ដោយ: គង់ លាងហួរ
ហុងកុង: ក្រសួងព័ត៌មានបានប្រកាសថា ប្រទេសចិនគ្រោងតម្រូវឱ្យគ្រប់កម្មវិធី App ទាំងអស់ចែករំលែកព័ត៌មានលម្អិតអំពីអាជីវកម្មជាមួយរដ្ឋាភិបាល ដែលនេះជាវិធានការចុងក្រោយរបស់ទីក្រុងប៉េកាំង ដើម្បីរឹតបន្តឹងការគ្រប់គ្រងលើពិភពអនឡាញ។
ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) បានបញ្ជាក់ថា អ្នកអភិវឌ្ឍកម្មវិធីណា ដែលមិនបានដាក់ឯកសារត្រឹមត្រូវនឹងត្រូវបានពិន័យ បន្ទាប់ពីរយៈពេលអនុគ្រោះនឹងត្រូវបញ្ចប់នៅខែមីនា ឆ្នាំ២០២៤។
លោក You Yunting មេធាវីនៃការិយាល័យច្បាប់ DeBund ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានលើកឡើងថា ច្បាប់ថ្មីនេះមានគោលបំណងជាចម្បងក្នុងការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំតាមអុីនធឺណិត ប៉ុន្តែវានឹងជះផលប៉ះពាល់ដល់គ្រប់កម្មវិធី App ទាំងអស់នៅក្នុងប្រទេសចិន។
លោក Rich Bishop សហស្ថាបនិកនៃក្រុមហ៊ុន AppInChina បានមានប្រសាសន៍ថា ច្បាប់ថ្មីនេះក៏អាចប៉ះពាល់ដល់អ្នកអភិវឌ្ឍ App ដែលមានមូលដ្ឋាននៅបរទេស ដែលអាចបង្ហោះកម្មវិធីរបស់ពួកគេបានយ៉ាងងាយស្រួលតាមរយៈ Apple App Store ដោយមិនបាច់បង្ហាញឯកសារណាមួយដល់រដ្ឋាភិបាលចិន។
លោក Bishop បានបន្តថា ដើម្បីអនុលោមតាមច្បាប់ថ្មី ឥឡូវនេះ អ្នកបង្កើតកម្មវិធីត្រូវតែមានក្រុមហ៊ុននៅក្នុងប្រទេសចិន ឬធ្វើការជាមួយអ្នកបោះពុម្ពផ្សាយនៅក្នុងស្រុក។ទាក់ទិននឹងបញ្ហានេះ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការធ្វើអត្ថាធិប្បាយនោះទេ។
តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងក៏បានបញ្ជាក់ឱ្យដឹងផងដែរថា “អង្គភាពនានា ដែលធ្វើសេវាកម្មព័ត៌មានអុីនធឺណេតតាមរយៈApp ក្នុងវិស័យនានាដូចជា ព័ត៌មាន ការបោះពុម្ពផ្សាយ ការអប់រំ ភាពយន្ត និងទូរទស្សន៍ និងសាសនាក៏គួរតែបញ្ជូនឯកសារពាក់ព័ន្ធផងដែរ”។
តម្រូវការនេះក៏អាចជះផលប៉ះពាល់ដល់ភាពអាចរកបាននៃកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមដូចជា X (អតីត Twitter) កម្មវិធី Facebook និង Instagram ផងដែរ ព្រោះការប្រើប្រាស់កម្មវិធីទាំងនេះមិនត្រូវបានអនុញ្ញាតនៅក្នុងប្រទេសចិននោះទេ ប៉ុន្តែពួកវានៅតែអាចទាញយកបានពី App stores ដែលអាចឱ្យជនជាតិចិនប្រើប្រាស់បាននៅពេលធ្វើដំណើរទៅក្រៅប្រទេស៕