ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសមានស្ថិរភាពនៅថ្ងៃអង្គារនេះ ខណៈអ្នកចូលរួមទីផ្សារបានរក្សាជំហរប្រុងប្រយ័ត្ន និងកំពុងរង់ចាំការណែនាំបន្ថែមរបស់ប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powellនៅក្នុងសប្តាហ៍នេះ។
មាស Spot Gold បានរក្សាតម្លៃរបស់ខ្លួននៅត្រឹម១៩៥០,៨៩ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង 0027 GMT បន្ទាប់ពីបានធ្លាក់ថ្លៃកាលពីថ្ងៃច័ន្ទ។ តម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៤% មកនៅត្រឹម១៩៦២,៦០ដុល្លារក្នុងមួយអោន។
ឥឡូវនេះ ទីផ្សារកំពុងរង់ចាំសក្ខីកម្មរបស់ លោក Jerome Powell ដែលត្រូវចេញផ្សាយនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សម្រាប់ការចង្អុលបង្ហាញអំពីអត្រាការប្រាក់នាពេលអនាគត បន្ទាប់ពីមានការផ្អាកមិនច្បាស់លាស់លើការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ។
ឥឡូវនេះ ក្រុមពាណិជ្ជករកំពុងកំណត់តម្លៃក្នុងឱកាសប្រហែល៧៤% នៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក Fed នៅក្នុងខែកក្កដាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME Fedwatch ។
យោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters បង្ហាញថា មានការរំពឹងទុកយ៉ាងទូលំទូលាយថាប្រទេសចិន នឹងបញ្ចុះអត្រាការប្រាក់គោលនៅថ្ងៃអង្គារ ទី២០ ខែមិថុនា នេះដែលជាការបន្ធូរបន្ថយលើកដំបូងក្នុងពេល១០ខែកន្លងមកនេះ។
ប្រធានធនាគារកណ្តាលរបស់ប្រទេសស្លូវ៉ាគីបានលើកឡើងថា បន្ថែមពីលើនេះ ធនាគារកណ្តាលអឺរ៉ុបគួរតែដំឡើងអត្រាការប្រាក់ម្តងទៀតក្នុងខែកក្កដា ខណៈដែលធនាគារកណ្តាលអង់គ្លេសត្រូវបានគេរំពឹងថា នឹងដំឡើងអត្រាការប្រាក់ចំនួន២៥ចំណុចមូលដ្ឋានផ្សេងទៀតនៅថ្ងៃព្រហស្បតិ៍។
តម្លៃ Spot silver បានកើនឡើង០,២% ដល់២៣,៩៩៤ដុល្លារក្នុងមួយអោន តម្លៃ palladium បានកើនឡើង០,៣%ទៅដល់១៤១០,៣៦ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនធ្លាក់ចុះ០,២%មកនៅត្រឹមតែ៩៧៣,៦៣ដុល្លារក្នុងមួយអោន៕