ដីភូមិ ដីស្រែ ក្នុងខេត្តកំពត មានហាងឆេងជាងដីឡូត៍

ដោយ៖ លក្ខិណា
ភ្នំពេញ ៖ ទោះបីប្រទេសកម្ពុជាកំពុងជួបវិបត្តិដោយសារតែកូវីដ១៩ និងបានធ្វើឱ្យវិស័យអចលនទ្រព្យបានរងផលប៉ះពាល់ក្ដី តែសម្រាប់វិស័យដីធ្លីក្នុងខេត្តកំពត នៅតែទទួលបានសកម្មភាពទិញលក់ជាធម្មតា ក្នុងនោះដីស្រែ ដីភូមិ ហាក់មានហាងឆេងជាងដីឡូត៍។

លោក គឹម សង្គ្រាម អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុមួយរូបនៅខេត្តកំពត បានឱ្យដឹងថា ទីផ្សារទិញលក់ដីធ្លី ក្នុងខេត្តកំពត នៅតែមានជាធម្មតា តែប្រភេទដីស្រែ ដីភូមិ ដីចំការ ហាក់មានហាងឆេងច្រើន ដោយសារតែអ្នកទិញមួយចំនួន ទុកសម្រាប់ចំណេញ ហើយខ្លះទៀតក៏ទិញទុកសម្រាប់អភិវឌ្ឍន៍ជាលំនៅឋានលំហែកាយ និងអភិវឌ្ឍន៍ជាអ្វីផ្សេងទៀតបម្រើឱ្យវិស័យទេសចរណ៍ក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។

លោកបន្តថា ពលរដ្ឋមួយចំនួនដែលមានដីធ្លីជាដីភូមិ ដីស្រែ ជាដើមបានប្រកាសលក់ ដើម្បីយកលុយមកដោះស្រាយបញ្ហាអាជីវកម្ម និងជំនួញ ផ្សេងៗ ដែលជួបបញ្ហាដោយសារតែកូវីដ១៩ ដូច្នេះតម្លៃអាចទាបជាងទីផ្សារបន្តិច ហើយមានការទិញលក់ហូរហែ ដូច្នេះទើបធ្វើឱ្យដីធ្លីប្រភេទនេះទទួលបានការទិញលក់ច្រើន។

ដោយឡែកលោកសុខ គែន ស្ថាបនិក នៃក្រុមហ៊ុនវាយតម្លៃនិងភ្នាក់ងារអចលវត្ថុ Kampot Street Real Estate ក៏បានឱ្យដឹងផងដែរថា ជាការពិតណាស់ ដីប្រភេទដីស្រែដែលមានប្លង់មួយដុំៗមានហាងឆេងច្រើន ហើយអ្នកទិញមួយចំនួន ទិញសម្រាប់អភិវឌ្ឍន៍នៅពេលអនាគត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា បច្ចុប្បន្ននេះ ដីធ្លីប្រភេទនេះ ពិបាកស្វែងរកនៅក្បែរៗទីរួមខេត្តណាស់ បើចង់រកត្រូវទៅឆ្ងាយពីរួមខេត្តបន្តិច ហើយអាចរកបានក្នុងតម្លៃមួយទាបជាងដីធ្លីនៅជិតៗក្រុង។ លោកថា “ដីជាប់មាត់ព្រែក និងនៅក្បែរៗទីប្រជុំជន នាពេលនេះគឺពិបាករកបន្តិច តែបើសិនជាចង់បានក៏មានតម្លៃថ្លៃដែរ ព្រោះថាអ្នកទិញដីជាប់មាត់ព្រែកគឺគេទិញ សម្រាប់អភិវឌ្ឍន៍តែម្ដង”។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា កំពតជាខេត្តមួយដែលមានសក្ដានុពលវិនិយោគខ្ពស់ ព្រោះវាមានតំបន់ទេសចរណ៍ដ៏ទាក់ទាញក្នុងនោះ វាមានភ្នំ មានជ្រោះ មានព្រែក និងតំបន់ទាក់ទាញជាច្រើនទៀត ។

លោក ច្រឹក សុខនីម បានថ្លែងទៀតថា ម្យ៉ាងទៀតខេត្តនេះ ក៏មិនឆ្ងាយ ពីរាជធានីភ្នំពេញ ដោយភ្ញៀវទេសចរអាចធ្វើដំណើរត្រឹមតែ២ម៉ោងឬ២ម៉ោតតិចតួចនឹងទៅដល់ ដូច្នេះវិនិយោគិននឹងចាប់ឱកាសក្នុងការវិនិយោគលើអចលនទ្រព្យដែលបម្រើឱ្យវិស័យទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here