ក្រសួងត្រៀមអន្តរាគមន៍ប្រសិនបើអង្គរលើទីផ្សារឡើងថ្លៃជ្រុល

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានថ្លែងថា ប្រសិនបើអង្ករនៅលើទីផ្សារឡើងថ្លៃជ្រុល ដែលនាំឱ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ក្រសួងពាណិជ្ជកម្មនឹងអន្តរាគមន៍ តាមរយៈការបញ្ចេញសន្និធិស្បៀង ត្រៀមបម្រុង​ទុករបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឡើងថ្លៃអង្ករ នៅលើទីផ្សារ។

ការលើកឡើងរបស់លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្ម ស្របពេលដែលបច្ចុប្បន្ននេះ តម្លៃស្រូវនៅកម្ពុជា បានកើនឡើងប្រមាណ២០% ខណៈអង្ករនៅលើទីផ្សារវិញបានកើនឡើងប្រមាណ៥%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប៉ែន សុវិជាតិ បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី៨ សីហាថា បើទោះបីជាបច្ចុប្បន្ននេះ តម្លៃស្រូវកើនឡើង និងជំរុញឱ្យតម្លៃអង្ករនៅលើទីផ្សារកើនឡើងក៏ដោយ ​ប៉ុន្តែ​មិនមែនស្ថិតក្នុងស្ថានភាពដែលគួរឱ្យព្រួយបារម្ភ​ខ្លាំងនោះទេ ដោយនេះគឺជាចរន្តនៃការប្រែប្រួលថ្លៃទៅតាមតម្រូវការ និងការផ្គត់ផ្គង់ប៉ុណ្ណោះ។

លោកបន្តថា “ប្រសិនបើអង្ករឡើងថ្លៃ ដល់កម្រិតមួយដែលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ក្រសួងពាណិជ្ជដែលមានក្រុមហ៊ុន ហ្រ្គីនត្រេដ​ ​ដែលជាសហគ្រាសទទួលបន្ទុក គ្រប់គ្រងសន្និធិស្បៀងត្រៀម បម្រុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នឹងមានវិធានការសមស្រប ទៅតាមករណីឡើងថ្លៃ​ ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ មិនទាន់ដល់ដំណាក់កាល ដែលត្រូវអនុវត្តនៅឡើយទេ”។

លោកបញ្ជាក់ថា យើងមានស្បៀងគ្រប់គ្រាន់ សម្រាប់អន្តរាគ​មន៍តាមស្ថានភាព ជាក់ស្តែងដូចជារឿងដែលយើង ធ្លាប់ធ្វើកន្លងមកហើយ ដូចជា បញ្ហាកូវីដ១៩ ដែលក្រសួងពាណិជ្ជកម្មបានអន្តរគមន៍ ទៅលើតម្លៃស្រូវអង្ករ។

លោកបញ្ជាក់ទៀតថា “ខ្ញុំសូមជម្រាបថា ប្រជាពលរដ្ឋមិនគួរមានការព្រួយបារម្ភទេ បើតម្លៃអង្ករឡើងធ្វើឱ្យប៉ះពាល់ ដល់ជីវភាពពលរដ្ឋលើសពីធម្មតា ដោយសារកង្វះខាតស្បៀង យើងអាចនឹងមានវិធានការជាក់ស្តែងភ្លាមៗ សម្រាប់ករណីនេះ​”។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា តម្លៃស្រូវនៅកម្ពុជាបានហក់ឡើងជាបន្តបន្ទាប់។ មកទល់ថ្ងៃទី៧ ខែសីហា តម្លៃស្រូវ​បានកើនឡើងចន្លោះពី ១២០០រៀលដល់១៣០០រៀល ក្នុងមួយគីឡូក្រាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here