ពស់ការអនុវត្តល្អក្នុងការការពារប្រព័ន្ធអេកូឡូស៊ី និងការកែលម្អជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន”។

ជាមួយគ្នានេះ លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម មានប្រសាសន៍ថា “តាមយៈគម្រោង “សហគមន៍នេសាទបង្កើតការងារជាសេដ្ឋកិច្ចវិលជុំ នៅបឹងទន្លេសាបខាងលិចក្នុងតំបន់១” ដែ​លគាំទ្រដោយសហភាពអឺរ៉ុប យើងបានជួយដល់កុមារ ៥៨៣៣ នាក់ បង្កើតក្រុមសេដ្ឋកិច្ចបៃតងចំនួន១៤ ដែលបានជាប្រយោជន៍ដល់គ្រួ​សារចំនួន១៧៣៩ និងបង្កើតបណ្តាញអេកូទេសចរណ៍ធម្មជាតិ បឹងទន្លេរសាប ដើម្បីជួយសហគមន៍នេសាទបង្កើន ប្រាក់ចំណូលបន្ថែមផងដែរ។

លោក អាលីស្ទែរ ម៉ូល នាយកអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “គម្រោង “ទន្លេសាបយើង” បានកាត់បន្ថយការនេសាទខុសច្បាប់ និងចូលរួមអនុវត្តដំណោះ​ស្រាយល្បាត ដោយប្រើប្រាស់បច្ចេកវិទ្យាអភិរក្ស ដូចជាកម្មវិធី SMART សម្រាប់ល្បាត និងការរាយការណ៍ ការចូលរួមក្នុងសកម្ម​ភាពបន្សាំអាកាសធាតុដូចជា វេទិកាស្រូវប្រកបដោយនិរន្តរភាព ការគ្រប់គ្រងភ្លើងព្រៃ និងការដាំដើមឈើឡើងវិញ សម្រាប់ការអភិរក្សផ្នែកជលផល ជាដើម ដែលទាំងនេះបានចូលរួមកាត់បន្ថយការនសាទខុសច្បាប់នៅក្នុងខេ្តចំនួន៥ ជុំវិញបឹងទន្លេសាប” ។

ចំណែកលោក ហុង រស្មី នាយកប្រចាំប្រទេសនៃអង្គការ Save the Children ប្រចាំកម្ពុជា បានមានប្រសាសន៍ថា “គម្រោង “បង្កើតបរិស្ថានដែលមានភាពស៊ាំ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ភាគខាងកើត បឹងទន្លេរសាប (GREEN)” បានបង្កើនលទ្ធភាពសហគមន៍ចំនួន៦៤៧ គ្រួសារ ក្នុងការទទួលបានទឹកស្អាត និងអនាម័យ និងសម្ភារៈសិក្សាសម្រាប់សិស្សប្រមាណ៤៥០០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here