ទូតសិង្ហបុរី៖ កម្ពុជាជាកន្លែងមានសុវត្ថិភាពពីកូវីដ១៩ និងអាចទាញវិនិយោគិនបន្ថែម

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ តាមការលើកឡើងរបស់លោក ម៉ៃឃើល តាន់ ក្នុងជំនួបជាមួយសម្ដេចតេជោ កាលពីព្រឹកថ្ងៃទី០៣ វិច្ឆិកា ២០២០នេះថា កម្ពុជាជាទីដែលមានសុវត្ថិភាពមួយពីការរួចផុតការឆ្លងនៃជំងឺកូវីដ១៩ ជាក់ស្ដែងក្នុងអាណត្តិរបស់លោកកាន់ការងារជាទូតនៅប្រទេសកម្ពុជា បណ្ដាប្រទេសលើពិភពលោកមានប្រជាជនឆ្លងជំងឺនេះច្រើន តែកម្ពុជាអាចគ្រប់គ្រងបាននូវការនូវឆ្លងរាលដាលទៅកាន់ពលរដ្ឋ។

លោក បានមានប្រសាសន៍ថា ក្នុងការបំពេញបេសកកម្មនៅកម្ពុជាលោកពិតជាមានមោទនភាពណាស់ដែលបានធ្វើការយ៉ាងជិតស្និតជាមួយនឹងប្រជាពលរដ្ឋកម្ពុជា ជាមួយមិត្តភក្តិ មន្ត្រីរាជការ ថ្នាក់ដឹកនាំ ជាពិសេសបានទទួលការគាំទ្រ ក៏ដូចជាសហការយ៉ាងល្អអំពីរាជរដ្ឋាភិបាលកម្ពុជា ដែលនាំឱ្យបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជាទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ នោះគឺនាំមកនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាការវិនិយោគលើវិស័យទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្សមានការកើនឡើងខ្ពស់មួយកម្រិតថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា កម្ពុជា និងសិង្ហបុរី នឹងអាចមានទំនាក់ទំនងកាន់តែល្អប្រសើរឡើងថែមទៀតក្នុងការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ ហើយទាំងអស់នេះ អាចធ្វើទៅបានដោយមានការគាំទ្រ ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្ថាប័ន និងស្ថាប័ន ជាពិសេសរវាងមន្ត្រីរាជការនិងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះលោក ម៉ៃឃើល តាន់ (Michael Tan) និងរដ្ឋាភិបាលសិង្ហបុរី ដែលបានជួយគាំទ្រដល់ប្រទេសកម្ពុជារយៈពេលកន្លងមក ។ សម្ដេចតេជោ ក៏បានយល់ស្របផងដែរចំពោះការលើកឡើងរបស់សិង្ហបុរីអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។

បើតាមរបាយការណ៍របស់ធនាគារពិភពលោកប្រចាំកម្ពុជា ក៏ដូចជារបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានកោតសរសើររាជរដ្ឋាភិបាលក្ពុជា ក្នុងការគ្រប់គ្រងបានល្អ ចំពោះ ការឆ្លងរាលដាលនៃកូវីដ១៩ ហើយកម្ពុជាបានចាត់វិធានការបានទាន់ពេលវេលាក្នុងការជួយស្រោចស្រង់វិស័យឯកជន ដើម្បីទប់ស្កាត់មិនឱ្យមានការធ្លាក់ចុះកាន់តែខ្លាំង ដែលបង្កឡើងពីកូវីដ១៩ ។

បើតាមលោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលវត្ថុកម្ពុជា បានឱ្យដឹងផងដែរថា កម្ពុជាបានស្ថានភាពកូវីដ១៩នៅកម្ពុជា មានភាពប្រសើរជាងគេក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន ដែលធ្វើឱ្យសកម្មភាពវិនិយោគមួយចំនួននៅតែបន្ត ហើយគម្រោងធំៗក៏មិនបានផ្អាក ។ តែយ៉ាងណាក៏ទទួលស្គាល់ថា ផលប៉ះពាល់ទៅលើវិស័យអចលនទ្រព្យពីកូវី១៩ពិតជាមានមែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here