ដោយ: គង់ លាងហួរ
អន្តរជាតិ: តើអ្នកនឹងហ៊ានចំណាយប្រាក់ ចំនួន៥១៥លានបាត(ប្រហែល១៤,៨៥លានដុល្លារ) សម្រាប់ទិញផ្ទះមួយនៅជាប់ទន្លេ Chao Phraya ក្នុងតំបន់ Klong San នៃទីក្រុងបាងកកដែរឬទេ?។ សម្រាប់ប្រជាជនថៃភាគច្រើន លំនៅដ្ឋានដ៏ប្រណិតបែបនេះអាចត្រឹមតែជាសុបិន ដ៏សែនឆ្ងាយប៉ុណ្ណោះ ប៉ុន្តែអ្នកអភិវឌ្ឍន៍ជឿជាក់ថា យ៉ាងហោចណាស់មាន អ្នកមានជាជនជាតិថៃ ឬអ្នកវិនិយោគបរទេសចំនួន១១នាក់ នឹងអាចទៅទិញផ្ទះនៅទីនោះ។
គម្រោងលំនៅឋានដ៏ប្រណិតបំផុត របស់ក្រុមហ៊ុន Altitude Development នៅតំបន់Klong San ក្នុងស្រុកPhra Nakhon មានផ្ទះទោលតែ១១ខ្នងប៉ុណ្ណោះ ដែលផ្ទះនីមួយៗមានតម្លៃរហូតទៅដល់៥១៥លានបាត។គម្រោងនេះគឺជាគម្រោងលំនៅដ្ឋាន ដ៏ប្រណិតមួយក្នុងចំណោមលំនៅដ្ឋានប្រណិតៗជាច្រើន ដែលទើបនឹងលេចចេញរូបរាង ក្នុងរាជធានីបាងកក ដើម្បីបំពេញតាមតម្រូវការរបស់អ្នកវិនិយោគបរទេស។
ទោះជាយ៉ាងណាក្តី មនុស្សជាច្រើនមានការងឿងឆ្ងល់ថា តើជនបរទេស ពិតជាអាចទិញផ្ទះជាមួយដី នៅក្នុងប្រទេសថៃបានដែរឬទេ?។
ជាក់ស្តែង ចំណាត់ការរបស់ក្រសួងមហាផ្ទៃ ក្នុងការធ្វើវិសោធនកម្មបទប្បញ្ញត្តិរបស់ខ្លួន លើការទិញដីពីសំណាក់ជនបរទេស បានបង្កើតភាពចលាចល ជាសាធារណៈកាលពីឆ្នាំមុន។ តាមពិត ជនបរទេសចំនួន៤ក្រុម ត្រូវបានអនុញ្ញាតឱ្យទិញដី មិនលើសពី១រ៉ៃក្នុងប្រទេសថៃចាប់តាំងពីឆ្នាំ២០០២មកម្ល៉េះ។
ក្រុមជនបរទេសទាំង៤ ដែលត្រូវបានអនុញ្ញាតឱ្យទិញដីនោះ មានដូចជា ក្រុមអ្នកមានទ្រព្យស្តុកស្តម្ភខ្លាំង អ្នកចូលនិវត្តន៍ អ្នកដែលស្វែងរកការធ្វើការពីផ្ទះនៅប្រទេសថៃ និងអ្នកជំនាញ។
ទោះជាយ៉ាងណាក្តី ដីអាចទិញបានសម្រាប់តែគោលបំណងលំនៅដ្ឋានប៉ុណ្ណោះ ហើយអ្នកទិញបរទេស ត្រូវវិនិយោគយ៉ាងតិច៤០លានបាត ក្នុងប្រទេសថៃក្នុងរយៈពេលយ៉ាងតិច៥ឆ្នាំ ទើបមានសិទ្ធិ។
កាលពីឆ្នាំមុន ក្រសួងមហាផ្ទៃមានបំណង ធ្វើវិសោធនកម្មបទប្បញ្ញត្តិ និងកាត់បន្ថយរយៈពេលវិនិយោគពី៥ ទៅ៣ឆ្នាំ។ យ៉ាងណាមិញ គំនិតនេះត្រូវបានគេទម្លាក់ចោល បន្ទាប់ពីមានការសម្រែកយំក្នុងបណ្ដាញសង្គម។
លោក Wongsakorn Prasitvipat នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Property Perfect បានលើកឡើងថា ក្រុមហ៊ុនរបស់លោករំពឹងថា តម្រូវការផ្ទះប្រណិត ក្នុងទីក្រុងបាងកកនឹងកើនឡើង ដោយសារប្រទេសថៃ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម សម្រាប់ក្រុមហ៊ុនបរទេសជាច្រើន។
លោកបានបន្តថា ពាណិជ្ជករអ្នកមានទ្រព្យ ស្តុកស្តម្ភជាច្រើនចង់បានផ្ទះធំមួយ នៅជិតអាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ ដោយលោកបន្ថែមថា ជនបរទេសបានទិញយកផ្ទះប្រណីតចំនួន៤០% ដែលក្រុមហ៊ុនរបស់លោកសាងសង់។ ក្នុងនោះ អតិថិជនបរទេស៣០% មកពីប្រទេសចិន និង១០%ទៀតមកពីប្រទេសផ្សេងៗ”៕