ប្រទេសចិន បង្ហាញកញ្ចប់វិធានការថ្មីដើម្បីស្ដារផ្សារហ៊ុនឡើងវិញ

តែម សុខុម

សៀងហៃ: និយ័តករមូលបត្រនៃប្រទេសចិន បានបង្ហាញកញ្ចប់វិធានការថ្មីកាលពីថ្ងៃសុក្រ ទី១៨ ខែសីហា ដើម្បីស្តារឡើងវិញនូវផ្សារហ៊ុនរបស់ខ្លួនដែលកំពុងដាំក្បាលចុះ។

ទោះជាយ៉ាងណា ក្រុមអ្នកវិនិយោគបានលើកឡើងថា វិធានការទាំងនោះនឹងជួយបានតិចតូចណាស់ក្នុងការបង្កើនទំនុកចិត្តក្នុងទីផ្សារ ប្រសិនបើសេដ្ឋកិច្ចនៅតែធ្លាក់ចុះ។

គណៈកម្មាធិការនិយ័តកម្មមូលបត្រចិន (CSRC) បានស្នើវិធានការនានារួមទាំងការកាត់បន្ថយថ្លៃដើមនៃការជួញដូរ ការគាំទ្រការទិញយកភាគហ៊ុនត្រលប់មកវិញ និងការលើកទឹកចិត្តដល់ការវិនិយោគរយៈពេលវែងដើម្បីគាំទ្រដល់ផ្សារហ៊ុនដែលបានធ្លាក់ចុះដល់កម្រិតទាបរយៈពេល៩ខែផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

និយ័តករមូបត្រនិយាយថា ខ្លួនមិនដឹងទេថានឹងមាន ឬគ្មានការកាត់ពន្ធប្រថាប់ត្រា ជាវិធានការមួយដែលត្រូវបានលើកយកទៅពិភាក្សានាពេលថ្មីៗនេះ ព្រោះគណៈកម្មាធិការនិយ័តកម្មមូលបត្រចិន (CSRC) និយាយថា វិធានការទាំងនោះហួសដែនអំណាចរបស់ខ្លួនដោយសារវាស្ថិតក្រោមដែនអំណាចរបស់ក្រសួងហិរញ្ញវត្ថុ។

វិធានការផ្សេងៗទៀតដែលដាក់ចេញដោយគណៈកម្មាធិការនិយ័តកម្មមូលបត្រចិន (CSRC) រួមទាំងការជំរុញការអភិវឌ្ឍមូលនិធិសមធម៌ ការសិក្សាផែនការបន្ថែមម៉ោងជួញដូរ និងការធ្វើឱ្យប្រសើរឡើងនូវភាពទាក់ទាញរបស់បណ្ដាក្រុមហ៊ុនដែលបានចុះបញ្ជីផងដែរ។

ក្រុមមេដឹកនាំនៃប្រទេសចិន កាលពីចុងខែកក្កដា បានប្តេជ្ញាពង្រឹងឡើងវិញនូវផ្សារហ៊ុនដែលបាននិងកំពុងដាំក្បាលចុះផងដែរ ខណៈការងើបឡើងវិញនៃសេដ្ឋកិច្ចចិន បានបាត់បង់សន្ទុះ ហើយវិបត្តិក្នុងទីផ្សារអចលនទ្រព្យក៏កាន់តែធ្ងន់ធ្ងរទៅៗ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here