ដោយ: គង់ លាងហួរ
ស៊ីដនីៈ យោងតាមការចុះផ្សាយដោយសារពត៌មាន Reuter បានឱ្យដឹងថា ផ្សារហ៊ុននៅក្នុងតំបន់អាស៊ីបានដាំក្បាលចុះនៅថ្ងៃពុធនេះ ដោយសារកង្វះវិធានការជំរុញថ្មីពីសំណាក់ទីក្រុងប៉េកាំងដែលបានធ្វើឱ្យក្រុមអ្នកវិនិយោគមានការខកចិត្ត។
ប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell ប្រឈមមុខនឹងក្រុមសមាជិកសភា ក្នុងការផ្តល់សក្ខីកម្ម ហើយគេប្រាកដថា លោកនឹងត្រូវបានចោទសួរថា តើអត្រាការប្រាក់ពិតជានឹងកើនឡើងម្តងទៀតនៅក្នុងខែកក្កដា និងឈានដល់កម្រិតកំពូលក្នុងកម្រិត៥,៥ភាគរយទៅ៥,៧៥ភាគរយ ដូចដែលបានព្យាករណ៍ឬយ៉ាងណា។
ទីផ្សារកំពុងមានការងឿងឆ្ងល់ ហើយបច្ចុប្បន្ន ទីផ្សារកំពុងកំណត់ឱកាស៧៨ភាគរយនៃការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកដល់៥,២៥%ទៅ៥,៥ភាគរយនៅខែក្រោយនេះ។
ភាពមិនប្រាកដប្រជាបានធ្វើឱ្យតម្លៃផ្សារហ៊ុន S&P 500 futures និង Nasdaq futures នៅទ្រឹងដដែល បន្ទាប់ពីដាំក្បាលចុះបន្តិចពេញមួយយប់។ ចំណេក ផ្សារហ៊ុន EUROSTOXX 50 futures បានហក់ឡើងថ្លៃ០,២ភាគរយ និងផ្សារហ៊ុន FTSE futures ហក់ឡើង០,១ភាគរយ។
សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានដាំក្បាលចុះ០,៨ភាគរយ ខណៈផ្សារហ៊ុនកូរ៉េខាងត្បូងធ្លាក់ថ្លៃចុះ០,៥ភាគរយ។
ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានហក់ឡើងថ្លៃ០,១ភាគរយ។ យោងតាមការស្ទង់មតិមួយបានបង្ហាញថា ទំនុកចិត្តនៅបណ្តាក្រុមហ៊ុនផលិតធំៗរបស់ប្រទេសជប៉ុនបានកើនឡើងនៅក្នុងខែមិថុនា។
ផ្សារហ៊ុន Chinese blue chips បានដាំក្បាលចុះ០,៥ភាគរយ ដោយសារអ្នកវិនិយោគនៅតែខកចិត្តដោយវិសាលភាពនៃការកាត់បន្ថយអត្រាការប្រាក់កាលពីថ្ងៃអង្គារ ដែលធ្វើឱ្យប្រាក់យ័នធ្លាក់ថ្លៃទាបបំផុតសម្រាប់ឆ្នាំនេះ៕