ដោយៈ សុខុម
វៀងចន្ទន៍: រដ្ឋាភិបាលឡាវ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន ដើម្បីបញ្ជូនពលករឡាវ បន្ថែមទៀតទៅធ្វើការនៅប្រទេសនេះ ក្នុងវិស័យកសិកម្ម និងនេសាទ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃពុធ ទី២១ ខែមិថុនា។
អនុស្សរណៈនេះ(MoU) បានចុះហត្ថលេខាដោយលោកស្រី Anousone Khamsingsavat អគ្គនាយកនៃអគ្គនាយកដ្ឋានការងារ និងលោក Kim Byung Kyoo អភិបាលរងខេត្ត Gyeongsangnam-do នៃប្រទេសកូរ៉េខាងត្បូង នេះគឺជាជំហានមួយឆ្ពោះទៅរកការធានាបាននូវការអភិវឌ្ឍសមត្ថភាព និងគុណភាពផលិតកម្មកសិកម្មរបស់ប្រទេសឡាវ។លោកស្រី Anousone Khamsingsavat បានថ្លែងក្នុងពិធីចុះហត្ថលេខាក្នុងខេត្ត Gyeongsangnam-do ប្រទេសកូរ៉េខាងត្បូង ថា រដ្ឋាភិបាលឡាវ គ្រោងនឹងបញ្ជូនពលករចន្លោះពី១.៥០០នាក់ ទៅ២.០០០នាក់ ឱ្យទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ជារៀងរាល់ឆ្នាំ ដើម្បីទទួលការបណ្តុះបណ្តាល លើការអនុវត្តកសិកម្មប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនេះដែរ អាជ្ញាធរឡាវ បានស្នើឱ្យសមភាគីកូរ៉េ ជួយពិនិត្យតាមដានចំនួនពលករឡាវ ដែលត្រូវបាននិយោជកកូរ៉េ ជួលឱ្យធ្វើការ និងធានាឱ្យពលករទាំងនោះអនុវត្តតាមច្បាប់ និងគោលនយោបាយនានាអំឡុងពេលពួកគេធ្វើការនៅទីនោះ។
ប្រទេសឡាវ បានជាប់ចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមបណ្ដាប្រទេសអាស៊ាន ដែលមានពលរដ្ឋទៅធ្វើការច្រើនជាងគេ នៅក្នុងប្រទេសកូរ៉េខាងត្បូង។ បច្ចុប្បន្នមានពលរដ្ឋឡាវ យ៉ាងតិចចំនួន២.៨០០នាក់ ដែលកំពុងធ្វើការ នៅក្នុងប្រទេសកូរ៉េខាងត្បូង លើកិច្ចសន្យារយៈពេលខ្លី ដែលបន្តពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣។
យោងតាមសារព័ត៌មាន Laotian Times ឱ្យដឹងថា វៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ី ជាប្រទេសកំពូលទាំង៣ ក្នុងតំបន់អាស៊ាន ដែលបញ្ជូនពលករ ទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ច្រើនជាងគេ ដោយក្នុងនោះពលករវៀតណាម មានចំនួន៥៥.៧៩៥ ពលករហ្វីលីពីន មានចំនួន២៦.២១៧នាក់ និងពលករឥណ្ឌូនរស៊ី មានចំនួន២៤.៧៣២នាក់។
ទោះជាយ៉ាងណា យោងតាមកាសែត Phnom Penh Post ចុះផ្សាយកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បង្ហាញថា បច្ចុប្បន្នមានពលករខ្មែរ រហូតដល់ទៅជាង៦០.០០០នាក់ កំពុងបម្រើការងារនៅកូរ៉េខាងត្បូង ដែលផ្ញើប្រាក់ត្រលប់មកស្រុកវិញ ជាមធ្យមចន្លោះពី៥០០លានដុល្លារ ទៅ៦០០លានដុល្លារក្នុងមួយឆ្នាំៗ ដែលរួមចំណែកយ៉ាងធំដលសេដ្ឋកិច្ចជាតិ។
នេះសរបង្ហាញឱ្យឃើញថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ាន ដែលបញ្ជូនពលករទៅធ្វើការ នៅក្នុងប្រទេសកូរ៉េខាងត្បូង ច្រើនជាងគេបំផុត៕ Laotian Times៕