ក្រុមហ៊ុនបច្ចេកវិទ្យា IT ជាច្រើនសម្រុកនាំគ្នាកាត់បន្ថយទំហំការិយាល័យជួលរបស់ខ្លួន

ដោយ: គង់ លាងហួរ
ហាណូយ: ក្រុមហ៊ុន CBRE Vietnam បានរាយការណ៍ថា ការិយាល័យជួលនៅទីក្រុងហាណូយបានធ្លាក់ចុះចំនួន៥.០០០ម៉ែត្រការ៉េនៅក្នុងត្រីមាសទីពីរ ឆ្នាំ២០២៣នេះ ខណៈដែលអ្នកជួលបានកាត់បន្ថយ ឬផ្លាស់ប្តូរទៅកន្លែងធ្វើការរួមគ្នា។

នៅត្រីមាសទី២ អត្រាការិយាល័យទំនេរកម្រិត B បានកើនឡើង៥ភាគរយបើធៀបទៅនឹងឆ្នាំមុនដល់១៥,៥ភាគរយ។យោងតាមរបាយការណ៍មួយចេញផ្សាយដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យមួយផ្សេងទៀត JLL បានបង្ហាញថា អត្រាស្រូបយកការិយាល័យកម្រិត A បានដាំក្បាលចុះ២៨% មកត្រឹម៧.៣០០ម៉ែត្រការ៉េ។

អត្រាការិយាល័យទំនេរឈរនៅត្រឹម១៧% ពោលគឺស្មើនឹង៧៩.០០០ម៉ែត្រការ៉េ ដោយការផ្គត់ផ្គង់ថ្មីបានហក់ឡើងយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០២០ ខណៈពេលដែលតម្រូវការបន្តនៅទ្រឹង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សមាគមអ្នកអចលនទ្រព្យវៀតណាមបាននិយាយថា តម្រូវការបានធ្លាក់ចុះ ដោយសារអាជីវកម្មជាច្រើនប្រឈមនឹងការលំបាក ដោយបង្ខំឱ្យពួកគេកាត់បន្ថយទំហំជួល និងបិទសាខា។

នាយកក្រុមហ៊ុនឈ្មួញជើងសាអចលនទ្រព្យមួយរូប ដែលមានមូលដ្ឋាននៅស្រុក Nam Tu Liem បានមានប្រសាសន៍ថា ចាប់តាំងពីចុងឆ្នាំមុន ក្រុមហ៊ុនរបស់គាត់បានបិទសាខានៅក្នុងខេត្តដទៃផ្សេងទៀត និងកាត់បន្ថយទំហំការិយាល័យកណ្តាលរបស់ខ្លួននៅទីក្រុងហាណូយចំនួនពីរភាគបី។

ចំណែក ក្រុមហ៊ុននៅក្នុងវិស័យបច្ចេកវិទ្យា និងវិស័យផ្សេងទៀតក៏បានកាត់បន្ថយទំហំការិយាល័យរបស់ពួកគេផងដែរ។ យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills Vietnam បានឱ្យដឹងថា ចំនួនកិច្ចសន្យាជួលការិយាល័យពីបណ្តាក្រុមហ៊ុន IT បានធ្លាក់ចុះអស់ពាក់កណ្តាលនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here