ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនិយ័តករមូលបត្រកម្ពុជា លោកស៊ូ សុជាតិបានបង្ហើបឱ្យដឹងថា ការទិញលក់មូលបត្រនៅក្នុងទីផ្សារ មានភាពប្រក្រតីជាធម្មតា និងមានទំនោរកាន់តែកើនឡើងជាងមុន ដែលថ្ងៃខ្លះបានកើនឡើងពី៥០ម៉ឺនដុល្លារក្នុងមួយថ្ងៃ។
លោកបានលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការផ្លាស់ប្តូរព័ត៌មាន និងការជួយគ្នាទៅវិញទៅមក រវាងនិយ័តករមូលបត្រកម្ពុជា និងគណៈកម្មការមូលបត្រឡាវ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ។
លោកបន្តថា ដោយសារការបោះឆ្នោតប្រព្រឹត្ត ទៅដោយរលូនរក្សាបាននូវសុខសន្តិភាព បានធ្វើឱ្យសកម្មភាពជួញដូរ នៅក្នុងទីផ្សារមូលបត្រ ដំណើរការទៅដោយប្រក្រតី និងមានសន្ទុះខ្លាំងជាងមុន ខណៈមុនការបោះឆ្នោតមានក្រុមហ៊ុនធំៗពីរ បានចូលទីផ្សារ រួមមានក្រុមហ៊ុន Cellcard និងក្រុមហ៊ុន MJQE ដែលធ្វើឱ្យការជួញដូរភាគហ៊ុនរ បស់ក្រុមហ៊ុនទាំងពីរនេះមានការកើនឡើង។
លោកបន្ថែមថា “អ្វីដែលនិយ័តករកម្ពុជា សង្កេតឃើញគឺការជួញដូរមានភាពសកម្ម និងមានទំនោរកើនឡើង បន្ទាប់ពីមានក្រុមហ៊ុនធំៗ ២បានឈានជើងចូលទីផ្សារ ដែលធ្វើឱ្យទំហំនៃការជួញដូរប្រចាំថ្ងៃកាន់តែកើនឡើង”។
គិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនចំនួន២០ហើយ បានចុះបញ្ជីលក់មូលបត្រ ក្នុងនោះក្រុមហ៊ុនចុះបញ្ជីលក់ មូលបត្រកម្មសិទ្ធិមានចំនួន ១១ និងក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលចំនួន៩៕