រយៈពេល៥ខែដំបូង កម្ពុជារកចំណូលបានជិត១៤៦លានដុល្លារ ពីការនាំចេញកៅស៊ូ

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមរបាយការណ៍ ពីអគ្គនាយកដ្ឋានកៅស៊ូកាលពីថ្ងៃពុធបានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញកៅស៊ូ ស្ងួតចំនួន១០៧.៩៣៨តោន ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ កើនឡើង២,៥ភាគរយធៀបនឹងចំនួន១០៥.២៤៨តោន ដែលបាននាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយ​ការណ៍​ខាងលើបាន​បន្ត​ទៀតថា កម្ពុជារកប្រាក់​ចំណូល​បាន១៤៥,៨លាន​ដុល្លារ​អាមេរិក​ ពី​ការ​នាំ​ចេញ​កៅស៊ូ នៅក្នុង​អំឡុង​ខែ​មករា​ដល់​ខែ​ឧសភា​ឆ្នាំ​នេះ ធ្លាក់​ចុះ១៣,៥ភាគរយ​ បើធៀប​នឹង១៦៨,៧លាន​ដុល្លារ​ ដែល​រកបាន​កាល​ពី​ឆ្នាំ​មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបានបញ្ជាក់នៅក្នុងរបាយការណ៍នោះថា “កៅស៊ូស្ងួតមួយតោនជាមធ្យម មានតម្លៃ១.៣៥១ដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ ពោលគឺធ្លាក់ចុះប្រហែល២៥២ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។

ជាក់ស្តែង ប្រទេស​កម្ពុជាបាននាំ​ចេញ​ទំនិញ​កៅស៊ូ ជា​ចម្បង​ទៅ​កាន់ប្រទេស​ម៉ាឡេស៊ី ប្រទេសវៀតណាម ប្រទេសសិង្ហបុរី និង​ប្រទេសចិនផងដែរ។

របាយការណ៍​ដដែលបាន​ឲ្យ​ដឹង​ទៀតថា គិតរហូតមក​ដល់​ពេល​នេះ កម្ពុជា​បាន​ដាំ​ដើម​កៅស៊ូ​លើ​ផ្ទៃដី ​សរុបទំហំ៤០៤.៥៧៨ហិកតា ក្នុង​នោះ​ដើម​កៅស៊ូ លើ​ផ្ទៃដីទំហំ៣១៥.៣៣២ហិកតា មាន​អាយុ​គ្រប់​គ្រាន់​អាច​ប្រមូលផលបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here