ការនាំចេញសម្លៀកបំពាក់និងសម្ភារៈពាក់ព័ន្ឋសម្រេចបានទំហំទឹកប្រាក់ជាង៤៤០០លានដុល្លារ

ដោយៈ និស្ស័យ

      ភ្នំពេញៈ ទិន្នន័យបានបង្ហាញថា ការនាំចេញ​សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់​បន្សំ ដែលមាន​ទឹកប្រាក់​សរុប​ជាង៤,៤​ ពាន់​លាន​ដុល្លារ​ ត្រូវបាន​កម្ពុជា ​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ ​នៅក្នុង​រយៈពេល ៧ ​ខែ​នៃ​ឆ្នាំ ​២០២៣។

ទំហំទឹកប្រាក់នាំចេញនេះ បានថយចុះ​ជាង២០​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ ​២០២២​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

តារាង​ស្ថិតិ​ពាណិជ្ជកម្ម​នាំចេញ​ទំនិញ​របស់ GDCE បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​ ២០២៣ ការនាំចេញ​ទំនិញ​ក្នុង​ជំពូក ​(HS ២​ ខ្ទង់​) ដែលមាន​លេខ​កូដ៦១ និង៦២ រួមមាន សម្លៀក​បំពាក់ និង​គ្រឿង​បន្ទាប់បន្សំ ដែល​ធ្វើ​ពី​ក្រណាត់ ឬ​មិន​ធ្វើ​ពី​ក្រណាត់ (Articles of apparel and clothing accessories, Knitted and not knitted or crocheted) មាន​ទឹកប្រាក់​សរុប ៤ ៤៦៩,០៣​ លាន​ដុល្លារ ធ្លាក់ចុះ ២០,៦៣ ​ភាគរយ​ពី​ចំនួន ៥ ៦១៩,៥៥ ​លាន​ដុ​ល្លារ​នា​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទំហំទឹកប្រាក់​នាំចេញ​ទំនិញ​លេខ​កូដ៦១ និង៦២ មានចំនួនស្មើនឹង ៣៣,០៤​ភាគរយ ​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​សរុប​របស់​កម្ពុជា​ក្នុង​រយៈពេល៧​ខែ ឆ្នាំ​២០២៣ ដែលមាន១៣,៥២៥,០៩ ​លាន​ដុល្លារ​។​

របាយការណ៍បានឱ្យដឹងទៀតថា សម្រាប់​ខែ​កក្កដា ឆ្នាំ​ ២០២៣ ការនាំចេញ​ផលិត​ផល​លេខ​កូដ៦១ និង៦២ មានទំហំទឹក​ប្រាក់ ៨១៤,៦២ ​លាន​ដុល្លារ ធ្លាក់ចុះ២៦,៥៧​ភាគរយ ធៀបនឹង​ខែកក្កដា ឆ្នាំ​ ២០២២​។​

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បានមានប្រសាសន៍ថា ការធ្លាក់ចុះ​សកម្មភាព និង​ចំនួន​ទឹក​​ប្រាក់​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​អន្តរជាតិ ​បាន​លេចឡើង​នៅ​ស្ទើរ​គ្រប់​ប្រទេស​ប្រ​មាណ១​ឆ្នាំ​មកហើយ បើទោះបី​ក្តីបារម្ភ​ពី​វិបត្តិ​ជំងឺ​កូ​វីដ ១៩ ត្រូវបាន​បិទ​បញ្ចប់​ហើយក៏​ដោយ​។

លោកបន្តថា “បញ្ហា​កើតមាន​ខាងលើ គឺ​ភាគច្រើន​បណ្តាលមកពី​ឥទ្ធិពល​នៃ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ ​ប្រទេស​មហាអំណាច​ធំៗ និង​សង្គ្រាម​នៅ​ប្រ​​ទេស​អ៊ុយ​ក្រែ​ន​”។ លោក​បន្តថា “ចរន្ត​នៃ​ការធ្លាក់ចុះ​នេះ គឺ​កើតឡើង​ស្ទើរ​គ្រប់មុខ​ទំនិញ និង​គ្រប់​ប្រទេស​ទាំងអស់”​។​

អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​(GMAC)​ លោក កាំ​ង ម៉ូ​នី​កាបានមានប្រសាសន៍ឲ្យដឹងកន្លងមកថា ការនាំចេញ​ផលិតផល​សម្លៀកបំពាក់​កម្ពុជា ​ទៅ​ទីផ្សារ​អន្តរជាតិ គឺ​បាន​ធ្លាក់ចុះ​ចាប់តាំងពី​ឆមាស​ទី​២ ឆ្នាំ​២០២២​។ មូលហេតុ​គឺ​ដោយ​សារ​សេដ្ឋកិច្ច​ប្រទេស​ធំៗ​ជួប​បញ្ហា ​ដែល​បណ្តាល​ពី​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។​

ទីផ្សារ​សំខាន់ៗ​ សម្រាប់​ផលិតផល​សម្លៀកបំពាក់​កម្ពុជា គឺ​អាមេរិក សហភាព​អឺរ៉ុប ជប៉ុន កា​ណា​ដា និង​ចក្រភព​អង់គ្លេស​៕

LEAVE A REPLY

Please enter your comment!
Please enter your name here