ដោយ: គង់ លាងហួរ
ភ្នំពេញ: រដ្ឋមន្ត្រីការបរទេសចិន លោកWang Yi បានជួបពិភាក្សាការងារ ជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកឧបនាយករដ្ឋមន្ត្រីចាត់តាំងថ្មី ស៊ុន ចាន់ថុល។ជំនួបនេះធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ ដោយភាគីទាំងពីរបានប្តេជ្ញាចិត្ត កសាងសហគមន៍ចិន- កម្ពុជាជាមួយនឹងអនាគតរួមគ្នាបន្ថែមទៀត។
ក្នុងឱកាសនោះ លោក Wang Yi ដែលជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ក៏បានសម្តែងការអបអរសាទរ ចំពោះការបោះឆ្នោតសកល នៅកម្ពុជាប្រកបដោយជោគជ័យ និងការបង្កើតរដ្ឋាភិបាលថ្មីនាពេលខាងមុខផងដែរ។
ក្នុងនាមជាដៃគូសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលកំពុងកសាងសហគមន៍ចិន-កម្ពុជា ជាមួយនឹងអនាគតរួមគ្នា លោក Wang បានបញ្ជាក់ថា ប្រទេសចិនគាំទ្រយ៉ាងមុតមាំ ដល់កម្ពុជា ក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍ ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ការពារអធិបតេយ្យភាព ឯករាជ្យភាព និងសេចក្តីថ្លៃថ្នូររបស់ជាតិ និងដើរតួនាទីកាន់តែធំនៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ។
លោក Wang បានបន្តថា លោកហោ ណាំហុង បានប្តេជ្ញាចិត្តជាយូរយារណាស់មកហើយ ក្នុងការពង្រឹងមិត្តភាពចិន-កម្ពុជា ចំណែកលោក ស៊ុន ចាន់ថុលបានជំរុញយ៉ាងសកម្ម នូវកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ រវាងប្រទេសទាំងពីរ។
លោក Wang បានមានប្រសាសន៍ថា ប្រទេសចិនទន្ទឹងរង់ចាំធ្វើការជាមួយកម្ពុជា ក្នុងការកសាងសហគមន៍ចិន- កម្ពុជាបន្ថែមទៀតជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី ដោយលោកបានបន្ថែមថា ប្រទេសចិន នឹងបន្តជួយដល់កម្ពុជា ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យប្រសើរឡើង នូវការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានចាត់ទុកកម្ពុជាធ្វើជាមិត្តដែកថែប និងតែងតែឈរយ៉ាងរឹងមាំជាមួយកម្ពុជាក្នុងគ្រាដ៏លំបាក៕