អ្នកជំនាញណែនាំឱ្យវិនិយោគនៅប្រទេសចិន ដើម្បីដើរស្របតាមនិន្នាការនៃកំណើនសេដ្ឋកិច្ច

ដោយ: គង់ លាងហួរ

អន្តរជាតិ: អ្នកជំនាញជាច្រើនបានផ្តល់ដំបូន្មាន ដល់វិនិយោគិនឱ្យបង្វែរការយកចិត្តទុកដាក់របស់ពួកគេ ទៅលើភាគហ៊ុនរបស់ប្រទេ សចិន ដើម្បីឲ្យស្របតាមនិន្នាការនៃកំណើនសេដ្ឋកិច្ច។

លោក Robert Penaloza នាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម Abrdn Thailand បានលើកឡើងថា ប្រទេស​ចិន​កំពុង​ទាក់ទាញ​ការ​ផ្តោត​អារម្មណ៍ ​របស់​អ្នក​វិនិយោគ​សកល ​ក្នុង​ពិភពលោក​មួយ ដែល​សេដ្ឋកិច្ចប្រទេស​ជាច្រើនកំពុង​វិវត្តន៍ ​ក្នុង​ល្បឿន​មិន​ធ្លាប់​មាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា “ប្រទេសចិនមានប្រជាជន១,៤ពាន់លាននាក់ និងមាននិស្សិត៤,៧លាននាក់ ដែលបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យជារៀងរាល់ឆ្នាំ”។ លោកបានបន្ថែមថា “សេដ្ឋកិច្ចរបស់ប្រទេសចិនឥឡូវនេះ នាំមុខគេលើពិភពលោក ក្នុងវិស័យកសិកម្ម និងថាមពលកកើតឡើងវិញ”។

លោក​បាន​បន្ត​ឱ្យដឹងទៀតថា ប្រទេស​ចិន​កំពុង​បោះទុនវិនិយោ​គ​ជាង១,៤ពាន់​ពាន់​លាន​ដុល្លារ ​ទៅក្នុង​បច្ចេកវិទ្យា​ថ្មី​ៗ​ជា​ពិសេស​ក្នុង​វិស័យ​បញ្ញា​សិប្បនិម្មិត​។ ជាលទ្ធផល ទីផ្សារភាគហ៊ុនចិន A-share គឺជារលកនៃឱកាស ដែលអាចបង្កឱ្យមានការផ្លាស់ប្តូរ ការវិនិយោគពេញមួយជីវិត។

ទីផ្សារភាគហ៊ុនចិន A-share មានក្រុមហ៊ុនជាច្រើនចុះបញ្ជីនៅផ្សារហ៊ុនសៀងហៃ និងផ្សារហ៊ុន Shenzhen ហើយ៩០ភាគរយនៃអ្នកវិនិយោគសរុប គឺជាអ្នកវិនិយោគលក់រាយ ខណៈដែលមានតែ១០ភាគរយប៉ុណ្ណោះជាជនបរទេស។

ទីផ្សារភាគហ៊ុនចិនA-share ជួញដូរជាប្រាក់យ័នចិន ហើយខុសពីទីផ្សារភាគហ៊ុន B-share  ដែលប្រើរូបិយប័ណ្ណបរទេស និងផ្តល់ភាគហ៊ុន ដែលអាចរកបានយ៉ាងទូលំទូលាយ សម្រាប់អ្នកវិនិយោគបរទេស។

សេដ្ឋកិច្ច​ចិន​កំពុង​ងើប​ឡើង​វិញ

លោកស្រីសាស្ត្រាចារ្យ Aksornsri Phanishsarn អ្នកជំនាញសេដ្ឋកិច្ចចិន នៅមហាវិទ្យាល័យសេដ្ឋកិច្ច នៃសកលវិទ្យាល័យ Thammasat បានមានប្រសាសន៍ថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានងើបចេញពីវិបត្តិ ប៉ុន្តែនៅតែស្ថិតក្នុងរបៀប នៃការងើបឡើងវិញ ហើ​យអាចត្រូវការពេលវេលា ដើម្បីវិលត្រឡប់ទៅរក១០០%ឡើងវិញ។

លោកស្រីក៏បានលើកឡើង ពីហេតុផលដើម្បីឱ្យវិនិយោគិនមានទំនុកចិត្ត លើការគ្រប់គ្រងសេដ្ឋកិច្ច របស់រដ្ឋាភិបាលចិនផងដែរ។  ក្នុង​ចំណោម​នោះ សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ​នឹង​ត្រូវ​បាន​ជំរុញ​ដោយ​មនុស្ស​ជំនាន់​ថ្មី​ ដែល​មាន​ការ​រីក​ចម្រើន និង​ជាតិនិយម​ដែល​គេ​ស្គាល់​ថា​ជា“ជំនាន់Xi”។

លោកស្រី​បាន​បន្ត​ថា​ “រដ្ឋាភិបាល​ចិន​ពេល​នេះ ​កំពុង​ព្យាយាម​គ្រប់​យ៉ាង ​ក្នុង​គោលនយោបាយ​រូបិយវត្ថុ​របស់​ខ្លួន ​ដើម្បី​លើកទឹកចិត្ត​ប្រជាជន​ចិន​ឱ្យ​ចំណាយ​ប្រាក់ និង​រក្សា​សេដ្ឋកិច្ច​ឱ្យ​ដើរ​ទៅ​មុខ​”។

លោកស្រីបានបន្ថែមថា “ប្រទេសចិន ក៏កំពុងផ្តោតលើសេដ្ឋកិច្ចដែលជំរុញដោយទិន្នន័យ និងការផលិតនៅក្នុងស្រុក ជាជាងការនាំចូល ដើម្បីបន្ធូរបន្ថយការពឹងផ្អែកលើបរទេសផងដែរ”។

ទោះជាយ៉ាងណាក្តី លោកស្រីក៏បានក្រើនរំលឹកផងដែរថា បញ្ហាភូមិសាស្ត្រានយោបាយ​ អាចបង្កបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន ដោយលើកឡើងពីសង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន និងភាពតានតឹងជុំវិញឯករាជ្យភាពរបស់តៃវ៉ាន់។

លោកស្រី​បាន​បញ្ជាក់ទៀតថា ការ​យក​កោះ​តៃវ៉ាន់​មក​ធ្វើជា​ទឹកដី​របស់ប្រទេសចិន​វិញ ​គឺជា​គោលដៅ​សំខាន់​របស់​រដ្ឋាភិបាល​លោកប្រធានាធិបតី ស៊ី ជីនពីង៕

LEAVE A REPLY

Please enter your comment!
Please enter your name here