លោកបណ្ឌិតសឿង ម៉ូរ៉ារិទ្ឋលើកឡើងពីទំនុកចិត្ត ការប្រកួតប្រជែងនិងភាពរឹងមាំរបស់ធនាគារChief Bank

ដោយ: គង់ លាងហួរ

ភ្នំពេញ: ដោយបានចាប់ផ្តើមជាធនាគារឯកទេសមួយ ក្នុងឆ្នាំ២០១៣ មុនពេលក្លាយទៅជាធនាគារពាណិជ្ជ ពេញលេញនៅឆ្នាំ២០១៨ ដំណើររយៈពេល១០ឆ្នាំរបស់ធនាគារ Chief Bank នៅកម្ពុជាមានភាពលេចធ្លោ និងគួរឱ្យកត់សម្គាល់។

ជាក់ស្តែង ធនាគារនៅតែភាពរឹងមាំ និងទទួលបានផលចំណេ ញ ទោះជាមានបញ្ហាប្រឈមផ្នែកឥណទាន និងការចំណាយលើការផ្តល់មូលនិធិ ហើយប្រាក់បញ្ញើសរុបរបស់ធនាគារ Chief Bank បានកើនលើស១៣០លានដុល្លារ ដោយទ្រព្យសកម្មសរុបមានចំនួន២២០លានដុល្លារ។

ថ្លែងនៅក្នុងបទសម្ភាស៍ ជាមួយសារពត៌មានក្នុងស្រុក  លោក បណ្ឌិតសឿង ម៉ូរ៉ារិទ្ធ អគ្គនាយកប្រតិបត្តិធនាគារ Chief Bank មានប្រសាសន៍ថា ការជឿទុកចិត្តរបស់អតិថិជន ក្រមសីលធម៌វិជ្ជាជីវៈ និងឌីជីថលនីយកម្ម នឹងនៅតែជាសសរស្តម្ភសំខាន់ របស់ធនាគារ Chief Bank ក្នុងដំណើរឆ្ពោះទៅមុខដ៏ជោគជ័យរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សំណួរទី១: តើអ្វីជាសមិទ្ធិផលសំខាន់ៗរបស់ធនាគារ Chief Bank ក្នុងអំឡុងពេលនៃការងើបឡើងវិញក្រោយជំងឺរាតត្បាត?។

លោកបណ្ឌិតសឿង ម៉ូរ៉ារិទ្ធ លើកឡើងថា យើងនៅតែរឹងមាំ និងទទួលបានផលចំណេញកាន់តែច្រើន។ នៅឆ្នាំ២០២២ ធនាគារ Chief Bank បានបន្តធ្វើឱ្យមានវឌ្ឍនភាពជាយុទ្ធសាស្រ្តដ៏ល្អ និងបានធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការហិរញ្ញវត្ថុ។ លោកបន្តថា បរិយាកាសខាងក្រៅ ដែលយើងកំពុងប្រឈមមុខគឺមានភាពលាយឡំគ្នា ជាក់ស្តែងសង្គ្រាមនៅអ៊ុយក្រែន បានបង្កើតភាពមិនច្បាស់លាស់ដ៏សំខាន់នៅក្នុងទីផ្សារ រួមជាមួយនឹងកត្តាដែលសហរដ្ឋអាមេរិក រឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួន។

ទោះជាយ៉ាងនេះក្តី សេដ្ឋកិច្ចពិភពលោក នៅតែមានភាពធន់ ជាមួយនឹងការបន្ធូរបន្ថយវិធានការជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិននាពេលថ្មីៗនេះ ដែលផ្តល់ហេតុផលបន្ថែមទៀត សម្រាប់សុទិដ្ឋិ​និយមនៅឆ្នាំ២០២៣នេះ។លោកបណ្ឌិតសឿង ម៉ូរ៉ារិទ្ធបានបញ្ជាក់ថា ការកសាងមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់អាជីវកម្មប្រាក់កម្ចី ប្រកបដោយគុណភាពរបស់យើង គឺជាគោលបំណងចម្បងរបស់យើង។  ដូច្នេះហើយ យើងបានធ្វើការយ៉ាងល្អប្រសើរ ក្នុងការពង្រីកមូលដ្ឋានប្រាក់បញ្ញើ របស់ធនាគារ Chief Bank ។

គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ប្រាក់បញ្ញើក្នុងធនាគារមានចំនួនជាង១៣៦លានដុល្លារ កើនឡើង១៧,៨ភាគរយ បើធៀបនឹងខែធ្នូ ឆ្នាំ២០២១។ ចំណែក ទ្រព្យសកម្មសរុបរបស់ធនាគារ បានឈានដល់២២០លានដុល្លារ ដោយប្រាក់ចំណូលសុទ្ធ បានកើនឡើង៥០ភាគរយបើធៀបនឹងតួលេខឆ្នាំ២០២១។

លោកបណ្ឌិតសឿង ម៉ូរ៉ារិទ្ធ បានបន្តឱ្យដឹងទៀតថា ទ្រព្យសកម្មមិនដំណើរការ (NPA) របស់ធនាគារឈរនៅត្រឹមតែ០,៤ភាគរយ ដែលយើងចាត់ទុកថា ជាសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់។ ទំនុកចិត្តដ៏អស្ចារ្យរបស់អតិថិជនរបស់យើង ក៏ដូចជាកម្រិតខ្ពស់បំផុតនៃក្រមសីលធម៌វិជ្ជាជីវៈ សុចរិតភាព ភាពប្រុងប្រយ័ត្ន និងតម្លាភាព នៅតែជាគោលការណ៍ណែនាំស្នូលរបស់យើង។

សំណួរទី២:តើលោកអាចចែករំលែកជាមួយអ្នកអាន របស់យើងបានទេ ពីព្រឹត្តិការណ៍សំខាន់ៗដែលធនាគារChief Bank សម្រេចបានទាក់ទងនឹងការជំរុញឌីជីថលរបស់ខ្លួន?។

លោកបណ្ឌិតសឿង ម៉ូរ៉ារិទ្ធបានបញ្ជាក់ថា ធនាគារ Chief Bank គឺជាអ្នកត្រួសត្រាយផ្លូវមួយ នៅក្នុងឧស្សាហកម្មធនាគាររបស់កម្ពុជា នៅពេលនិយាយអំពីការជំរុញឌីជីថល។  ប្រតិបត្តិការអនឡាញរបស់យើងកំពុងទទួលបានកំណើន ដែលមិនធ្លាប់មានពីមួយថ្ងៃទៅមួយថ្ងៃ ហើយយើងផ្សព្វផ្សាយយ៉ាងសកម្ម នូវកម្មវិធី Chief Easy App និងលេខកូដ Bakong KHQR។

លោកបន្តថា ដោយប្រើប្រាស់កម្មវិធី Chief Lending App កម្ចីខ្នាតតូច អាចត្រូវបានអនុវត្តតាមប្រព័ន្ធឌីជីថល នៅទូទាំងប្រទេសកម្ពុជា ហើយប្រព័ន្ធឥណទានរបស់យើង ត្រូវបានភ្ជាប់ទៅកាន់ការិ​យាល័យឥណទាន។

លោកបញ្ជាក់ថា ការទទួលយកបច្ចេកវិទ្យាហិរញ្ញវត្ថុចុងក្រោយបង្អស់ គឺជាអាទិភាពចម្បងរបស់យើង ហើយយើងមានក្រុមបច្ចេកវិទ្យាព័ត៌មានវិទ្យា ក៏ដូចជា ការផ្សារភ្ជាប់ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេពីចក្រភពអង់គ្លេស ហុងកុង និងឥណ្ឌា ដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យារបស់យើងកាន់តែប្រសើរឡើង។

សំណួរទី៣: តើ ធនាគារ Chief Bank បាន​ជួយ​ដល់​ពាណិជ្ជករ ក៏ដូចជា​សហគ្រិន​ក្នុង​ប្រទេស​កម្ពុជាដោយ​របៀបណា?

ចំពោះសំណួរនេះ លោកបណ្ឌិតសឿង ម៉ូរ៉ារិទ្ធ លើកឡើងយ៉ាងដូច្នេះថា យើងទទួលស្គាល់ការពិតថា ទាំងពាណិជ្ជករ និងសហគ្រិនគឺមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច ដោយពួកគេបានចូលរួមចំណែកក្នុងការកសាងប្រទេសជាតិ តាមរយៈការបង្កើតឱកាសការងារ។ លោកអះអាងថា  យើងផ្តល់ប្រាក់កម្ចី និងជំនួយហិរញ្ញវត្ថុមិនត្រឹមតែដល់វិស័យសាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និងសហគ្រាសខ្នាតតូចផងដែរ។

លោកបន្ថែមថា យើងមានក្រុមស្រាវជ្រាវទីផ្សារក្នុងស្រុក ដឹកនាំដោយប្រធានសេដ្ឋវិទូមួយរូប ដែលផ្តល់ដំបូន្មានដល់យើងអំពីដំណើរការនៃវិស័យផ្សេងៗ ហើយគោលនយោបាយឥណទាន ចំពោះអាជីវកម្មក្នុងវិស័យទាំងនោះ ត្រូវបានកំណត់ឡើងដោយការរកឃើញ និងការស្រាវជ្រាវ។

