ដោយៈ ហ្វីអូណា
ភ្នំពេញៈ
ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ លោកកើត សេកាណូបានអញ្ជើញចូលរួមក្នុងពិធី “ប្រកាសដាក់ឱ្យអនុវត្តនីតិវិធីចំណាយថវិកាចរន្ត ដែលមិនមានធានាចំណាយដោយឡែកតាម FMIS ទាំងស្រុង។
នេះជាការពង្រីកការដាក់ឱ្យប្រើប្រាស់FMIS នៅការដ្ឋានថ្មី ពង្រីកការដាក់ឱ្យប្រើប្រាស់FMIS Portal ជំនាន់ទី១ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅសេសសល់ និងសន្ធានកម្មទិន្នន័យរវាង FMIS ជាមួយប្រព័ន្ធគ្រប់គ្រង មន្រ្តីរាជការរបស់ក្រសួងមុខងារសាធារណៈ។
កម្មវិធីនេះ ប្រារពឡើងក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ស្របតាមបរិការណ៍ នៃការធ្វើទំនើបភាវូបនីយកម្ម ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ការដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តការងារតាមប្រព័ន្ធFMIS ទាំងនេះ គឺដើម្បីពង្រឹង និងបង្កើនបន្ថែមទៀតនូវ តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ ដើម្បីឈានដល់ការសម្រេចបាននូវ គោលដៅនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាកម្មវិធីនយោបាយអាទិភាពដាក់ចេញដោយរាជរដ្ឋាភិបាល គឺការបង្កើនភាពជឿទុកចិត្តនៃថវិកា, គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងការបង្កើនគណនេយ្យសមិទ្ធកម្ម ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