ចំនួនបន្ទប់ខុនដូនៅភ្នំពេញ កើនឡើងដល់ជាង ២១ ០០០យូនីត

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ យូនីតខុនដូ ឬបន្ទប់ខុនដូ ថ្មីចំនួន ៨២៨ យូនីត ត្រូវបានដាក់ចូលក្នុងទីផ្សារនៅត្រីមាសទី ៣ ឆ្នាំ ២០២០ ដែលធ្វើឱ្យចំនួនយូនីតខុនដូសរុបក្នុងទីក្រុងភ្នំពេញកើនឡើងដល់ជាង ២១ ០០០ យូនីត។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន CBRE Cambodia។

របាយការណ៍បង្ហាញថា មានគម្រោងអភិវឌ្ឍន៍ខុនដូ Urban Village Phase 1 មួយគត់ស្មើនឹង ៨២៨ យូនីត ដែលជាប្រភេទខុនដូមធ្យម (Mid-Range) ត្រូវបានដាក់ចូលទីផ្សារក្នុងរាជធានីភ្នំពេញ នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០ ធ្វើឱ្យចំនួនបន្ទប់ខុនដូសរុបកើនដល់ ២១ ៦៧៩ យូនីត ឬស្មើនឹងកំណើន ៣,៩៧ ភាគរយ បើធៀបនឹងត្រីមាសទី ២ ឆ្នាំ ២០២០។

ខុនដូក្នុងរាជធានីភ្នំពេញមានប្រភេទប្រណីត (High-End) ២៧ ភាគរយ ប្រភេទមធ្យម (Mid-Range) ២៨ ភាគរយ និងប្រភេទតម្លៃសមរម្យ (Affortable) ៤៥ ភាគរយគិតនៅត្រឹមចុងត្រីមាសទី ៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ បានបង្ហាញថា ចំពោះតម្លៃលក់ខុនដូទាំង ៣ ប្រភេទបើធៀបទៅនឹងត្រីមាសទី ២ គឺមានការធ្លាក់ចុះជាមធ្យមក្នុងរង្វង់ពី ១-១,៤ ភាគរយ ខណៈកាលពីត្រីមាសទី ២ តម្លៃបានធ្លាក់ចុះចន្លោះពី ០,៦៥-៤,៦១ ភាគរយធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០២០។

សម្រាប់តម្លៃជួល គឺធ្លាក់ចុះចន្លោះពី ០-២,៨៨ ភាគរយ ខណៈកាលពីត្រីមាសទី ២ ការធ្លាក់មានចន្លោះពី ០-៧,២៥ ភាគរយ។

របាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា កាលពីត្រីមាសទី ៣ គឺមិនមានគម្រោងអភិវឌ្ឍន៍ថ្មីណាមួយបានប្រកាសពីការចាប់ផ្តើមរបស់ខ្លួនឡើយ ដោយមានគម្រោងចំនួន ៣ ប៉ុណ្ណោះ ដែលបានប្រកាសពីការពង្រីកការវិនិយោគរបស់ខ្លួនមានដូចជា Urban Village Phase 2,Arakawa Residences (Phase 2) និង Yuetai Harbour Bay (4D Tower) ដែលគម្រោងទាំង ៣ នេះមានបន្ទប់ស្នាក់នៅសរុបរួមគ្នាជាង ២ ០០០ យូនីត៕

LEAVE A REPLY

Please enter your comment!
Please enter your name here