កម្ពុជា-ហុងគ្រី បានឯកគ្នា ដើម្បីជំរុញវិស័យអាកាសចរស៊ីវិលរវាងប្រទេសទាំងពីរ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ កម្ពុជា និងហុងគ្រី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីពង្រីកទំនាក់ទំនងវិស័យអាកាសចរស៊ីវិលនៃប្រទេសទាំងពីរ និងសម្រួលដល់ដំណើរការដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវអាកាស។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងរាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយសមភាគី ហុងគ្រី តំណាងដោយ លោក ភីធឺ ស៊ីចាតូ Peter Szijjarto រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា “ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះគឺ សំដៅលើការពង្រឹង និងពង្រីកទំនាក់ទំនងវិស័យអាកាសចរស៊ីវិលនៃប្រទេសទាំងពីរ និងសម្រួលដល់ដំណើរការដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវអាកាស”។

ប្រទេសហុងគ្រីគឺជាប្រទេសសមាជិកសហគមន៍អឺរ៉ុបមួយដែលបានពង្រីកទំនាក់ទំនងវិស័យអាកាសចរស៊ីវិលជាមួយព្រះរាជាណាចក្រកម្ពុជា ជាលក្ខណៈទ្វេភាគី ក្រៅពីពហុភាគីជាមួយតំបន់អាស៊ាន។ 

នេះជាប្រទេសទី ៤៥ ហើយដែលបានសម្រេចនូវកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាមួយព្រះរាជាណាចក្រកម្ពុជា។

លោក ម៉ៅ ហាវណ្ណាល់ សូមសម្តែងនូវការអរគុណនិងអំណសាទរចំពោះលទ្ធផលថ្មីមួយទៀត ក្រោមការដឹកនាំនូវនយោបាយ “ឈ្នះ ឈ្នះ” របស់សម្តេចតេជោ និង អរគុណសន្តិភាព តាមរយៈកិច្ចខិតខំប្រឹងប្រែងកន្លងមកលើការសន្ទនាជាមួយភាគីហុងគ្រីកាលពីឆ្នាំ២០១៥ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ដែលផ្តល់អត្ថប្រយោជទៅវិញទៅមករវាងប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here