តើ​អ្វី​ជា​យុទ្ធសាស្ត្រ​សំខាន់ៗ ​ដែល​លោកបាន​និង​កំពុង​រៀបចំ​ដើម្បី​ជម្នះ​ការ​ប្រកួត​ប្រជែង ​ដ៏​ស្វិតស្វាញ​ក្នុង​វិស័យ​ធនាគារ?
លោកបណ្ឌិតសឿង ម៉ូរ៉ារិទ្ឋបានបញ្ជាក់ថា វាជាការពិតណាស់ដែលយើងកំពុងប្រឈមមុខ នឹងការប្រកួតប្រជែងយ៉ាងខ្លាំងក្លានៅក្នុងឧស្សាហកម្មធនាគារ។  ទោះយ៉ាងណាក្តី ដោយសារតួលេខស្តែងអំពីជោគជ័យ ខ្ញុំអាចបញ្ជាក់ម្តងទៀតថា យើងតែងតែនៅខាងឈ្នះ។  យុទ្ធសាស្ត្រឈ្នះៗរបស់យើង គឺផ្អែកលើសសរស្តម្ភស្នូលចំនួ​ន៣ ដូចជា ទី១: ដ្រាយឌីជីថល ការវិភាគលើការចំណាយ និងអត្ថប្រយោជន៍ និងភាពជាដៃគូដ៏ត្រឹមត្រូវ។
ទី២: ការទទួលយកបច្ចេកវិទ្យាហិរញ្ញវត្ថុ ចុងក្រោយបង្អស់តែងតែផ្តល់ឱ្យយើងនូវភាពលេចធ្លោ ជាងដៃគូប្រកួតប្រជែងរបស់យើង និង
ទី៣: កម្មវិធីធនាគាររបស់យើងមានប្រជាប្រិយភាពខ្ពស់ និងងាយស្រួលប្រើ។

លើសពីនេះ ភាពជោគជ័យរបស់យើង ក្នុងការប្រកួតប្រជែងក៏អាចត្រូវបានគេសន្មតថា បានមកពីការធ្វើការងារជាក្រុមដ៏ល្អបំផុត គោលនយោបាយត្រឹមត្រូវក្នុងសកម្មភាព អភិបាលកិច្ចសាជីវកម្មល្អ ការគាំទ្រពីនិយតករ និងរដ្ឋាភិបាលកម្ពុជាផងដែរ។

តើគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមសាជីវកម្ម (CSR) មានសារៈសំខាន់ប៉ុណ្ណាចំពោះធនាគារChief Bank?លោកបណ្ឌិតសឿង ម៉ូរ៉ារិទ្ធបានឲ្យដឹងថា គំនិតផ្តួចផ្តើម CSR គឺជាអាទិភាពចម្បងរបស់យើង ដោយសារសង្គមកម្ពុជាមានសារៈសំខាន់បំផុតសម្រាប់យើង។  កិច្ចខិតខំប្រឹងប្រែង CSR របស់យើងគឺផ្តោតជាសំខាន់ទៅលើក្រុមយុវជន និងនិស្សិត។  ចំណែក​នៃ​ប្រាក់​ចំណេញ​របស់​យើង ​ត្រូវ​បាន​កំណត់​សម្រាប់​សុខុមាលភាព​សង្គម ​នៃ​ប្រទេស​កម្ពុជា​ ហើយធនាគារត្រូវ​តែ​ផ្តល់​ការ​តបស្នង​ ដល់​សង្គម ​ដែល​បាន​និង​កំពុង​គាំទ្រ​យើង​ អស់​រយៈ​ពេល​មួយ​ទសវត្សរ៍​កន្លងមក​ហើយ។

តើផែនការអនាគត​របស់​ធនាគារ Chief Bank នៅ​កម្ពុជា​មាន​គម្រោង​អ្វី​ខ្លះ?
លោកបណ្ឌិតសឿង មូរ៉ារិទ្ធ បានមានប្រសាសន៍ថា គិតត្រឹមពេលនេះ យើងមានសាខាចំនួន៤ ដែលមានមុខងារពេញលេញនៅទីតាំងយុទ្ធសាស្ត្រក្នុងរាជធានីភ្នំពេញ។  ក្រៅពីការិយាល័យកណ្តាល យើងមានសាខានៅច្បារអំពៅ សាខាផ្សារអូឡាំពិក និងសាខាព្រះនរោត្តម។ លើសពីនេះ យើងគ្រោងនឹងបើកសាខាអ៊ីអន មានជ័យទី៥នៅឯផ្សារទំនើបអ៊ីអនម៉លទី៣ផងដែរ។

