ដោយ: គង់ លាងហួរ
ម៉ានីល: ទីភ្នាក់ងារស្ថិតិបានឱ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា សេដ្ឋកិច្ចហ្វីលីពីនបានធ្លាក់ចុះ សម្រាប់ត្រីមាសទី៣ជាប់ៗគ្នា ក្នុងត្រីមាសទី២ បើធៀបនឹងឆ្នាំមុន ដោយសារតម្លៃទំនិញកើនឡើង និងការធ្លាក់ចុះនៃការចំណាយរបស់រដ្ឋាភិបាល និងអ្នកប្រើប្រាស់។
ផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងត្រីមាសទី២បានកើនឡើង៤,៣% ដោយបាត់បង់សន្ទុះបន្ថែមទៀត បន្ទាប់ពីសម្រេចបានកំណើន៦,៤%ក្នុងត្រីមាសទី១ និងយឺតជាងកំណើន៧,១%នៅត្រីមាសទី៤ ឆ្នាំ២០២២។
បើផ្អែកលើមូលដ្ឋានមធៀបនឹងត្រីមាសមុន សេដ្ឋកិច្ចហ្វីលីពីនបានធ្លាក់ចុះ០,៩ភាគរយនៅត្រីមាសទី២ ពោលគឺខ្សោយជាងកំនើន១,១ភាគរយនៅត្រីមាសទី១ និងខុសផ្ទុយពីការព្យាករកំណើន០,៥ភាគរយរបស់អ្នកសេដ្ឋកិច្ច។
ក្រុមមន្ត្រីសេដ្ឋកិច្ច របស់ប្រទេសហ្វីលីពីនបានអះអាងថា លទ្ធផលនេះ គឺដោយសារតែតម្លៃទំនិញកសិកម្មកើនឡើង ដែលរារាំងដល់ការចំណាយរបស់អ្នកប្រើប្រាស់ បូករួមនឹងការធ្លាក់ចុះនៃការចំណាយរបស់រដ្ឋាភិបាល បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នៅពេលដែលការបោះឆ្នោតត្រូវបានធ្វើឡើង។
ក្រុមមន្ត្រីបានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សម្រាប់ត្រីមាសទី២ ការពង្រីកសេដ្ឋកិច្ចកម្រិតមធ្យម ត្រូវបានជំរុញដោយការកើនឡើង នៃការចំណាយទាក់ទងនឹងទេសចរណ៍ និងការវិនិយោគពាណិជ្ជកម្ម ប៉ុន្តែត្រូវបានរារាំងដោយ តម្លៃទំនិញខ្ពស់ ឥទ្ធិពលនៃការដំឡើងអត្រាការប្រាក់ ការធ្លាក់ចុះនៃការចំណាយរបស់រដ្ឋាភិបាល និងកំណើនសេដ្ឋកិច្ចពិភពលោកដើរយឺត។
កំណើនយឺតជាងការរំពឹងទុក នៅក្នុងត្រីមាសទី២ នឹងថ្លឹងថ្លែងទៅលើការត្រួតពិនិត្យ គោលនយោបាយរបស់ធនាគារកណ្តាលហ្វីលីពីន ដែលនឹងជួបប្រជុំគ្នានៅថ្ងៃទី១៧ ខែសីហា ដើម្បីសម្រេចថាតើត្រូវបន្តការដំឡើងអត្រាការប្រាក់ ឬបន្តការផ្អាកការដំឡើងអត្រាការប្រាក់របស់ខ្លួន៕