ដោយៈម៉ាណេត
ភ្នំពេញៈ វិនិយោគិនសិង្ហបុរី បានបង្កើនការវិនិយោគគួរឱ្យកត់សម្គាល់ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក្នុងនោះភាគហ៊ុនដែលមានប្រភពមក ពីសិង្ហដែលរួមចំណែកធ្វើឱ្យវិស័យធនាគារកាន់តែមានការរីកចម្រើន។ នេះបើយោងតាមការលើកឡើងរបស់ធនាគារជាតិនៃកម្ពុជា។
ការលើកឡើងបែបនេះ ត្រូវបានឡើងក្នុងអំឡុងពេលលោកជា ចាន់តូទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Michael Tan Keng Soing ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ចូលជួបសម្តែងការគួរសម និងជម្រាបលានៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមកនេះ មុនពេលដែលលោក Michael Tan នឹងបញ្ចប់អាណត្តិនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីបានបំពេញបេសកកម្មរយៈពេល៤ឆ្នាំនៅកម្ពុជា។
ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា “នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ សិង្ហបុរីបង្កើនការវិនិយោគគួរឱ្យកត់សម្គាល់ ក្នុងនោះភាគហ៊ុនដែលមានប្រភពមកពីសិង្ហបុរី រួមមាន នៅក្នុងធនាគារ ហ្វីលីព ភីអិលស៊ី និងធនាគារប្រៃសណីយ៍កម្ពុជា ដែលរួមចំណែកធ្វើឱ្យវិស័យធនាគារកាន់តែមានការរីកចម្រើន” ។
ចំពោះទំនាក់ទំនងទ្វេភាគីរវាងធនាគារកណ្ដាលទាំងពីរ ធនាគារជាតិនៃកម្ពុជាមានទំនាក់ទំនងល្អ ជាមួយនឹងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) តាមរយៈការផ្លាស់ប្តូរព័ត៌មាន ការបណ្តុះបណ្ដាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការលើវិស័យនានា។ កាលពីឆ្នាំ២០១៩ កន្លងទៅ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានចុះអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនវានុវត្តន៍ហិរញ្ញវត្ថុ ដែលធ្វើឡើងក្នុងគោលបំណង បង្កើតជាក្របខ័ណ្ឌ សម្រាប់កិច្ចសហប្រតិបត្តិការ រវាងធនាគារកណ្តាលទាំងពីរ ដើម្បីជំរុញនវានុវត្តន៍ហិរញ្ញវត្ថុក្នុងទីផ្សារ របស់សមីប្រទេស។
តាមរយៈអនុស្សរណៈនេះ ធនាគារកណ្តាលទាំងពីរអាចចែក រំលែកព័ត៌មានស្តីពីនិន្នាការនិងការអភិវឌ្ឍទីផ្សារ បច្ចេកវិទ្យាហិរញ្ញវត្ថុដែលកំពុងរីកចម្រើន ក៏ដូចជាបទប្បញ្ញត្តិ ទាក់ទងនឹងនវានុវត្តន៍នៅក្នុងសេវាកម្មហិរញ្ញវត្ថុ។
លោកទូតសឹង្ហបុរី បានថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជា ដែលបានគាំទ្រការរៀបចំ Fintech Festival នៅប្រទេសសិង្ហបុរី និងបានអនុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់របស់ធនាគារជាតិនៃកម្ពុជា ធ្វើជាវាគ្មិន តាមការអញ្ជើញរបស់សិង្ហបុរី ដើម្បីចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ។
ម្យ៉ាងទៀត លោកឯកអគ្គរដ្ឋទូត ក៏បានចូលរួមអបអរសាទរនិងបង្ហាញនូវការគាំទ្រចំពោះគោលនយោបាយ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល របស់រាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជា ដែលកន្លងមកទទួលបានជោគជ័យជាបន្តបន្ទាប់ និងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយរូបិយវត្ថុនៅកម្ពុជា៕