ដោយ ហ្សូលី
ភ្នំពេញៈ ខេត្តកណ្តាលកំពុងមានសក្តានុពលលើច្រើនវិស័យ ទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យឧស្សាហកម្ម ជាពីសេសវិស័យអចលនទ្រព្យ ដែលមានការរីកចម្រើន និងអភិវឌ្ឍន៍ នៅលើគម្រោងអចលវត្ថុជាច្រើន ក្នុងនោះវិស័យដីធ្លី ត្រូវបានអ្នកជំនាញសម្លឹងឃើញថា មានការពេញនិយមក្នុងការវិនិយោគច្រើនជាងគេ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថ្លែងប្រាប់គេហទំព័រPropertyarea.asia នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២០នេះថា ថ្វីត្បិតតែវិស័យអចលនទ្រព្យ នៅខេត្តកណ្តាលហាក់មិនទាន់មានភាពប្រាកដប្រជានៅពេលអនាគតយ៉ាងក៏ដោយ ប៉ុន្តែប្រជាជនភាគច្រើននិយមវិនិយោគទៅលើវិស័យដីធ្លីច្រើនជាងគេ បើធៀបនឹងវិស័យដទៃ។
លោកបន្តថា “តំបន់ដែលកម្រើកលើទីផ្សារដីធ្លីនោះ មានដូចជា នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី ២ ផ្លូវក្រវ៉ាតក្រុងទី ៣ ហើយនិងប្រភេទដីធ្លី សម្រាប់សាងសង់លំនៅដ្ឋានផងដែរ” ។ លោកបន្តថា “និយាយរួមសក្តានុពលខេត្តកណ្តាលនឹងមានកំណើន ជាក់ស្តែងនៅតំបន់ដែលស្ថិតនៅជាប់ ក្នុងតំបន់ពាណិជ្ជកម្មក្បែរព្រលានយន្តហោះថ្មី ដែលរដ្ឋាភិបាលបានកំណត់រួចរាល់” ។
កាលពីថ្មីៗនេះ លោកបណ្ឌិត វ៉ាន់ វ៉ាត បានបញ្ជាក់ថា ការរៀបចំផែនការអភិវឌ្ឍន៍របស់ខេត្តកណ្តាលបានបញ្ចប់ហើយទាំងក្រុង ស្រុក នានារបស់ខេត្ត ដែលបានបែកចែកទីតាំងសម្រាប់ការរស់នៅ កន្លែងធ្វើអាជីវកម្ម ឧស្សាហកម្ម និងផលិតកម្មផ្សេងៗនៅតាមតំបន់នីមួយ។
អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ឲ្យដឹងថា ខេត្តកណ្តាលមានសក្ដានុពល ដ្បិតវាមានវិសាលភាពធំទូលាយ និងនៅហ៊ុព័ទ្ធជុំវិញរាជធានីភ្នំពេញ ដែលជា មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ប្រចាំប្រទេស។
លោកឧកញ៉ាបន្តថា ខេត្តកណ្តាលមានភាពអំណោយផល លើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចដូចជា មានតំបន់សេដ្ឋកិច្ចពិសេស មានផ្លូវក្រវ៉ាត់ក្រុង ផែស្ងួត រោងចក្រ សហគ្រាសធំៗ ឃ្លាំងផ្ទុកទំនិញ ក៏ដូចជា គម្រោង អភិវឌ្ឍលំនៅដ្ឋានប្រណីត និងលំនៅដ្ឋានតម្លៃមធ្យមជាដើម” ៕