ផ្សារហ៊ុននៅតំបន់អាសុីដាំក្បាលចុះ ខណៈប្រាក់អឺរ៉ូហក់ឡើងថ្លៃ និងតម្លៃប្រេងឆៅអាមេរិកធ្លាក់ចុះ

ដោយ: គង់ លាងហួរ
សិង្ហបុរីៈ ផ្សារហ៊ុននៅតំបន់អាស៊ីដាំក្បាលចុះនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការផ្តល់សក្ខីកម្មរបស់លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក មិនបានធ្វើឱ្យមានការភ្ញាក់ផ្អើល ហើយវិនិយោគិនវាយតម្លៃផ្លូវគោលនយោបាយអត្រាការប្រាក់នាពេលអនាគតពីធនាគារ Fed។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកទូលំទូលាយបំផុតរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនដាំក្បាលចុះបន្តិចមកនៅ៥២២,៩៣ពិន្ទុ។ សន្ទស្សន៍នេះបានដាំក្បាលចុះជាង២ភាគរយសម្រាប់ក្នុងសប្តាហ៍នេះ។

សន្ទស្សន៍ផ្សារហ៊ុន S&P/ASX 200 របស់អូស្ត្រាលីបានដាំក្បាលចុះ១,១៧ភាគរយ ខណៈដែលផ្សារហ៊ុន Nikkei របស់ជប៉ុនបានធ្លាក់ថ្លៃ០,២៥ភាគរយ។ ចំណែក ផ្សារហ៊ុនចិន និងហុងកុងត្រូវបានបិទសម្រាប់ថ្ងៃឈប់សម្រាក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីសប្តាហ៍មុន ធនាគារកណ្តាលអាមេរិកបានរក្សាអត្រាការប្រាក់គោលរបស់ខ្លួនឱ្យនៅដដែល ក្នុងកម្រិតចន្លោះពី៥ទៅ៥,២៥ភាគរយ ប៉ុន្តែក្រុមមន្ត្រីបានព្យាករថា អត្រាការប្រាក់នឹងត្រូវកើនឡើងទៀតនៅចុងឆ្នាំនេះ ដើម្បីទប់ទល់អតិផរណា។

ប្រាក់អឺរ៉ូបានហក់ឡើងថ្លៃ០,០ឨភាគរយដល់១,០៩៩១ដុល្លារ ដោយបានឈានដល់កម្រិតខ្ពស់រយៈពេលមួយខែគឺ១,០៩៩២៥ដុល្លារក្នុងមួយអឺរ៉ូ នៅក្នុងវគ្គជួញដូរមុន។ ប្រាក់យ៉េនជប៉ុនបានហក់ឡើងថ្លៃ០,១១% ដល់១៤១,៧០យ៉េនក្នុងមួយដុល្លារ។

ប្រាក់លីរ៉ារបស់ទួរគីបានធ្លាក់ថ្លៃចុះដល់កម្រិតទាបចាប់តាំងពីការបោះឆ្នោតកាលពីខែមុន ហើយនៅពេលចុងក្រោយបានឈានដល់២៣,៥៦លីរ៉ា ក្នុងមួយដុល្លារ។

តម្លៃប្រាក់ Sterling ត្រូវបានជួញដូរចុងក្រោយនៅត្រឹម១,២៧៦៩ដុល្លារ ពោលគឺហក់ឡើង០,០១% នៅថ្ងៃនេះ ដោយបានហក់ឡើងថ្លៃជិតដល់កម្រិតខ្ពស់រយៈពេលមួយឆ្នាំកាលពីសប្តាហ៍មុន។

តម្លៃប្រេងឆៅរបស់អាមេរិកបានធ្លាក់ចុះ០,០៧ភាគរយមកនៅត្រឹម៧២,៤៨ដុល្លារក្នុងមួយបារ៉ែល ហើយប្រេង Brent មានតម្លៃត្រឹម៧៧,០៦ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ០,០៨ភាគរយនៅថ្ងៃនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here