ដោយៈ ហ្វីអូណា
ស្វាយរៀងៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ទំហំនាំចេញរបស់ខេត្តស្វាយរៀង មានចំនួន៥,២៣៧លានដុល្លារ២៣ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា។
សម្តេចតេជោបានថ្លែងបែបនេះ ក្នុងពេលជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ២០,០០០នាក់ នៅក្រុងបាវិត ខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២៥ មិថុនាកន្លងមកនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំហំនាំចេញរបស់ខេត្តស្វាយរៀង ក្នុងឆមាសទី១ ឆ្នាំ២០២៣ មានទឹកប្រាក់១,២០០លានដុល្លារ កើនជាង ១៤ភាគរយ។ ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៩កន្លែង ផ្តល់ការងារជាង៨ម៉ឺននាក់។
ទាក់ទងនឹងកំណើនសេដ្ឋកិច្ចកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣នេះ នឹងសម្រេចបាន ៥.៦ភាគរយ តាមការគ្រោងទុក ហើយឆ្នាំ២០២៤ នឹងសម្រេច៦.៦ភាគរយ។
សម្តេចតេជោបានចោទសួរថា បើកម្ពុជាដឹកនាំដោយក្រុមមនុស្ស ដែលចង់តែបង្កជម្លោះជាមួយវៀតណាម តើអាចមានការវិនិយោគ មានរោងចក្រ សហគ្រាសនៅក្រុងបាវិតដែរ? នយោបាយជ្រុលនិយមបង្កអរិភាព ជាមួយប្រទេសជិតខាង គឺជានយោបាយដ៏គ្រោះថ្នាក់សម្រាប់ប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ក្រោយពេលដឹកនាំបិទបញ្ចប់ភ្លើងសង្គ្រាម សម្តេចបានដាក់ចេញគោលនយោបាយ ប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងជាតំបន់ពាណិជ្ជកម្ម។សម្តេចបន្តថា នយោបាយសន្តិភាពរវាងកម្ពុជា និងវៀតណាម ធ្វើឱ្យកម្ពុជា និងវៀតណាម មានកិច្ចសហប្រតិបត្តិការ ផ្នែកពាណិជ្ជកម្មបានយ៉ាងល្អ។ បច្ចុប្បន្នទំហំពាណិជ្ជកម្ម រវាងប្រទេសមានច្រើនជាង១០ពាន់លានដុល្លារ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយធ្វើសង្គ្រាមជាមួយប្រទេសជាតិខាង ដើម្បីតែសន្លឹកឆ្នោត មិនមែនជាគោលនយោបាយដែលគួរគាំទ្រនោះទេ៕