លោកបន្ថែមថា នាពេលអនាគតដ៏ខ្លីខាងមុខនេះ ការសង្កត់ធ្ងន់ និងការផ្តោតជាសំខាន់ នឹងផ្តោតលើការពង្រីកការយល់ដឹង នៃម៉ាកយីហោសាជីវកម្មរបស់យើង។  បន្ទាប់ពីឆ្នាំ២០២៥ យើងនឹងបើកសាខានៅតាមបណ្តាខេត្ត ប៉ុន្តែមកដល់ពេលនេះ យើងកំពុងផ្តោតលើការចាប់ផ្តើមប្រតិបត្តិការ នៅទីតាំងយុទ្ធសាស្ត្រក្នុងរាជធានីភ្នំពេញ។

ក្នុងនាម​ជា​ធនាគារិក​ដ៏ជោគជ័យមួយរូប តើ​លោកមាន​ជាសារ​អ្វី​ជូនដល់​យុវជន​នៃ​កម្ពុជា ដែល​ចង់​ធ្វើ​ជំនួញធំ​ក្នុង​វិស័យ​ធនាគារ?
លោកបណ្ឌិតសឿង មូរ៉ារិទ្ធ បានមានប្រសាសន៍ថា ភាពជោគ​ជ័យ គឺជាផ្លូវនៃការរុករកញឹកញាប់ ហើយវាតែងតែជាដំណើរការបន្តដោយគ្មានចំណុចបញ្ចប់។ លោកបញ្ជាក់ថា លោកបានចូលរៀន នៅសាកលវិទ្យាល័យនា​នា ក្នុងអំឡុងពេលចុងសប្តាហ៍ និងគ្រប់ពេលណាដែលលោកមានពេលវេលា។

លោកអះអាងទៀតថា “ក្នុងនាមជាអ្នកណែនាំមួយរូប លោកអាចនិយាយបានថា គ្មានអ្វីអាចជំនួសការស្វែងរកចំណេះដឹង គុណសម្បត្តិ និងចរិតលក្ខណៈបាននោះទេ”។ លោកបន្ថែមថា សម្រាប់ធនាគារិកដ៏ជោគជ័យមួយរូប ជារៀងរាល់ថ្ងៃ គឺជាបទពិសោធន៍តែមួយគត់ ហើយគ្មានទីបញ្ចប់ក្នុងការសិក្សារៀនសូត្រ។  ហើយកំណត់ត្រាសិក្សាជាប់លាប់ គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការទទួលបានជោគជ័យ ក្នុងនាមជាធនាគារិក។លោកមានប្រសាសន៍ទៀតថា យុវជនកម្ពុជាពិតជាមានសក្តានុពល និងសកម្មក្នុងការកសាងប្រទេស។ ជាក់ស្តែង  ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ខ្ញុំ កាលពីពេលថ្មីៗនេះ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបជាមួយមន្ត្រីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ខ្ញុំពិតជាមានមោទនភាព នៅពេលដែលបានឃើញស្ត្រីវ័យក្មេងកម្ពុជាម្នាក់ ធ្វើការជាមួយនឹងផ្សារហ៊ុនញូវយ៉ក ក្នុងមុខតំណែងដ៏ធំមួយ។ លោកបណ្ឌិតសឿង មូរ៉ារិទ្ធ ចង្អុលបង្ហាញថា  យុវជន​កម្ពុជា​កំពុង​តែ​បង្ហាញ​ថា​ពួកគេ ​មាន​សមត្ថភាព​បញ្ចេញ ក្នុង​កម្រិត​ពិភពលោក ហើយ​ខ្ញុំ​ប្រាកដ​ណាស់​ថា ​ពួកគេ​នឹង​លើក​កិត្តិនាម​ប្រទេស​ជាតិ​ឡើង​កាន់​តែ​ខ្ពស់​៕

លោកអ្នកអាច Download Chief Easy Appនៅទីនេះ
App Store : https://apple.co/3A1kXzD
Google Play : https://bit.ly/2WrWBkK
☎️ 089 900 878
☎️ 010 900 878
☎️ 097 9 900 878
📩 info@chiefbank.com.kh
🌎 www.chiefbank.com.kh

LEAVE A REPLY

Please enter your comment!
Please enter your name here