តម្រូវការ​គ្រឿងសំណង់​នៅតែ​បន្ត​កើនឡើង​ទោះ​កម្ពុជា​ជួប​វិបត្តិផ្ទួនៗក្ដី

ដោយៈ​លក្ខិណា

ភ្នំពេញៈ ក្រុម​អ្នកជំនួញ​វិស័យ​សម្ភារៈ​សំណង់ នៅក្នុង​ប្រទេស​កម្ពុជា​បាន​អះអាងថា តម្រូវការ​គ្រឿងសំណង់​នាពេល​បច្ចុប្បន្ននេះ នៅតែមាន​កំណើន​ខ្ពស់ ជាង​វិស័យ​ដទៃ បើទោះបី​បណ្តា​ខេត្ត​មួយចំនួន បាន​ជួបប្រទះ​គ្រោះទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ និង​បញ្ហា​ជា​សាកល​នៃ​វិបត្តិ​កូ​វីដ១៩ បន្ត​អូសបន្លាយ​នៅលើ​ពិភពលោក ក៏ដូចជា​ក្នុ​ប្រទេស​កម្ពុជា​យ៉ាងណាក៏ដោយ។

លោក ឡុង ពិ​សិ​ដ្ធ តំណាង​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​គ្រឿងសំណង់ និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​ហ៊ួ​ត​ជា​បាន​លើកឡើងថា ដោយ​ផ្អែកលើ​ស្ថានភាព​ជីវភាព​របស់​ប្រជាពលរដ្ឋ​មាន​ភាពល្អប្រសើរ សំណង់​អគារ លំនៅដ្ឋាន​តូច ធំ កំពុងមាន​សកម្មភាព​ការសាងសង់​យ៉ាង​ផុសផុល មិន​ថា​ទីក្រុង ទីប្រជុំជន ឬ​ជនបទ​នោះទេ ហើយ​បច្ចុប្បន្ននេះ​គ្រឿងសំណង់​នៅតែមាន​តម្រូវការ​ខ្ពស់​គួរឱ្យកត់សម្គាល់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា “ក្រុមហ៊ុន​នាំចូល​និង​ចែកចាយ​គ្រឿងសំណង់ ដែលមាន​ម៉ាក​យីហោ​ត្រឹមត្រូវ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ លើ​គុណភាព នៅតែមាន​ការគាំទ្រ​ពី​សំណាក់​អ្នកប្រើប្រាស់​ក្នុងប្រទេស​នោះបាន និង​កំពុង​ដើរ​ឈានមុខ​គេ នៅក្នុង​ទីផ្សារ​វិស័យ​មួយ​នេះ ជាង​ក្រុមហ៊ុន​ដែល​នាំចូល មិនមាន​ម៉ាក​យីហោ​ត្រឹមត្រូវ ដែល​អាច​ប្រឈម​នឹង​ការដួលរលំ​អាជីវកម្ម​របស់ខ្លួន​ទៅវិញ” ។

លោក​បន្តថា នៅក្នុងពេល​កម្ពុជា​ជួប​វិបត្តិ ដោយសារតែ​ជំងឺ​រាតត្បាត​សាកល និង​គ្រោះទឹកជំនន់​ក្ដី សម្រាប់​ក្រុមហ៊ុន លោក​បាននិងកំពុង​លេចធ្លោ​ខ្លាំងជាងគេ នៅ​ចុងឆ្នាំ២០២០នេះ ហើយក៏​កំពុង​បន្ត​សហការ​ចាប់​ដៃគូ ពង្រីក​សាខា​ថ្មី​របស់ខ្លួន នៅតាម​ប    ណ្តា​រាជធានី ខេត្ត​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ឆ្លើយតប​នឹង​សេចក្តីត្រូវការ​ចាំបាច់រ​បស់​អតិថិជន ដែល​កំពុងមាន​តម្រូវការ​លើ​វិស័យ​គ្រឿងសំណង់ ទូទាំងប្រទេស​កម្ពុជា។

លោក ហួត សារិទ្ធ ជា​ម្ចាស់​ដេប៉ូ​គ្រឿងសំណង់​ប្រចាំ​ក្រុង​បាវិត ក៏បាន​បញ្ជាក់ថា ដោយ​មើលឃើញ ពី​តម្រូវការ​គ្រឿងសំណង់​នៅក្នុង​តំបន់​នេះ មាន​តម្រូវការ​ច្រើន លោក​ក៏បាន​សម្រេច បើក​សាខា​ថ្មី​នៅ​ក្រុង​បាវិត ដើម្បី​ចែកចាយ​បន្ត នូវ​គ្រឿងសំណង់ ដែលមាន​គុណភាព ជូន​អតិថិជន កុំឱ្យ​ពួកគាត់​ពិបាក ក្នុងការ​ស្វែងរក​គ្រឿងសំណង់ នៅ​តំបន់ឆ្ងាយ។

យ៉ាងណាក្ដី សម្រាប់​អ្នកវាយតម្លៃ​អចលនវត្ថុ​កម្ពុជា ជាច្រើន​បានលើកឡើង​ថា គម្រោង​មួយចំនួន ដែល​បានគ្រោង​មុន​កូ​វីដ១៩ គឺ​នៅតែ​បន្ត​ដាក់ទុន​វិនិយោគ និង​សាងសង់​ជា​បន្តបន្ទាប់ តែ​សម្រាប់​គម្រោង​ខ្លះ ដែល​ជួប​វិបត្តិ​ដោយសារតែ​ហិរញ្ញវត្ថុ ឬ​ដោយសារតែ​កង្វះ​កំលាំង​ពលកម្ម ក៏បាន​ផ្អាក​សកម្មភាព​សាងសង់​មួយរយៈ។

យ៉ាងណា​សម្រាប់​គម្រោងធំៗ មិនទាន់មាន​គម្រោង​ណាមួយ ត្រូវ​ជាប់គាំង​នៅឡើយ​ទេ ហើយ​សម្រាប់​វិស័យ​សំណង់​លំនៅឋាន បុរី ទាំង​នៅ​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត ក៏​ឃើញថា​នៅតែ​បន្ត​អភិវឌ្ឍន៍ ដើម្បី​ផ្គត់ផ្គង់​តាម​តម្រូវការ​នៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here