ធនាគារកណ្ដាលថៃ ជំរុញការប្រើប្រាស់ប្រាក់យ័នរបស់ចិន ដើម្បីទប់ការប្រែប្រួលខ្លាំងនៃប្រាក់បាត ទល់នឹងដុល្លារ

តែម សុខុម

បាងកក: ធនាគារកណ្ដាលថៃ (BoT) គ្រោងលើកកម្ពស់ការប្រើប្រាស់ប្រាក់យ័ន របស់ចិន និងរូបិយប័ណ្ណអាស៊ី ផ្សេងៗទៀតនៅក្នុងពាណិជ្ជកម្ម និងការវិនិយោគដើម្បីទប់ការប្រែប្រួលយ៉ាងខ្លាំងនៃប្រាក់បាត ទល់នឹងប្រាក់ដុល្លារអាមេរិក។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៨ សីហា។

លោកស្រី អាលីសារា មហាសានដាណា (Alisara Mahasandana) ឧបការីទេសាភិបាលធនាគារកណ្ដាលថៃ បានលើកឡើងក្នុងបទសម្ភាសន៍មួយនៅក្រុងបាងកក កាលពីសប្ដាហ៍មុនថា ធនាគារកណ្តាលថៃ រំពឹងថានឹងប្រើប្រាស់រូបិយប័ណ្ណក្នុងតំបន់កាន់តែច្រើនដើម្បីជួយកាត់បន្ថយហានិភ័យនៃអត្រាប្តូរប្រាក់។

លោកស្រីលើកឡើងថា ខណៈកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលថៃ ក្នុងការលើកកម្ពស់រូបិយប័ណ្ណនានាក្រៅពីប្រាក់ដុល្លារ មានអាយុកាលជាងមួយទស្សវត្សរ៍មកហើយនោះ ពេលនេះរូបិយប័ណ្ណទាំងនោះកំពុងទទួលបានសន្ទុះជាមួយនឹងកិច្ចព្រមព្រៀងទ្វេភាគីជាច្រើនជាមួយធនាគារកណ្តាលថៃ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសថៃ ដែលពឹងផ្អែកខ្លាំងលើពាណិជ្ជកម្ម និងវិស័យទេសចរណ៍ គឺស្ថិតក្នុងចំណោមប្រទេសមួយចំនួនដែលកំពុងចាត់វិធានការនានាដើម្បីកាត់បន្ថយហានិភ័យនៃការឡើងថ្លៃប្រាក់ដុល្លារ ដែលបានធ្វើឱ្យរូបិយប័ណ្ណក្នុងស្រុកនានាចុះខ្សោយ និងក្លាយជាឧបករណ៍គ្រប់គ្រងសេដ្ឋកិច្ច។

ធនាគារកណ្ដាលថៃ បាននិងកំពុងធ្វើការជាមួយធនាគារកណ្ដាលចិន ធនាគារកណ្ដាលម៉ាឡេស៊ី និងធនាគារកណ្ដាលឥណ្ឌូនេស៊ី ដើម្បីលើកកម្ពស់រូបិយប័ណ្ណក្នុងស្រុកនៃប្រទេសទាំងនោះ។

លោកស្រី អាលីសារា មហាសានដាណា ដែលជាឧបការីទេសាភិបាលធនាគារកណ្ដាលថៃ បានគូសបញ្ជាក់ថា នឹងមានវឌ្ឍនភាពបន្ថែមទៀតស្ដែងចេញឱ្យឃើះនៅក្នុងឆមាសទី២ ចុងឆ្នាំនេះ៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here