ច្បាប់ស្តីពីវិធានដើមកំណើតទំនិញរបស់កម្ពុជានឹងជួយជម្រុញការធ្វើពាណិជ្ជកម្មអន្តរជាតិឱ្យកាន់តែប្រសើរឡើង

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមការចុះផ្សាយ ដោយសារពត៌មានអន្តរជាតិ Asean Briefing បានឱ្យដឹងថា កម្ពុជា​បាន​អនុម័ត​ច្បាប់​ស្តីពី​ វិធានដើម​កំណើតទំនិញ (ROO) ថ្មី​ ដែលស្របតាម​ស្តង់ដារ ​កំណត់​ដោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)។

គោលបំណងនៃច្បាប់នេះ គឺដើម្បីកំណត់អំពីគោលការណ៍ និងវិធាន ស្ដីពីដើមកំណើតនៃ​ទំនិញនាំចេញ-ទំនិញនាំចូល ជំរុញ និងសម្រួលពាណិជ្ជកម្ម ដែលទទួលបានប្រយោជន៍ ពីការអនុ​គ្រោះពាណិ​ជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ព្រមទាំងចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។

កាលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ស្តីពី​វិធានដើម​កំណើតទំនិញ (ROO) ថ្មីមួយដើម្បីសម្របតាមស្តង់ដាររបស់អង្គការ WTO។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ច្បាប់ថ្មីនេះ នឹងផ្តល់ឱ្យអាជីវកម្មនូវលក្ខណៈវិនិច្ឆ័យ ច្បាស់​លា​ស់ និងមានឯកសណ្ឋានសម្រាប់កំណត់ប្រភពនៃផលិតផល។

ច្បាប់ ROO ថ្មីនេះត្រូវបានបង្កើតឡើង ដោយមានជំនួយពីអង្គការ WTO និងសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) ដោយធានាបាននូវភាពស៊ីសង្វាក់គ្នា ជាមួ​យនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់ (FTAs) និងកិច្ចព្រមព្រៀង ជាមួយបណ្តាប្រទេសសមាជិកអង្គការ WTO ផ្សេងៗទៀត។

បន្ថែមពីលើការសម្របសម្រួលដល់ពាណិជ្ជកម្ម វិញ្ញាបនបត្រនៃប្រភពដើមកំណើត (COO) ក៏អាចជួយកែលម្អការទទួលស្គាល់ផលិត​ផល បង្កើនតម្លៃយីហោ និងការពារការក្លែងបន្លំ ដោយផ្តល់ឱ្យអ្នកទិញនូវភស្តុតាងនៃប្រភពដើម និងគុណភាពនៃផលិតផលផងដែរ។

ច្បាប់ROOថ្មីនេះរបស់កម្ពុជា ត្រូវបានគេរំពឹងយ៉ាងទូលំទូលា​យ​ថា នឹងពង្រឹងភាពជាដៃគូពាណិជ្ជកម្មបរទេសរបស់ខ្លួន។ ច្បាប់ ROO នឹងផ្តល់នូវភាពច្បាស់លាស់ និងការព្យាករសម្រាប់ពាណិជ្ជករបរទេ​ស ជាពិសេសសម្រាប់ពាណិជ្ជករ មកពីបណ្តាប្រទេស ដែលមិនមែនជាផ្នែកមួយនៃកិច្ចព្រមព្រៀង FTA ដែលមានស្រាប់ជាមួយកម្ពុជា។

ច្បាប់ROO ថ្មីនេះនឹងធានាថា អ្នកនាំចេញរបស់កម្ពុជាអាចទទួលបានអត្ថប្រយោជន៍ ពីការអនុគ្រោះពន្ធដល់ផលិតផល ដែលត្រូវបានផលិតទាំងស្រុង ឬផលិតក្នុងស្រុក ពីព្រោះថា ពួកគេនឹងអាចបញ្ជាក់បានកាន់តែច្បាស់ពីប្រភពដើម នៅក្នុងប្រទេសកម្ពុជា ដែលកត្តានេះ ក៏អាចជួយបង្កើនការនាំចេញសរុប និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here