ដោយៈ សុខុម
តូក្យូ: ក្រុមហ៊ុនពាណិជ្ជកម្មជប៉ុន Mitsui & Co អះអាងថា ខ្លួនគ្មានគម្រោងដកខ្លួនចេញ ពីគម្រោងឧស្ម័នធម្មជាតិរាវ លំដាប់ខ្នាតយក្ស Sakhalin-2 ក្នុងប្រទេសរុស្ស៊ីឡើយ ខណៈគម្រោងនេះកំពុងបន្តនាំចេញឧស្ម័នទៅកាន់ប្រទេសជប៉ុន។
លោក Toru Matsui នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន Mitsui បានថ្លែងក្នុងកិច្ចប្រជុំទូទៅ ប្រចាំឆ្នាំនៅថ្ងៃពុធ ទី២១ ខែមិថុនា នេះថា “កាលពីឆ្នាំមុន យើងបានសម្រេចរក្សាទុក ភាគហ៊ុនរបស់យើងនៅក្នុងគម្រោងឧស្ម័នSakhalin-2 បន្ទាប់ពីពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលជប៉ុន ខណៈគម្រោងនេះផ្គត់ផ្គង់ ប្រមាណ៩%នៃការនាំចូលឧស្ម័ន LNG របស់ប្រទេសជប៉ុន”។
លោកបន្ថែមទៀតថា “យើងគ្មានគម្រោងដកខ្លួនចេញពីគម្រោងនេះឡើយនៅពេលនេះ” ហើយថា ក្រុមហ៊ុន Mitsui នឹងធ្វើការផ្លាស់ប្តូរសមស្រប នៅពេលស្ថានការណ៍ប្រែប្រួល ដោយសារគោលការណ៍របស់ក្រុមហ៊ុនជប៉ុន មួយនេះក្នុងការអនុលោមតាមទណ្ឌកម្មណាមួយរបស់រដ្ឋាភិបាលជប៉ុន”។
នៅពេលត្រូវម្ចាស់ភាគហ៊ុនម្នាក់ សាកសួរថាតើក្រុមហ៊ុន Mitsui ទទួលរងក្រោមសម្ពាធ ឬ បានទទួលសំណើមិនសមហេតុផលពីរដ្ឋាភិបាលរុស្ស៊ី ឬយ៉ាងណានោះ ក្រុមហ៊ុន Matsui ឆ្លើយតបថា គម្រោងនេះ គ្មានបញ្ហាជាមួយនឹងប្រតិបត្តិការទេ ហើយកំពុងបន្តនាំចេញឧស្ម័ន LNG ទៅកាន់ប្រទេសជប៉ុន។
ក្រុមហ៊ុន Mitsui និងក្រុមហ៊ុនដៃគូ Mitsubishi Corp របស់ខ្លួនបានរក្សាទុកភាគហ៊ុនរួមបញ្ចូលគ្នា ចំនួន២២,៥%របស់ពួកគេនៅក្នុងគម្រោង Sakhalin-2 បន្ទាប់ពីវិមានក្រឹមឡាំង (រុស្ស៊ី) បានបញ្ជាឱ្យបង្កើតក្រុមហ៊ុនក្នុងស្រុកថ្មីមួយ ដើម្បីសងសឹកចំពោះទណ្ឌកម្មរបស់លោកខាងលិច ដែលបានដាក់លើទីក្រុងម៉ូស្គូ បន្ទាប់ពីរុស្ស៊ី បានបញ្ជូនកងទ័ព ចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕ Reuters៕