ដោយ: គង់ លាងហួរ
ស៊ីដនី: ផ្សារហ៊ុននៅតំបន់អាស៊ីឆ្ពោះទៅរកការខាតបង់ប្រចាំសប្តាហ៍ទី៣ ជុំវិញក្តីបារម្ភអំពីសេដ្ឋកិច្ចរបស់ប្រទេសចិន និងការភ័យខ្លាចអំពីការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកក្នុងរយៈពេលយូរជាងនេះ។
សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ធំបំផុតរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើង០,១% បន្ទាប់ពីបានធ្លាក់ដល់កម្រិតទាបក្នុងរយៈពេល៩ខែកាលពីវគ្គជួញដូរមុន។
ប៉ុន្តែ សន្ទស្សន៍នេះបានឈានទៅរកការខាតបង់ប្រចាំសប្តាហ៍ចំនួន២,៨ភាគរយ ដែលជាការធ្លាក់ថ្លៃក្នុងសប្តាហ៍ទី៣ជាប់ៗគ្នា។ ចំណែក ផ្សារហ៊ុន Nikkei របស់ជប៉ុនខាតបង់០,៤ភាគរយ និងធ្លាក់ថ្លៃ៣ភាគរយប្រចាំសប្តាហ៍នេះ។
ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវរបស់ប្រទេសចិនបានស្ទុះងើបឡើងវិញ០,២ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃ០,៣ភាគរយ។
ភាគហ៊ុនរបស់ប្រទេសចិនបានដាំក្បាល១០% ពីកម្រិតខ្ពស់របស់ពួកគេនៅក្នុងខែមករា ដោយសារទិន្នន័យសេដ្ឋកិច្ចបានបង្ហាញពីភាពរអាក់រអួលនៃការស្ទុះងើបឡើងវិញក្រោយជំងឺរាតត្បាត ដោយអ្នកវិនិយោគនៅតែមិនចាប់អារម្មណ៍ជាមួយនឹងវិធានការគាំទ្រតិចតួចពីអ្នកបង្កើតគោលនយោបាយ។
លោក Jonas Goltermann អនុប្រធានសេដ្ឋវិទូផ្នែកទីផ្សារនៃក្រុមហ៊ុន Capital Economics បានលើកឡើងថា “នៅដើមឆ្នាំនេះ សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងមានថាមពលទៅមុខប៉ុន្តែរូបភាពនេះកាន់តែអាក្រក់ទៅៗតាំងពីពេលនោះមក ហើយពេលនេះមើលទៅអាប់អួរណាស់”៕