ផ្សារហ៊ុននៅតំបន់អាស៊ីធ្លាក់ថ្លៃដល់កម្រិតទាបរយៈពេល១១សប្តាហ៍ នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ

ហុងកុង: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃដល់កម្រិតទាបរយៈពេល១១សប្តាហ៍ នៅថ្ងៃពុធនេះ ខណៈមានក្តីបារម្ភជាថ្មីអំពីអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ដែលបានបង្កបញ្ហាដល់សង្កាត់ផ្សារហ៊ុន Wall Street។

ផ្សារហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃ១,១ភាគរយនៅម៉ោង 0138GMT ដែលឈានដល់ចំណុចទាបបំផុតគិតចាប់តាំងពីថ្ងៃទី១ ខែមិថុនា។

សន្ទស្សន៍ Nikkei 225 របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃ១,៣ភាគរយដល់កម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី១២ ខែកក្កដា។ សន្ទស្សន៍ S&P/ASX 200 របស់អូស្រ្តាលីបានធ្លាក់ថ្លៃចុះជិត១,៥ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេស​ចិន​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារថា​ ទិន្នន័យ​សកម្មភាព​នៅ​ខែកក្កដា​មានភាពខ្សោយ​ជាង​ការ​រំពឹង​ទុក​ ​គួបផ្សំជាមួយនឹងព័ត៌មាន​ដែលថា​ ទីក្រុង​ប៉េកាំង​នឹង​លែង​បោះផ្សាយ​ទិន្នន័យ​គ្មាន​ការងារ​ធ្វើ​របស់​យុវជន​ទៀត​ហើយ។

កាលពីថ្ងៃអង្គារ ធនាគារកណ្តាលចិន (PBOC) ក៏បានទម្លាក់អត្រាគោលនយោបាយរបស់ខ្លួនដោយមិននឹកស្មានដល់ផងដែរ ពោលគឺលឿនជាងការរំពឹងទុករបស់អ្នកវិនិយោគជាច្រើន ដែលនេះអាចបណ្តាលមកពីទិន្នន័យគួរឱ្យខកចិត្តលើប្រាក់កម្ចី និងឥណទាន ទីផ្សារលំនៅដ្ឋាន  ព្រមទាំងការគំរាមកំហែងនៃបរិត្តផរណា។

លោក Redmond Wong អ្នកយុទ្ធសាស្រ្តទីផ្សារ Greater China ប្រចាំនៅក្រុមហ៊ុន Saxo Markets បានលើកឡើងថា “អារម្មណ៍របស់វិនិយោគិនចំពោះប្រទេសចិនគឺអាក្រក់ណាស់”។

ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng និងសន្ទស្សន៍ភាគហ៊ុន CSI300 គោលរបស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ១,២១ភាគរយ និង០,៤៣ភាគរយរៀងៗគ្នា។

សន្ទស្សន៍ភាគហ៊ុនធំ ៗ ទាំង៣របស់សហរដ្ឋអាមេរិកបានធ្លាក់ថ្លៃកាលពីថ្ងៃអង្គារ ខណៈការលក់រាយរបស់សហរដ្ឋអាមេរិកកើនខ្លាំងជាងការរំពឹងទុក។  សន្ទស្សន៍ Dow Jones Industrial Average បានធ្លាក់ថ្លៃ១,០២ភាគរយ។ ភាគហ៊ុន S&P 500 បានធ្លាក់ថ្លៃ១,១៦ភាគរយ ហើយ Nasdaq Composite បានធ្លាក់ថ្លៃចុះ១,១៤ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here