ប្រសិនបើ​ក្បាលដី​ជាប់​បន្ទុក​នៅ​ធនាគារ តើ​ការ​បង្រួម​ក្បាលដី និង​បំបែក​ក្បាលដី អាចធ្វើ​បានដែរ​ឬទេ?

ដោយ​វុត្ថា

ភ្នំពេញៈ ដើម្បី​ទទួលបាន​ថវិកា​យកមកប្រើ​ប្រាស់ ក្នុងករណី​ចាំបាច់​ណាមួយ ប្រជាពលរដ្ឋ តែងតែ​យក​ដី​ដែលជា​កម្មសិទ្ធិ​របស់ខ្លួន យកទៅដាក់​បញ្ចាំ​នៅ​ធនាគារ។ ក្នុងករណី ដែលមាន​ក្បាលដី​របស់គាត់​ជាប់​បន្ទុក​នៅ​ធនាគារ តើ​ការ​បង្រួម​ក្បាលដី និង​បំបែក​ក្បាលដី​អាចធ្វើ​បានដែរ​ឬទេ?។

ចម្លើយ​ទី១. ការចុះបញ្ជី​បង្រួម ឬ​បំបែក​ក្បាលដី ដែល​កំពុង​ជាប់​បន្ទុក អាច​ធ្វើបាន​លុះត្រាតែ ទី១ បំពេញបាន​នូវ លក្ខខណ្ឌ​ជា​ក្បាលដី​តែមួយ ដូច​មានចែង​ក្នុង​មាត្រា២២៧ នៃ​ច្បាប់​ភូមិបាល២០០១ (ករណី​បង្រួម​ក្បាលដី) ។ ទី២ មានការ​យល់ព្រម​ពី​ម្ចាស់​សិទ្ធិ​ប្រាតិភោគ (ធនាគារ​ម្ចាស់បំណុល) ឱ្យ​បង្រួម​ឬ​បំបែក​ក្បាលដី កំពុង​ជាប់​បន្ទុក​នោះ។

ទី៣ ភាគី​ទាំងអស់​ដែលមាន​ផលប្រយោជន៍​ពាក់ព័ន្ធ ត្រូវ​ព្រមព្រៀងគ្នា​អំពី​លំដាប់​នៃ​ការចុះបញ្ជី ជាអាទិ៍ នៅពេល​ផ្ទេរ ការចុះបញ្ជី​សិទ្ធិ​ប្រាតិភោគ (ផ្ទេរ​បន្ទុក) ពី​ក្បាលដី​ចាស់ផ្សេងៗគ្នា ទៅ​ប្រមូលផ្តុំ​នៅលើ​ក្បាលដី​ថ្មី​តែមួយ (ករណី​បង្រួម​ក្បាលដី) ឬ​ពី​ក្បាលដី​ចាស់​តែមួយ ទៅ​ពង្រាយ​លើ​ក្បាលដី​ថ្មី​ជាច្រើន (ករណី​បំបែក​ក្បាលដី)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សំណួរ​ទី២.  ប្រសិន​ជាការ​បង្រួម និង​បំបែក​ក្បាលដី ក្នុងករណី​ខាងលើ​អាចធ្វើ​ទៅបាន តើ​ត្រូវអនុវត្ត​នីតិវិធី​បែបណា?

ចម្លើយ​ទី២. ចំពោះ​នីតិវិធី​នៃ​ការចុះបញ្ជី​បង្រួម ឬ​បំបែក​ក្បាលដី ត្រូវអនុវត្ត​ទៅតាម​គោលការណ៍​ណែនាំ​ជា​ធរមាន (ដូច​មាន​ថត​ចម្លងជូន​ភ្ជាប់​មកជា​មួយ) ហើយ​នៅពេល​ចុះបញ្ជី​បង្រួម ឬ​បំបែក​ក្បាលដី​រួច ត្រូវ​ផ្ទេរ​ការចុះបញ្ជី​សិទ្ធិ​ប្រាតិភោគ (ផ្ទេរ​បន្ទុក) ពី​ក្បាលដី​ចាស់​ទៅ​ក្បាលដី​ថ្មី ទៅតាម​ការព្រមព្រៀងរ​បស់​ភាគី ដែលមាន​ប្រយោជន៍​ពាក់ព័ន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here