តែម សុខុម
ម៉ូស្គូ: ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃច័ន្ទ ទី១៤ សីហា បានស្តីបន្ទោសធនាគារកណ្តាលរុស្ស៊ី ខណៈរូបិយប័ណ្ណជាតិរូប៊ល (Ruble) បានធ្លាក់ថ្លៃលើសពី១០១រូប៊ល ទល់នឹង១ដុល្លារអាមេរិក។
ទីប្រឹក្សាសេដ្ឋកិច្ចខាងលើបានបន្ទោសការធ្លាក់ថ្លៃ៣០%នៃរូបិយប័ណ្ណរូប៊ល នេះថាមកពីគោលនយោបាយរូបិយវត្ថុធូររលុង ហើយនេះសរបង្ហាញពីការខ្វែងគំនិតគ្នាកាន់តែខ្លាំងឡើងក្នុងចំណោមអាជ្ញាធររូបិយវត្ថុរបស់រុស្ស៊ី។
ចាប់តាំងពីប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានបញ្ជូនកងទ័ពចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មកនោះ រូបិយប័ណ្ណរូប៊ល បានធ្លាក់ថ្លៃប្រមាណ១ភាគ៤នៃតម្លៃរបស់វាទល់នឹងប្រាក់ដុល្លារអាមេរិក រហូតដល់១០១,០៤រូប៊ល ទល់នឹង១ដុល្លារអាមេរិក ដែលជាការធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល១៧ខែមកនេះ។
នៅពេលរូបិយប័ណ្ណរូប៊ល ធ្លាក់ថ្លៃខ្លាំងបែបនេះ លោក ម៉ាស៊ីម អូរេសគីន (Maxim Oreshkin) ដែលជាទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតី ពូទីន បានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថា វិមានក្រឹមឡាំង ចង់ឱ្យរូបិយប័ណ្ណរូប៊ល ហក់ឡើងថ្លៃឡើងវិញ ហើយរំពឹងថាស្ថានភាពនឹងវិលទៅរកភាពប្រក្រតីឡើងវិញក្នុងពេលដ៏ខ្លី។គេមើលឃើញថា នេះជាអន្តរាគមន៍មួយដែលអាចជំរុញឱ្យធនាគារកណ្តាលរុស្ស៊ី ចាត់វិធានការមុនការសម្រេចកំណត់អត្រាការប្រាក់បន្ទាប់របស់ខ្លួនតាមការគ្រោងទុកនៅថ្ងៃទី១៥ កញ្ញា។
លោក ម៉ាស៊ីម អូរេសគីន លើកឡើងថា “ប្រភពដ៏សំខាន់នៃការធ្លាក់ថ្លៃរូបិយប័ណ្ណរូប៊ល និងអតិផរណាដែលកំពុងបង្កើនល្បឿន គឺគោលនយោបាយរូបិយវត្ថុដ៏ធូររលុង។ ធនាគារកណ្តាលរុស្ស៊ី មានរាល់ឧបករណ៍ទាំងអស់ ដើម្បីធ្វើឱ្យស្ថានភាពវិលទៅរកប្រក្រតីឡើងវិញក្នុងពេលអនាគតដ៏ខ្លីខាងមុខ”។នៅពេលសួរថា តើធនាគារកណ្ដាលរុស្ស៊ី នឹងធ្វើការដំឡើងអត្រាការប្រាក់បន្ទាន់ពីអត្រា៨,៥%នាពេលបច្ចុប្បន្នឬយ៉ាងណា ធនាគារនេះបានបដិសេធមិនឆ្លើយបំភ្លឺនោះឡើយ។
លោកបន្ថែមទៀតថា រូបិយប័ណ្ណដែលមានតម្លៃពិតជាមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច។ លោកបានបន្តថា “ការធ្លាក់ថ្លៃរូបិយប័ណ្ណរូប៊ល ធ្វើឱ្យការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ចមានភាពស្មុគស្មាញ និងជះផលប៉ះពាល់ជាអវិជ្ជមានដល់ប្រាក់ចំណូលពិតប្រាកដរបស់ប្រជាជន”៕ Reuters៕